KiMEDIA

លោក ខឹម វាសនា អះអាង​ថា​នឹង​មិន​ឈប់​ជេរ​ទេ​បើ​សិន​មិន​ទាន់​ឈ្នះ​ឆ្នោត

ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា ថ្លែង​ក្នុង​សមាជ​គណបក្ស​នៅ​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Morm Moniroth

ដោយ ម៉ម មុនីរតន៍ RFA 2016-06-26

មេ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) បញ្ជាក់​ជំហរ​ថា គណបក្ស​នេះ​នឹង​នៅ​តែ​បន្ត​សារ​នយោបាយ​ដ៏​សំខាន់​ក្នុង​ចំណោម​គោល​នយោបាយ​របស់​គណបក្ស​នេះ គឺ​ការ​ប្រើ​ពាក្យពេចន៍​ជេរ​ប្រមាថ។ ថ្លែង​នៅ​ក្នុង​​ខួប ១០​ឆ្នាំ​គណបក្ស លោក ខឹម វាសនា អះអាង​ថា បើ​ទោះ​មាន​ការ​រិះគន់​ថា ការ​ប្រើប្រាស់​ពាក្យ​អសុរោះ​មិន​សមរម្យ​បែប​ណា ក៏​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នឹង​មិន​រុញរា​ក្នុង​ការ​ប្រើប្រាស់​ដែរ។

ផ្ទុយ​ពី​ការ​យល់​ឃើញ​របស់​លោក ខឹម វាសនា អ្នក​វិភាគ​នយោបាយ​ចាត់​ទុក​ថា ការ​ជេរ​ប្រមាថ​វា​ពុំ​មែន​ជា​ជម្រើស និង​ជា​គំរូ​ល្អ​ឡើយ​សម្រាប់​មេ​ដឹក​នាំ​រដ្ឋ ឬ​មេ​ដឹក​នាំ​គណបក្ស​មួយ ដែល​ចាំបាច់​ជ្រើស​រើស​គោល​គំនិត​នេះ​ក្នុង​កម្មវិធី​នយោបាយ​របស់​ខ្លួន។

ការ​ថ្លែង​ដូច​នេះ​របស់​លោក មាស នី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម បន្ទាប់​ពី​លោក ខឹម វាសនា មេ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ អះអាង​ជា​ថ្មី​នៅ​ក្នុង​ខួប ​១០​ឆ្នាំ​គណបក្ស​ថា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ មិន​បោះបង់​ចោល​ឡើយ​ការ​ប្រើ​ភាសា​ជេរ​ប្រមាថ​ជា​សាធារណៈ​នេះ។ លោក មាស នី មើល​ឃើញ​ថា នេះ​ជា​រឿង​ដ៏​គ្រោះថ្នាក់​សម្រាប់​ជាតិ និង​ជា​គំរូ​មិន​ល្អ​ទៅ​វិញ​ទេ ប្រសិន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ យល់​ឃើញ​ថា ពាក្យពេចន៍​នៃ​ការ​ជេរ​ប្រមាថ គឺ​ជា​អាយុ​ជីវិត​ស្លាប់​រស់​របស់​បក្ស​មួយ​នេះ។

លោក​បន្ត​ថា ការ​ប្រើប្រាស់​កាយវិការ ឬ​ពាក្យ​សម្ដី បញ្ជាក់​ពី​សេចក្ដី​ថ្លៃថ្នូរ និង​ក្រម​សីលធម៌​របស់​បុគ្គល។ ម្យ៉ាង ប្រសិន​បើ​មេ​ដឹក​នាំ​មួយ​ព្យាយាម​បង្កើត​គំនិត​ដែល​មជ្ឈដ្ឋាន​យល់​ឃើញ​ថា​ជា​ឧបសគ្គ ឬ​ជា​ភាសា​ស្មោកគ្រោក​ទៅ​ហើយ ប៉ុន្តែ​នៅ​តែ​បន្ត​អនុវត្ត​ថា​ជា​រឿង​ត្រឹមត្រូវ​ទៀត នោះ​មាន​ន័យ​ថា អាច​នឹង​ធ្វើ​ឲ្យ​សង្គម​បាត់បង់​សេចក្ដី​ថ្លៃថ្នូរ ពោរពេញ​ដោយ​ហិង្សា និង​ជា​វប្បធម៌​ចងអាឃាត​គ្នា​ទៅ​វិញ។ លោក​បន្ត​ថា «ការ​ធ្វើ​នយោបាយ​ដែល​កើត​ចេញ​ពី​កំហឹង​ផ្ទាល់​ខ្លួន ខ្ញុំ​គិត​ថា​ជា​រឿង​គ្រោះថ្នាក់​សម្រាប់​សង្គម​ជាតិ​ទៅ​ថ្ងៃ​មុខ»។

អ្នក​គាំទ្រ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ចូលរួម​ខួប ១០​ឆ្នាំ​គណបក្ស នា​ទីស្នាក់ការ​កណ្ដាល ឋិត​នៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Morm Moniroth

ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​នៅ​ទីស្នាក់ការ​កណ្ដាល ឋិត​នៅ​ខណ្ឌ​ទួលគោក កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា អះអាង​ថា ភាសា​ជេរ​ប្រមាថ​នេះ​វា​ពុំ​មែន​ជា​រឿង​អាក្រក់​ស្ដាប់​ឡើយ។ ផ្ទុយ​ទៅ​វិញ ភាសា​នេះ​គឺ​ជា​ការ​ដាស់តឿន​ឲ្យ​មនុស្ស​គ្រប់​រូប​ចេះ​ភ្ញាក់​រឭក​ប៉ុណ្ណោះ។ ម្យ៉ាង​វិញ​ទៀត លោក ខឹម វាសនា បង្ហាញ​មោទនភាព​ថា ដោយសារ​គណបក្ស​ចេះ​ប្រើប្រាស់​ភាសា​នេះ​ហើយ បាន​រហូត​មក​ដល់​ពេល​នេះ​មាន​អ្នក​គាំទ្រ​លើសលប់។ មិន​តែ​ប៉ុណ្ណោះ ដើរ​មិន​ទាន់​ដល់​វគ្គ​បោះឆ្នោត​ស្រួលបួល​នៅ​ឡើយ​ផង គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ពី​អ្នក​គាំទ្រ​រួច​ទៅ​ហើយ គឺ​រថយន្ត​ទំនើប​មួយ​គ្រឿង​ប្រភេទ​ម៉ាស្តា (Mazda) សេរី​ឆ្នាំ​២០១៦ ដ៏​ថ្មី​ស្រឡាង​នៅ​ពេល​នេះ។ លោក​បន្ត​ថា «គេ​សួរ​ថា​ឡាន​ហ្នឹង​បាន​ដោយសារ​អី? ឈ្នះ​ពាន​រង្វាន់​ជេរ។ ប្រកាស​ឲ្យ​ហើយ ២០១៨ ពាក្យ​មួយ​ទៀត​ហើយ។ ២០១៨ ចេញ​រួច។ និយាយ​គ្នា​រួច​ហើយ ពូ​ត្រូវ​យក​មួយ​ទៀត​អា​ថ្លៃ​ជាង​ហ្នឹង​ទៀត»។

គិត​មក​ដល់​ពេល​នេះ ភាសា ឬ​ពាក្យពេចន៍​ដែល​គេ​តែង​ឮ​ជា​ហូរហែ​ចេញ​ពី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​នោះ គឺ​អញ ឯង អា​សំគិស ល្ងង់ និង​ភ្លើ​ឡប់​ជាដើម។ ​ជុំវិញ​បញ្ហា​នេះ អ្នក​វិភាគ​យល់​ឃើញ​ថា ធ្វើ​ជា​មេ​ដឹក​នាំ គឺ​ជា​គំរូ​ល្អ រាប់​ចាប់​តាំង​ពី​ដំណើរ​ឡើង​ទៅ មិន​ថា​សូម្បី​ការ​ប្រើប្រាស់​ភាសា​និយាយ​នោះ​ទេ។ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ការ​ជ្រើស​រើស​មេ​ដឹក​នាំ​មួយ គឺ​ពលរដ្ឋ​ពិនិត្យ​យ៉ាង​ល្អិតល្អន់​តាំង​ពី​អាកប្បកិរិយា ភាសា ក្រម​សីលធម៌ និង​រហូត​កម្មវិធី​នយោបាយ។

បើ​ទោះ​ជា​បែប​ណា មាត្រា​៤១ នៃ​រដ្ឋធម្មនុញ្ញ​កំណត់​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ និង​សេរីភាព​ក្នុង​ការ​ប្រជុំ​ជាដើម។ បើ​ទោះ​ជា​មាន​ការ​គាំពារ​ដោយ​ច្បាប់​កំពូល​បែប​នេះ​ក៏ដោយ​ចុះ លោក មាស នី យល់​ឃើញ​ថា ការ​ប្រើប្រាស់​ភាសា​អសុរោះ​ដូច​នេះ នឹង​បង្កើត​ទៅ​ជា​ហិង្សា​ផ្លូវ​ចិត្ត​ដ៏​ធ្ងន់ធ្ងរ​នៅ​ក្នុង​សង្គម។ រឹត​តែ​ជា​បញ្ហា​នោះ គឺ​ជា​ទម្រង់​មួយ​ដែល​ឈាន​ទៅ​រក​ការ​បែក​បាក់​សាមគ្គី និង​ជា​ទម្លាប់​ដ៏​អាក្រក់​ថែម​ទៀត។

ផ្ទុយ​ពី​នេះ​វិញ លោក ខឹម វាសនា និយាយ​ដោយ​មោទនភាព​នៅ​ក្នុង​ខួប​បក្ស ១០​ឆ្នាំ នៅ​ទីស្នាក់ការ​កណ្ដាល ថា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ អាច​នឹង​មាន​ភាសា​នៃ​ការ​ជេរ​ទំនើប​ជាង​នេះ និង​នៅ​តែ​បន្ត​ជេរ​ប្រមាថ​ទៀត​មិន​រាថយ​ឡើយ។ ប្រមុខ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ យល់​ឃើញ​ថា គេ​មិន​គួរ​ទប់ស្កាត់​ការ​ជេរ​ប្រមាថ​ឡើយ ដោយ​លោក ខឹម វាសនា ប្រៀបធៀប​ថា ការ​ប្រើប្រាស់​ភាសា​ទាំង​នេះ​គ្រាន់​តែ​ជា​ផល​ប៉ុណ្ណោះ មិន​ត្រូវ​ចង​កំហឹង​បែប​នេះ​ឡើយ។ លោក​បន្ត​ថា «សម្ព័ន្ធ​ជេរ គឺ​ជា​ផល​ណា​បង​ប្អូន មិន​មែន​ជា​ហេតុ​ទេ​ណា។ អ្នក​ចង់​ដោះស្រាយ​បញ្ហា​ទី​១ ត្រូវ​មាន​សីលធម៌។ កុំ​មក​បង្ក្រាប​ផល សូម​ទៅ​បង្ក្រាប​ហេតុ»។

សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ សរសេរ​ថា បក្ស​នេះ​គឺ​ជា​បក្ស​ប្រឆាំង​មួយ​ដ៏​ពិត​ប្រាកដ​នៅ​កម្ពុជា ប៉ុន្តែ​នឹង​ធ្វើ​ការ​ដោយ​ទន់ភ្លន់​ជាមួយ​រដ្ឋាភិបាល។ ជុំវិញ​បញ្ហា​នេះ អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ នេះ​អាច​នឹង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ទៀត ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត។

មាន​ហេតុផល​មួយ​ចំនួន​ក្នុង​ចំណោម​ហេតុផល​ដទៃ​ទៀត គឺ​ការ​បង្កើត​វប្បធម៌​ជេរ​ប្រមាថ។ ជា​ញឹកញាប់ គេ​សង្កេត​ឃើញ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ តែង​រិះគន់ និង​វាយ​ប្រហារ​បក្ស​ប្រឆាំង តែ​កម្រ​ឃើញ​រិះគន់​រដ្ឋាភិបាល។ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៦។ ចាប់​តាំង​ពី​បង្កើត​ប្រមាណ ១០​ឆ្នាំ​មក​នេះ មិន​ដែល​ជាប់​អាសនៈ​នៅ​ក្នុង​សភា​ទេ តែ​បាន​ជាប់​ជា​ក្រុមប្រឹក្សា​ឃុំ​នៅ​ខេត្ត​មួយ​ចំនួន ដូចជា​នៅ​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​សៀមរាប ជាដើម៕

Source link

ពលរដ្ឋ​ខ្មែរ​៥៤.០០០​នាក់​ប្រឡង​តេស្ដ​សមត្ថភាព​ដើម្បី​បាន​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ

ពលរដ្ឋ​ដាក់​ពាក្យ​ប្រឡង​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Chin Chetha

ដោយ ថា កិត្យា RFA 2016-06-26

ឆ្នាំ​២០១៦ នេះ ប្រទេស​កូរ៉េ​ខាង​ត្បូង នឹង​ជ្រើស​រើស​យក​ពលករ​កម្ពុជា ដើម្បី​ទៅ​បម្រើ​ការងារ​នៅ​ប្រទេស​របស់​ខ្លួន​ជិត ១​ម៉ឺន​នាក់។ ការ​ជ្រើស​រើស​នេះ ធ្វើ​ឡើង​តាម​រយៈ​ការ​ប្រឡង​តេស្ដ​សមត្ថភាព​ភាសា​កូរ៉េ ដែល​មាន​រយៈពេល​ពីរ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៦ ខែ​មិថុនា។ បេក្ខជន​ដែល​ចូលរួម​ប្រឡង​មួយ​ចំនួន​អះអាង​ថា បញ្ហា​ជីវភាព​គឺ​ជា​កត្តា​ចម្បង​ដែល​ជំរុញ​ឲ្យ​ពួក​គាត់​ប្រាថ្នា​ចង់​ទៅ​បម្រើ​ការងារ​ប្រទេស​កូរ៉េ។ អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​ថា និកម្មភាព ឬ​ភាព​គ្មាន​ការងារ​ធ្វើ​ក្នុង​ស្រុក​របស់​ពលរដ្ឋ​កម្ពុជា គឺ​ជា​វិបត្តិ​សង្គម​ដែល​ត្រូវ​ដោះស្រាយ។

ជា​រៀង​រាល់​ឆ្នាំ ពលរដ្ឋ​កម្ពុជា នៅ​តែ​បន្ត​ចំណាក​ស្រុក​ស្វែងរក​ការងារ​ធ្វើ​ជា​បន្តបន្ទាប់។ នៅ​ឆ្នាំ​២០១៦ នេះ ប្រទេស​កូរ៉េ​ខាង​ត្បូង នឹង​ស្រូប​យក​មនុស្ស​ពេញ​កម្លាំង​ចំនួន ៩.៤០០​នាក់​ពី​កម្ពុជា ដែល​ចំនួន​នេះ​បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ​កើន​ឡើង​ជាង ៣​ពាន់​នាក់ ខណៈ​ដែល​ចំនួន​បេក្ខជន​ចូលរួម​ប្រឡង​មាន​ចំនួន ៥​ម៉ឺន ៤​ពាន់​នាក់។

រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​គណៈកម្មាធិការ​បណ្តុះបណ្តាល និង​បញ្ជូន​ពលករ​ទៅ​បរទេស លោក ពេជ សោភ័ន ឲ្យ​ដឹង​ថា ក្រសួង​មុខ​របរ និង​ការងារ​នៃ​សាធារណរដ្ឋ​កូរ៉េ ត្រូវ​ការ​ពលរដ្ឋ​កម្ពុជា ទៅ​បម្រើ​ការងារ​ខាង​ផ្នែក​វិស័យ​ឧស្សាហកម្ម​ចំនួន ៤.៧០០​នាក់ វិស័យ​សំណង់​ចំនួន ១​ពាន់​នាក់ និង​វិស័យ​កសិកម្ម​ចំនួន ៣.៧០០​នាក់។

លោក ពេជ សោភ័ន ក៏​បាន​លើក​ឡើង​ដែរ​ថា ភាគី​កូរ៉េ ពេញ​ចិត្ត​ចំពោះ​ពលករ​កម្ពុជា ហើយ​រដ្ឋាភិបាល​កម្ពុជា ជំរុញ​ឲ្យ​កូរ៉េ បន្ថែម​ទទួល​យក​ពលករ​ពី​កម្ពុជា ទៅ​បម្រើ​ការងារ​បន្ថែម​ទៀត​ផង​ដែរ។

ក្រៅ​ពី​កូរ៉េ​ខាង​ត្បូង នោះ កន្លង​មក​រដ្ឋាភិបាល​កម្ពុជា ក៏​ធ្លាប់​សំណូមពរ​ប្រទេស​មួយ​ចំនួន​ទៀត ដូចជា​ម៉ាឡេស៊ី ជាដើម ឲ្យ​បន្ត​ទទួល​យក​ពលរដ្ឋ​កម្ពុជា ទៅ​ធ្វើ​ការ​ផង​ដែរ ទោះ​បី​ជា​ព័ត៌មាន​ពី​ពលករ​ខ្មែរ​រងគ្រោះ​ដោយសារ​ថៅកែ​ធ្វើ​បាប​កើត​ឡើង​ជា​ហូរហែ​ក្តី។

បុរស​ម្នាក់​ឈ្មោះ សុ ច័ន្ទ មក​ពី​ខេត្ត​តាកែវ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ក្រោយ​ពី​ប្រឡង​តេស្ដ​សមត្ថភាព​ភាសា​កូរ៉េ នៅ​វិទ្យាល័យ ជា ស៊ីម សាមគ្គី ក្រុង​ភ្នំពេញ​ថា មូលហេតុ​ដែល​លោក​ប្រាថ្នា​ទៅ​កូរ៉េ ចោល​ប្រពន្ធ​កូន​មួយ​រយៈ​នោះ ដោយសារ​កត្តា​ជីវភាព ផ្ដើម​ចេញ​ពី​ទីផ្សារ​ការងារ​នៅ​ក្នុង​ស្រុក​មិន​មាន​គ្រប់គ្រាន់ ប្រាក់​បៀវត្សរ៍​តិច គួបផ្សំ​នឹង​ការ​អប់រំ​ផង។ លោក​យល់​ថា ប្រសិន​បើ​រាជ​រដ្ឋាភិបាល​បង្កើត​ការងារ​ឲ្យ​បាន​ច្រើន និង​មាន​ប្រាក់​ខែ​សមរម្យ គឺ​ធ្វើ​ឲ្យ​យុវជន នឹង​ងាក​មក​រក​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក​ជាក់​ជា​មិន​ខាន៖ «»។

មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ បេក្ខជន​ដែល​ប្រឡង​ទៅ​ប្រទេស​កូរ៉េ ជាច្រើន​នាក់​ទៀត សុទ្ធតែ​លើក​ឡើង​ថា ពួក​គាត់​ពិបាក​រក​ការងារ​ធ្វើ​ក្នុង​ស្រុក ហើយ​បើ​ទោះ​បី​ជា​មាន​ការងារ​ធ្វើ ក៏ប៉ុន្តែ​ប្រាក់​ខែ​ទាប មិន​អាច​ឲ្យ​ពួក​គាត់​មាន​ជីវភាព​សមរម្យ​ឡើយ។ ម្ល៉េះ​ហើយ ទើប​បង្ខំ​ចិត្ត​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​កូរ៉េ ឬ​ប្រទេស​ផ្សេង​ទៀត​ដែល​មាន​ប្រាក់​ខែ​ខ្ពស់។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា និកម្មភាព ឬ​ភាព​គ្មាន​ការងារ​ធ្វើ​ក្នុង​ស្រុក​របស់​ពលរដ្ឋ​កម្ពុជា គឺ​ជា​វិបត្តិ​សង្គម ឬ​ជា​សញ្ញា​អាសន្ន​មួយ​ដែល​ត្រូវ​ដោះស្រាយ។ លោក​ថា កាលណា​យុវជន​បន្ត​ចេញ​ទៅ​រក​ការងារ​នៅ​ក្រៅ​ប្រទេស​បែប​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា យុវជន​បាន​ចាក​ចេញ​ពី​របៀបវារៈ​នៃ​ការ​អភិវឌ្ឍ​ប្រទេស៖ «»។

លោក កែម ឡី យល់​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ចំណាក​ស្រុក​នេះ គឺ​រដ្ឋាភិបាល​ត្រូវ​រៀបចំ​ច្បាប់​ចូល​និវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទុក​ឱកាស​ឲ្យ​យុវជន​ជំនាន់​ក្រោយ​បន្ត​វេន។ ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​ត្រូវ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​ឲ្យ​មាន​ប្រសិទ្ធភាព ព្រោះ​ថា បច្ចុប្បន្ន​នេះ​ជនជាតិ​វៀតណាម ខុស​ច្បាប់​ជាច្រើន បាន​ដណ្ដើម​ការងារ​យុវជន​ខ្មែរ​ស្ទើរ​គ្រប់​វិស័យ។ រីឯ​បញ្ហា​អភិវឌ្ឍន៍​ភូមិ-ឃុំ ក៏​ជា​រឿង​ដែល​រដ្ឋាភិបាល​មិន​ត្រូវ​មើល​រំលង​ដែរ។

អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បន្ថែម​ថា នៅ​មាន​បញ្ហា​ជាច្រើន​ទៀត​ដែល​រដ្ឋាភិបាល​ត្រូវ​គិតគូរ ដូចជា​ពង្រឹង និង​បង្កើន​ការងារ​ពី​វិស័យ​កសិកម្ម វិស័យ​ឯកជន ពង្រឹង​ច្បាប់​ការងារ ច្បាប់​វិនិយោគ អភិបាលកិច្ច​ល្អ និង​បង្កើន​ទីផ្សារ ជាដើម៕

Source link

លោក ជុន ច័ន្ទបុត្រ​៖ អាជីព​អ្នក​កាសែត​អាច​ជួយ​ពលរដ្ឋ​និង​សង្គម​ជាតិ

លោក ​ជុន ​ច័ន្ទបុត្រ​ ជា​​ថ្នាក់​ដឹកនាំ ​និងជា​​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ម្នាក់​ ដែល​កំពុង​ទទួល​បាន​ការ​គំាទ្រ​ពី​អ្នក​ស្តាប់។

ដោយ អ៊ឹម ណាវិនrfi ចុះផ្សាយ​នៅ​ថ្ងៃ 24/06/2016

លោក ជុន ច័ន្ទបុត្រ ជា​ថ្នាក់​ដឹកនាំ និង​ជា​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ម្នាក់ ដែល​កំពុង​ទទួល​បាន​ការ​គំាទ្រ​ពី​អ្នក​ស្តាប់។ ជា​ក្មេង​កំព្រា​តំាង​ពី​អាយុ​១៣​ឆ្នាំ នៅ​ក្រោយ​របប​ខ្មែរ​ក្រហម លោក បាន​ប្រឹង​ប្រែង រស់ រៀន​សូត្រ​ដោយ​ខ្លួន​ឯង។ លោក​ជុន ច័ន្ទបុត្រ ធ្វើការ​នៅ​ក្នុង​វិទ្យុ​អាស៊ី​សេរី​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ជិត​២០​ឆ្នាំ​មក​ហើយ។ មក​ដល់​ពេល​នេះ គាត់ គ្មាន​បំណង​ទៅ​ប្រកប​ការងារ​អ្វី​ក្រៅ ពី​អ្នក​កាសែត នេះ​ឡើយ។ អាជីព​អ្នក​កាសែត​វិទ្យុ ដែល​លោក​ចូល​ចិត្ត និង​ជា​ការងារ​មួយ ដែល​លោក​អាច​ជួយ​ពលរដ្ឋ​និង​សង្គម​បាន។

Source link

យុវជន​បង្ហាញ​វិបត្តិ​សត្វព្រៃ​កម្ពុជា​តាម​រយៈ​ស្នាដៃ​ពិព័រណ៍​រូបភាព​និង​ម៉ូត​សម្លៀក​បំពាក់

អ្នក​រៀបចំ​ព្រឹត្តិការណ៍ "គម្រោង​ព្រៃ" លោក បូ សកលកិត្យា។  Photo supplied

ដោយ សាន សែល RFA  2016-06-25

ក្រុម​យុវជន​មួយ​ក្រុម​​នៅ​ល្ងាច​​ថ្ងៃ​ទី​២៥ ខែ​មិថុនា នេះ រៀបចំ​ព្រឹត្តិការណ៍​សិល្បៈ​ចម្រុះ​បែប​ដែល​មាន​ឈ្មោះ​ថា “គម្រោង​ព្រៃ” ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​ស្ដីពី​សត្វព្រៃ។ ការ​រៀបចំ​នេះ គឺ​នៅ​ពេល​ដែល​សត្វ​ព្រៃ​នៅ​កម្ពុជា កំពុង​រង​ការ​វិនាស។

ព្រឹត្តិការណ៍​នេះ រៀបចំ​ដោយ​អេកូយុវទូត ក្រុម​ភ្លើងគប់ អ្នក​ផាត់​មុខ​អែបផល (Apple) ដោយ​សហការ​ជាមួយ​ក្រសួង​បរិស្ថាន។

អ្នករៀបចំ​ព្រឹត្តិការណ៍ “គម្រោង​ព្រៃ” ម្នាក់ គឺ​លោក បូ សកលកិត្យា វ័យ ២៥​ឆ្នាំ ឲ្យ​ដឹង​ថា កម្មវិធី​នេះ​មាន​ការ​តាំង​បង្ហាញ​រូបភាព​បែប​សិល្បៈ ​ការ​ដើរ​បង្ហាញ​ម៉ូត​សម្លៀក​បំពាក់​ធ្វើ​ពី​សំរាម និង​ការ​សម្ដែង​ល្ខោន​ស្បែក​តូច។ ចំពោះ​ការ​តាំង​ពិពិរណ៍​រូបភាព នឹង​ធ្វើ​បន្ដ​រហូត​ដល់​ថ្ងៃ​ទី​២ ខែ​កក្កដា។

លោក កិត្យា បញ្ជាក់​ថា ព្រឹត្តិការណ៍ “គម្រោង​ព្រៃ” បង្ហាញ​ពី​ស្ថានភាព​វិបត្តិ​ធ្ងន់ធ្ងរ​របស់​សត្វព្រៃ ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​សិល្បៈ ម៉ូត​សម្លៀកបំពាក់ និង​ការ​ចែក​រំលែក​ចំណេះ​ដឹង​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​បញ្ហា​នេះ។

សូម​ស្ដាប់​រង់ចាំ​ស្ដាប់​បទសម្ភាសន៍​រវាង​លោក សាន សែល និង​លោក បូ សកលកិត្យា អ្នក​រៀបចំ​ព្រឹត្តិការណ៍ “គម្រោង​ព្រៃ” នេះ​បន្ថែម…

Source link

យុវជន​នគររាជ​ធ្វើ​ទស្សនាចរ​ដើម្បី​ទីផ្សារ​អចលនទ្រព្យ​និង​ការងារ​មនុស្សធម៌​នៅ​មណ្ឌលគិរី

ក្រុម​យុវជន​នគររាជ លើក​បដា​នៅ​កណ្ដាល​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី អំពី​ដំណើរ​ទេសចរណ៍​មនុស្ស​ធម៌ នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៦។  RFA/Ratha Visal

ដោយ រដ្ឋា វិសាល RFA 2016-06-25

យុវជន​មួយ​ក្រុម​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទេសចរណ៍​មក​កាន់​ខេត្ត​មណ្ឌលគិរី ដើម្បី​ស្វែង​យល់​ពី​វិស័យ​អចលនទ្រព្យ​នា​ខេត្ត​ប៉ែក​ឦសាន​មួយ​នេះ។ ដំណើរ​ទស្សនាចរ​របស់​ក្រុម​យុវជន​នេះ​ក៏​ផ្តោត​ជា​សំខាន់​ដើម្បី​លើក​ស្ទួយ​ការងារ​មនុស្សធម៌​ផង​ដែរ។

​បដា​មាន​អត្ត​ន័យ​ទេសចរណ៍​ដើម្បី​មនុស្សធម៌​ត្រូវ​បាន​យុវជន​យុវនារី​នគររាជ មាន​គ្នា​ជិត ៣០​នាក់ លើក​បង្ហាញ​សាធារណជន​នៅ​រង្វង់​មូល​រូប​ចម្លាក់​ទន្សោងពីរ នា​កណ្ដាល​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​​២៤ ខែ​មិថុនា។

ការ​លើក​បដា​ពាក្យ​ស្លាក​នេះ​ជា​សារ​បង្ហាញ​សាធារណជន​ពី​ការ​ចូលរួម​របស់​ក្រុម​យុវជន​ក្នុង​សកម្មភាព​សង្គម​គ្រប់​ទីកន្លែង​នៅ​ទូទាំង​ប្រទេស មិន​ថា​តំបន់​ខេត្ត​ដាច់ស្រយាល​ក្តី។

​អតីត​សិល្បករ​ចម្រៀង​ជើង​ចាស់​មួយ​រូប បច្ចុប្បន្ន​ជា​សមាជិក​ក្រុមហ៊ុន​ទីផ្សារ​អចលនទ្រព្យ ក្រុមហ៊ុន អឹម.ឌី.អរ ប្រោបផឺធី (MDR Property) និង​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​នៅ​ខេត្ត​មណ្ឌលគិរី លោក សាន ផានិត បញ្ជាក់​ថា គោលបំណង​នៃ​ការ​បង្កើត​ដំណើរ​ទេសចរណ៍​កម្សាន្ត​របស់​ក្រុម​យុវជន​នគររាជ​នេះ ធ្វើ​ឡើង​ដើម្បី​យុវជន និង​យុវនារី​ស្វែង​យល់​ពី​ទីផ្សារ​ដីធ្លី​នៅ​ខេត្ត​ប៉ែក​ឦសាន ហើយ​ចូលរួម​លើក​ស្ទួយ​វិស័យ​អចលនទ្រព្យ​តាម​រយៈ​ការ​ស្វែង​រក​អ្នក​វិនិយោគ​វិស័យ​កសិឧស្សាហកម្ម​បាន​កាន់​តែ​ច្រើន​មក​អភិវឌ្ឍន៍​នៅ​ខេត្ត​ដាច់​ស្រយាល​ដែល​សម្បូរ​ទៅ​ដោយ​សក្ដានុពល​ដីធ្លី​មាន​ជីជាតិ។

លោក​ថា ប្រាក់​ចំណូល​ពី​ដំណើរ​កម្សាន្ត​របស់​ក្រុម​យុវជន​នគររាជ​នេះ មួយ​ផ្នែក​នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​មូលនិធិ​មនុស្សធម៌​សម្រាប់​ឧបត្ថម្ភ​កុមារ​ក្រីក្រ​ជា​សិស្សានុសិស្ស​នៅ​ខេត្ត​មណ្ឌលគិរី៖ «ខែ​នេះ​រហូត​ខែ​ប្រាំបួន ខែ​ដប់​អត់​ភ្ញៀវ​មែន​ទែន។ អ៊ីចឹង​ខ្ញុំ​ផ្ដួចផ្ដើម​ការងារ​មនុស្ស​ធម៌ ហើយ​យើង​ផ្ដល់​ព័ត៌មាន​សក្ដានុពល​ដី​នៅ​ខេត្ត​មណ្ឌលគិរី ដើម្បី​ធ្វើ​កសិកម្ម និង​ការ​វិនិយោគ​ទៅ​មាន​ផល​ចំណេញ»។

​ក្រុម​យុវជន​នគររាជ​បង្កើត​ឡើង​ដោយ​សមាជិក​សកម្ម​ជា​យុវជន​យុវនារី​សិល្បករ សិប្បករ និស្សិត​ស្ម័គ្រចិត្ត​មាន​គ្នា​ជាង ៣០​នាក់ ឋិត​នៅ ២៤​ខេត្ត​ក្រុង តាំង​ពី​ឆ្នាំ​២០១៥។ ក្រុម​នេះ​ប្រកាន់​យក​ឈ្មោះ​ក្រុម​​តាម​បទ​នគររាជ និមិត្តរូប​អត្តសញ្ញាណ​ភ្លេង​ជាតិ​នៃ​ប្រទេស​កម្ពុជា។

​ស្ថាបនិក​ក្រុម​យុវជន​នគររាជ បច្ចុប្បន្ន​ជា​សិល្បករ​មាន​តួនាទី​ឌីជេ (DJ) រហ័ស​នាម​អាចារ្យ​ធំ គឺ​យុវជន សារម្យ គុណ្ណាស័ក្ដិ កត់សំគាល់​ថា ដំណើរ​កម្សាន្ត​របស់​ក្រុម​យុវជន​នគររាជ នៅ​ខេត្ត​មណ្ឌលគិរី បាន​បំផុស​ចលនា​គាំពារ​សកម្មភាព​មនុស្ស​ធម៌​សង្គម​បាន​កាន់តែ​ទូលំទូលាយ។ លើស​ពី​នេះ​ទៀត ការ​សិក្សា​ពី​ទីផ្សារ​អចលនទ្រព្យ​នៅ​ខេត្ត​មណ្ឌលគិរី គឺ​ជា​ជំហាន​ថ្មី​សម្រាប់​យុវជន​ជួយ​ផ្សព្វផ្សាយ និង​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​វិស័យ​កសិឧស្សាហកម្ម សេវាកម្ម​ទេសចរណ៍​នៅ​តំបន់​ជនជាតិ​ដើម​​ភាគ​តិច​ដោយ​ពឹង​ផ្អែក​ទៅ​លើ​ទីផ្សារ​ដីធ្លី​ក្នុង​ខេត្ត​នេះ៖ «ឲ្យ​បង​ប្អូន​យើង​បើក​បេះដូង បង្កើត​វប្បធម៌​ចែក​រំលែក​មួយ​ខ្មែរ​ជួយ​ខ្មែរ មាន​ន័យ​ថា អ្វី​យើង​អាច​ធ្វើ​បាន​យើង​អាច​ចែក​រំលែក​បាន​ជា​ទឹក​ចិត្ត​ក្តី ជា​ធនធាន​ក្តី ជា​ស្នាម​ញញឹម​ក្តី​ជា​ពេល​វេលា​ក្តី​ដើម្បី​ស្នាម​ញញឹម​ខ្មែរ​ទាំង​អស់​ គ្នា»។

​នេះ​ជា​ដំណើរ​ទស្សនាចរ​លើក​ទី​ពីរ​របស់​ក្រុម​យុវជន​យុវនារី​នគររាជ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ស្រដៀង​គ្នា​នេះ​ធ្វើ​ឡើង​នៅ​ខេត្ត​កោះកុង កាល​ពី​ខែ​មេសា កន្លង​ទៅ ក្នុង​ទិស​ដៅ​ជួយ​លើក​ស្ទួយ​វិស័យ​អប់រំ និង​ធនធាន​មនុស្ស។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក អ៊ាង ម៉េងលី ស្វាគមន៍​ដំណើរ​ទស្សនាចរ​របស់​ក្រុម​យុវជន​នគររាជ​ថា ជា​សកម្មភាព​គំរូ​សម្រាប់​យុវជន​យុវនារី​នៅ​គ្រប់​ខេត្ត​ក្រុង។លោក​អំពាវនាវ​ឲ្យ​យុវជន​យុវនារី​នៅ​ខេត្ត​មណ្ឌលគិរី ចូល​រួម​ចលនា​មនុស្សធម៌​ឲ្យ​បាន​ច្រើន​ដើម្បី​ការ​អភិវឌ្ឍ​នៅ​ខេត្ត​មណ្ឌលគិរី នៅ​ពេល​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត៖ «ខ្ញុំ​គិត​ថា ជា​ការងារ​ល្អ មាន​ប្រយោជន៍​ធំធេង​ក្នុង​វិស័យ​ដីធ្លី និង​ធនធាន​មនុស្ស ដី​វា​អាច​មាន​តម្លៃ។មាន​សារសំខាន់​ធ្វើ​ឲ្យ​បំផុស​ដល់​យុវជន​ជំនាន់​ក្រោយ​ ឲ្យ​យក​គំរូ​យុវជន​នគររាជ»។

​ក្រុម​យុវជន​នគររាជ ចេញ​ដំណើរ​ពី​ខេត្ត​សៀមរាប ចាប់​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្លង​កាត់​ខេត្ត​ព្រះវិហារ ខេត្ត​ស្ទឹងត្រែង មក​ខេត្ត​មណ្ឌលគិរី។ តាម​ការ​គ្រោង​ទុក ដំណើរ​ទស្សនាចរ​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា បន្ទាប់​ពី​ក្រុម​នេះ​ចូលរួម​ចែក​សម្ភារៈ​សិក្សា​ដល់​សិស្ស​ក្រីក្រ​ចំនួន ៣០០​នាក់ នៅ​ភូមិ​ពូតាំង សង្កាត់​រមនា។ ទស្សនវិជ្ជា​របស់​យុវជន​នគររាជ គឺ​ចង់​បាន​ឫស្សី​ដុះ​លូតលាស់​ល្អ​គឺ​ជួយ​ថែទាំ​ទំពាំង​ឲ្យ​មាន​គុណភាព៕

Source link

From KI reader Chhorn Ngin



Source link