ព័ត៌មានខ្មែរ

លោក សម រង្ស៊ី បញ្ជាក់​ពី​គោលជំហរ​របស់​សហព័ន្ធ​សហជីព​អន្តរជាតិ​ចំពោះ​លោក រ៉ុង ឈុន​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បញ្ជាក់ថា សហព័ន្ធ​សហជីព​អន្តរជាតិ ដែល​តំណាង​ឲ្យ​ពលករ ១៨០ លាន​នាក់ ក្នុង​១៦២​ប្រទេស បាន​ព្រមាន​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ មិន​ឲ្យ​ប៉ះពាល់​លោក រ៉ុង ឈុន ដែលជា​អតីត​ប្រធាន​សហភាព​សហជីព​កម្ពុ​ជា ហើយ​បច្ចុប្បន្ន​ជា​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ។​

លោក សម រង្ស៊ី បាន​បញ្ជាក់ថា សហព័ន្ធ​សហជីព​អន្តរជាតិ​បានដឹងថា​អាជ្ញាធរ​ប្រទេស​កម្ពុជា​សព្វថ្ងៃ កំពុង​ប្រើល្បិច​តាមរយៈ​តុលាការ​ដើម្បី​ដក​លោក រ៉ុង ឈុន ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហើយ​ប្រើល្បិច​តាមរយៈ​រដ្ឋសភា មិន​ឲ្យ​មានការ​ជ្រើសរើស​សមាជិក​ឯករាជ្យ​ណា​ម្នាក់ទៀត ជំនួស​លោក រ៉ុង ឈុន នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។  លោក សម រង្ស៊ី បាន​បន្តថា ល្បិច​ទាំងអស់នេះ​មានបំណង​ប៉ះពាល់​តុល្យភាព​ក្នុង​សមាសភាព គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដើម្បី​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា មានឱកាស​លួច​បន្លំ​សន្លឹកឆ្នោត​ដូច​មុន​ទៀត​។​

គួរ​បញ្ជាក់ថា លោក រ៉ុង ឈុន ត្រូវបាន​តុលាការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើហិង្សា​ដោយ​ចេតនា ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ​ដោយ​ចេតនា និង​គំរាមកំហែង​ប្រើ​មធ្យោបាយ​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ ដែល​កើតឡើង​ពី​ការទាមទារ​របស់លោក​នៅ​ផ្លូវ​វេ​ង​ស្រេង ដើម្បី​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​ដល់ក​ម្មករ​និ​យោ​ជិ​ក កាលពី​ឆ្នាំ​២០១៤​។​

ជុំវិញ​បញ្ហា​ខាងលើនេះ អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​បាន​វាយតម្លៃថា ប្រសិនបើ​លោក រ៉ុង ឈុន និង លោក នី ចរិយា អវត្តមាន​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នោះ​ដំណើរការ​នៃ​ការបោះឆ្នោត នឹង​ប្រព្រឹត្តទៅ​ខុស​ប្រក្រតី ហើយ​ជម្លោះ​នយោបាយ អាច​នឹង​ផ្ទុះឡើង ក្នុងអំឡុងពេល​នៃ​ការបោះឆ្នោត និង​ក្រោយ​ការប្រកាស​លទ្ធផល​បោះឆ្នោត ដោយ​មិន​ខុសពី​ទិដ្ឋភាព​នៃ​ការបោះឆ្នោត ក្នុង​អាណត្តិ​មុនៗ​នោះទេ​៕

13343136_1120637537992978_5711192492157094944_n 13407254_1120637564659642_7583742080931195710_n​    ​

Source link

ស្លាប់២នាក់ របួស៧នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ

ស្លាប់២នាក់ របួស៧នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ

13322147_1002430843146103_3696026398036090423_n

​រាជធានី​ភ្នំពេញ​៖​យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៥​លើក (​យប់​១​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់ រងរបួស​ធ្ងន់​៥​នាក់ របួសស្រាល​២​នាក់​។​


​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​៥​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​៩​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៥​គ្រឿង​, រថយន្ត​ធុន​តូច​២, រថយន្ត​ធុន​ធំ​២​គ្រឿង​។​ប្រភព​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៤​លើក មិន​គោរព​សិទ្ធិ​២​លើក មិន​ប្រកាន់​ស្តាំ​៣​លើក​។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​៩​នាក់ (​យប់​៧​នាក់​)​។​
​ជាមួយគ្នា​នោះ​ម្សិលមិញ​លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​២,៦៦៤​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១,២៣៧​គ្រឿង​និង​ពិន័យ​សរុប​១,៤២៧​គ្រឿង​៕

13322147_1002430843146103_3696026398036090423_n

Source link

បទល្មើស​កាប់​ឈើ​ក្រៅ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ស្ដៅ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ពិនិត្យមើល​និង​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​ក្រៅ​បរិវេណ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ជាបន្ទាន់​។ ដោយហេតុថា បច្ចុប្បន្ននេះ​បទល្មើស​នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន​និង​សម​ត្ថិ​កិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ក្នុង​ខេត្តស្ទឹងត្រែង មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ទាល់តែសោះ​។ ប្រការនេះ​បានធ្វើ​ឲ្យ​ព្រៃ​សហគមន៍ ព្រៃ​ការពារ​នៅក្បែរ​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ ប្រសិនបើ​គ្មាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ និង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស្ដៅ ស្រុក​សេសា​ន បាន​ឲ្យ​ដឹងថា សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើមូល​ក្រៅ​តំបន់​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ចូលទៅក្នុង​បរិវេណ​ផ្ទៃ​អាង​នៅតែ​បន្ត​កើតមាន​គួរ​ឲ្យ​ព្រួយបារម្ភ ហើយ​ពុំមាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ទប់ស្កាត់​ឡើយ​។ សកម្មជន​ការពារ​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ឈើមូល​ទាំងនោះ​ត្រូវគេ​ដឹកជញ្ជូន​ពី​តំបន់​ឆ្ងាយៗ​នៃ​ស្រុក​សៀម​ប៉ាង និង​ស្រុក​សេ​សាន យកទៅ​ស្តុក​ទុក​ក្នុង​បរិវេណ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ តាំងពី​អំឡុង​ខែមេសា រហូតមកដល់​បច្ចុប្បន្ន​។ ពលរដ្ឋ​ឃុំ​ស្ដៅ បាន​ឲ្យ​ដឹង​ទៀតថា គិត​ចាប់ពី​ខែមេសា​រហូតមក មាន​គោយន្ត​ច្នៃ​រាប់រយ​គ្រឿង ព្រមទាំង​រថយន្ត​បា​កុង​ជាច្រើន​គ្រឿង​បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើមូល​ពី​តំបន់​ក្រៅ​ផ្ទៃ​អាង​ចូលទៅ​បរិវេណ​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ យ៉ាង​គគ្រឹកគគ្រេង​។

​បញ្ហា​នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ក៏ដូចជា​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ន​ឈើមូល​ទំហំ​ធំៗ​នៅ​តំបន់​ព្រៃស្រោង​នៃ​ភ្នំ​ក្រឡា​ពស់ ចន្លោះ​ទន្លេសេសាន និង​ទន្លេ​ស​ស្រែ​ពក ឬ​ហៅថា​តំបន់​កោះ​ជាប់​ព្រំប្រទល់​ប្រទេស​ឡាវ ត្រូវ​ជនល្មើស​កាប់រំលំ​ដឹកជញ្ជូន​ចូល​តំបន់​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដោយ​គ្មាន​ឧបសគ្គ​។ ប្រជា​សហគមន៍​ឃុំ​ស្ដៅ ស្រុក​សេសា​ន បាន​លើកឡើងថា ស្ទើរ​ជា​រៀងរាល់ថ្ងៃ​មាន​គោយន្ត​ជាង​១០០​គ្រឿង និង​រថយន្ត​ដឹកឈើ​ហ៊ុ​បប្រមាណ​១០​គ្រឿង​ដឹកជញ្ជូន​ឈើ​ដែលមាន​មុខកាត់​ចាប់ពី​០.៥០​ម៉ែត្រ​រហូតដល់​២​ម៉ែត្រ និង​បណ្ដោយ​ពី​៨​ដល់​១២​ម៉ែត្រ យកមក​ស្តុក​ទុក​ក្នុង​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​។

​សកម្មជន​ព្រៃឈើ​នៅ​ស្រុក​សេ​សាន បាន​ឲ្យ​ដឹងថា​ឈើ​ប្រណីត​ដូចជា គ្រញូង បេង នាងនួន និង​ធ្នង់​ជាដើម ត្រូវគេ​ដឹកជញ្ជូន​ចូល​បរិវេណ​ផ្ទៃ​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ស្រេច​តែ​អំពើ​ចិត្ត​ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន​ក្នុង​ខេត្តស្ទឹងត្រែង នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​នៅ​ខេត្តស្ទឹងត្រែង បាន​រិះគន់​ចំៗ​ថា​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ គឺជា​ទីតាំង​សម្រាប់ធ្វើ​ឲ្យ​ឈើ​ខុសច្បាប់​ក្លាយទៅជា​ឈើ​ស្របច្បាប់​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​។ រហូតមកដល់​បច្ចុប្បន្ន​នេះ​នៅពេល​ឈើ​ក្នុង​ផ្ទៃ​អាង​ត្រូវ​វិនាស​ហិនហោច​អស់ គឺ​ឈ្មួញ​ខិលខូច​បាន​ប្រមូល​ទិញ​ឈើ​ពី​តំបន់​ផ្សេង​យកមក​ស្តុក​ទុក​ក្នុង​បរិវេណ​ផ្ទៃ​អាង ដើម្បី​បំប្លែង​ឲ្យ​ទៅជា​ឈើ​ស្របច្បាប់ ហេតុនេះហើយ​ទើប​ព្រៃឈើ​ក្នុងស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​នាពេល​ឆាប់ៗ​ខាងមុខ​៕

287លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ image

Source link

អភិបាលខេត្ត​បន្ទាយមានជ័យ គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​មន្ត្រីនគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១​ខ្លះ​ផង​

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា មន្ត្រីនគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១ មិន​ត្រឹមតែ​បើក​ច្រករបៀង​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់ និង​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ខុសច្បាប់ ឬ​ទំនិញ​ខូចគុណភាព​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ធ្វើទុក្ខបុកម្នេញ​ដល់​ពួកគាត់​ដែល​រស់​នៅតាម​ខ្សែ​ព្រំដែន​ទៀតផង​។ តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​ខ្សែ​ព្រំដែន​កម្ពុជា​-​សៀម បាន​ឲ្យ​ដឹងថា ពួកគាត់​៥៤​គ្រួសារ​ត្រូវ​មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១ រារាំង​មិន​ឲ្យ​សង់ផ្ទះ​លើដី​តាម​ព្រំដែន​។ ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​កើតឡើង​បន្ទាប់ពី​ពួកគាត់​៣​គ្រួសារ​រុះរើ​ផ្ទះ​ចាស់ ហើយ​ត្រូវ​សង់ផ្ទះ​ថ្មី ប៉ុន្តែ​ត្រូវ​មន្ត្រីនគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១ រារាំង​មិន​ឲ្យ​សាងសង់​។

ទាក់ទង​នឹង​ប​ញ្ហ​ខាងលើនេះ​ប្រជាពលរដ្ឋ​៥៤​គ្រួសារ​រស់នៅ​តាម​ខ្សែ​ព្រំដែន​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​អំពាវនាវ​ឲ្យ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១​ខ្លះ​ផង​។ តំណាង​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​សាមគ្គី​មានជ័យ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ​២០១៦ ថា​មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១ ប្រចាំការ​នៅតាម​ព្រំដែន​សង្កាត់​ប៉ោយប៉ែត បាន​ហាមឃាត់​មិន​ឲ្យ​ពួកគាត់​៣​គ្រួសារ​ក្នុងចំណោម​៥៤​គ្រួសារ​សាងសង់​ផ្ទះ​ស្នាក់នៅ​លើដី​កម្មសិទ្ធិ​របស់ខ្លួន​។ តំណាង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ទៀតថា ពលរដ្ឋ​៣​គ្រួសារ​នោះបាន​រុះរើ​ផ្ទះ​ចាស់​ដើម្បី​សង់ផ្ទះ​ថ្មី​សម្រាប់​ស្នាក់​នៅលើ​ទីតាំង​ដើម ប៉ុន្តែ​បែរជា​ត្រូវ​មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១ ហាមឃាត់​មិន​ឲ្យ​សាងសង់​ទៅវិញ​។

​មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​លើកឡើងថា ការដែល​ប្រជាពលរដ្ឋ​៥៤​គ្រួសារ​នោះ រស់នៅ​តាម​ខ្សែ​ព្រំដែន​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ជាប់​ព្រំប្រទល់​ជាមួយ​សៀម គឺជា​រឿង​ល្អ​ដើម្បី​កុំ​ឲ្យ​ភាគី​សៀម​រំលោភបំពាន​លើ​អធិបតេយ្យភាព​បូរណភាព​ទឹកដី​ខ្មែរ​។ ដូច្នេះ​ការដែល​លោក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១ ហាមឃាត់​មិន​ឲ្យ​ប្រជាពលរដ្ឋ​សង់ផ្ទះ​ថ្មី​លើ​ទីតាំង​ចាស់​ហាក់ដូច​ជាមាន​ចេតនា​មិនល្អ និង​មិន​គិតពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​ព្រំដែន​។ ដូច្នេះ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​មេបញ្ជាការ​នគ​របាល​វរ​ការពារ​ព្រំដែន​លេខ​៩១១​ខ្លះ​ផង កុំ​ឲ្យ​ប្រើ​អំណាច​ធ្វើ​អ្វីៗ​ដោយ​ខ្វះ​ការពិចារណា​តទៅទៀត​៕

bb722លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ 9f8e1cc5-b546-4b12-8f5c-33f324bfe6e8

Source link

លោក សម សាវុធ ប្រធាន​មន្ទីរ​សាធារណការ​ខេត្តស្វាយរៀង សប្បាយ​ប្រមូល​លុយ​ពី​កុងត្រូលជជុះ​នៅ​ស្រុក​រមាសហែក

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​រមាសហែក ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា បា​រ៉ា​ស់ដែក​ដែល​ដាក់​ទទឹងផ្លូវ​ថ្នល់​ដ៏​ធំ​មួយ របស់​មន្ទីរ​សាធារណការ​ខេត្តស្វាយរៀង ត្រង់ចំណុច​ជាប់​របង​វត្ត​ក្រសាំង ភូមិ​ក្រសាំង ឃុំ​ក្រសាំង ស្រុក​រមាសហែក គឺជា​កុងត្រូលជជុះ​ចាំ​ជំរិត​យកលុយ​ពី​អាជីវករ​និង​ប្រជាពលរដ្ឋ​ដែល​ដឹកទំនិញ​ឆ្លងកាត់​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា បា​រ៉ា​ស់ដែក​នោះ​ត្រូវគេ​ដាក់​ក្រោមលេស​បិទ​មិន​ឲ្យ​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​បំផ្លាញ​ផ្លូវ ប៉ុន្តែ​ការពិត​រថយន្ត​ដឹកទំនិញ​ធំៗ​ផ្ទុក​លើស​ទម្ងន់​នៅតែ​អាច​ឆ្លងកាត់​បាន​ដដែល ប្រសិនបើ​ម្ចាស់​រថយន្ត​បង់លុយ​តាម​ការកំណត់​។ បញ្ហា​នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គួរ​ពិនិត្យឡើងវិញ​ផង ព្រោះ​មន្ត្រីរាជការ​ក្នុង​ខេត្តស្វាយរៀង បាន​បង្ហើប​ឲ្យ​ដឹងថា កុងត្រូលជជុះ​នោះ​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក សម សាវុធ ប្រធាន​មន្ទីរ​សាធារណការ​ខេត្តស្វាយរៀង​។

អាជីវករ ឈ្មួញ និង​ប្រជាពលរដ្ឋ​ដែល​ដឹកទំនិញ​ដឹក​កសិផល​ឆ្លងកាត់​ផ្លូវ​ក្នុងស្រុក​រមាសហែក បាន​ឲ្យ​ដឹងថា បា​រ៉ា​ស់​ជា​កុងត្រូលជជុះ​នោះ ត្រូវបាន​គេ​ចាក់សោ​ជាប់​ទាំងយប់​ទាំង​ថ្ងៃ ប៉ុន្តែ​នៅពេល​រថយន្ត​ធំៗ​បើក​មកដល់​ចំណុច​នេះ គឺ​ម្ចាស់​រថយន្ត​តែង​ចុះ​ទៅយក​កូនសោ​ពី​ម្ចាស់ផ្ទះ​ដែល​នៅជាប់​នឹង​បា​រ៉ា​ស់​នោះ ហើយ​បើករថយន្ត​ឆ្លងកាត់​យ៉ាង​ងាយស្រួល​។ ជាងនេះទៅទៀត​ពេលខ្លះ​គេ​ឃើញ​លោក​មេ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ​ក្រសាំង ឈ្មោះ កន ឬក៏​ប្រពន្ធ​របស់គាត់​កាន់​កូនសោ​ចេញមក​បើក​បា​រ៉ា​ស់ ជា​ថ្នូរ​នឹង​ការ​បង់លុយ​តាម​កំណត់​។ ម្ចាស់​រថយន្ត​ធំៗ​មួយចំនួន​បាន​ឲ្យ​ដឹងថា នៅពេល​បើកបរ​ឆ្លងកាត់​បា​រ៉ា​ស់​នេះ សម្រាប់​រថយន្ត​ដឹក​ខ្សាច់​គេ​យក​៣​ម៉ឺន​រៀល រថយន្ត​ដឹក​ថ្ម​គេ​យក​៤​ម៉ឺន​រៀល រីឯ​រថយន្ត​ដឹកឈើ​គេ​យក​២០​ម៉ឺន​រៀល ហើយ​សកម្មភាព​យកលុយ​នេះ​កើតមាន​ប្រមាណ​២​ឆ្នាំ​មកហើយ​។

​មន្ត្រីរាជការ​ក្នុង​ខេត្តស្វាយរៀង ក៏ដូចជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​រមាសហែក បាន​ឲ្យ​ដឹងថា លោក សម សាវុធ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តស្វាយរៀង កំពុង​កាក់កប​ក្នុងការ​ប្រមូល​លុយ​ពី​រថយន្ត​ធំៗ​ឆ្លងកាត់​ផ្លូវលំ​ក្នុងស្រុក​រមាសហែក ដោយ​ឲ្យ​មន្ត្រីនគរបាល​ឈ្មោះ កន និង​ប្រពន្ធ​ជា​អ្នក​ចេញមក​ជំនួស​។ បន្ទាប់ពី​រឿងរ៉ាវ​នេះ​ត្រូវបាន​លាតត្រដាង​ស្រាប់តែ​លោក សម សាវុធ ចេញមក​អះអាងថា ការដាក់​បា​រ៉ា​ស់ដែក​កាត់​ទទឹង​ផ្លូវថ្នល់​នៅជាប់​វត្ត​ក្រសាំង​នោះ គឺ​ខាង​មន្ទីរ​ដាក់​សម្រាប់​បិទ​កុំ​ឲ្យ​មាន​រថយន្ត​ធំៗ​ឆ្លងកាត់​ដែល​អាច​នាំ​ឲ្យ​ខូច​ផ្លូវ​។ ប៉ុន្តែ​ការពិត​រថយន្ត​ធំៗ​ដឹកទំនិញ ដឹកឈើ ដឹក​ខ្សាច់ ដឹក​ថ្ម នៅតែ​អាច​ឆ្លងកាត់​យ៉ាង​រលូន​ឲ្យ​តែ​ពួកគេ​បង់លុយ​តាម​ការកំណត់​។ ដូច្នេះ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន គួរពិនិត្យមើល​បញ្ហា​នេះ​ផង ព្រោះ​លោក សម សាវុធ កំពុងតែ​សប្បាយ​ប្រមូល​លុយ ហើយ​ផ្លូវ​ក្នុងស្រុក​រមាសហែក នៅតែ​រង​ការខូចខាត​ដដែល​៕

484លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន Untitled-1-12

Source link

រោង​ម៉ាស៊ីន​អារឈើ​ក្នុងស្រុក​ភ្នំក្រវាញ នៅតែ​កើតឡើង​យ៉ាង​រាលដាល​ដោយមាន​ការឃុបឃិត​ពី​មន្ត្រី​ពុករលួយ​

មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​បរិស្ថាន​ក្នុង​ខេត្តពោធិ៍សាត់ ត្រូវ​ប្រជាពលរដ្ឋ​ទូទៅ​ក៏ដូចជា​មន្ត្រី​សង្គម​ស៊ីវិល​រិះគន់ថា មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​កាប់​ឈើ ដឹកជញ្ជូន​ឈើ និង​បង្ក្រាប​រោង​ម៉ាស៊ីន​អារឈើ​ដែល​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នៅ​ស្រុក​ភ្នំក្រវាញ​នោះទេ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​រិះគន់ថា ចាប់តាំងពី​តំបន់ភ្នំ​ក្រវាញ ត្រូវបាន​ដាក់បញ្ចូល​ជា​តំបន់​ការពារ​និង​អភិរក្ស ហើយ​ស្ថិតក្រោម​ការទទួលខុសត្រូវ​របស់​ក្រសួងបរិស្ថាន​រួចមក គឺ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​ដូច​មុន​ដដែល​។ លោក ប៉ាន់ មរកត ដែលជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ដែល​កើតឡើង​ក្នុង​តំបន់​អភិរក្ស​និង​ការពារ​ព្រៃឈើ​នោះទេ​។

មន្ត្រី​អាជ្ញាធរ​ក្នុងស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​ទើបតែ​ដាក់​ម៉ាស៊ីន​អារឈើ​៣​ខ្សែ​នៅ​តំបន់​ច្រេស ឃុំ​ក្សេត្រ​បុរី ឃុំ​ស​ន្ទ្រែ និង​ឃុំ​ព្រ​ងឹល ស្រុក​ភ្នំក្រវាញ ហើយ​ពុំមាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ទប់ស្កាត់​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ព្រៃឈើ​ក្នុង​តំបន់​នេះ កាលពីមុន​គ្រប់គ្រង​ដោយ​ខាង​រដ្ឋបាល​ព្រៃឈើ ប៉ុន្តែ​បច្ចុប្បន្ន​ត្រូវ​គ្រប់គ្រង​ដោយ​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​បទល្មើស​កាប់​ឈើ​អារច្រៀក​ឈើ​មាន​សកម្មភាព​កាន់តែខ្លាំង​ក្លា​ជាង​មុន​ទៅទៀត​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ទាំង​៣​ខាងលើ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​មាន​សភាព​ខ្លាំងក្លា​ចាប់តាំងពី​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៦ ហើយ​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។

សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា ឈ្មួញ​ល្បី​ខាង​រកស៊ី​ឈើ​ខុសច្បាប់​ក្នុង​តំបន់​នេះ ជា​មន្ត្រីនគរបាល​ខេត្តពោធិ៍សាត់ ឈ្មោះ ម៉ៅ ហើយ​ឈ្មួញ​ម្នាក់នេះ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ ដូច្នេះ​លោក សាយ សំ​អាល់ ដែលជា​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន គួរពិនិត្យមើល​បញ្ហា​នេះ​ផង ព្រោះ​បច្ចុប្បន្ន​តំបន់​អភិរក្ស​និង​ការពារ​ព្រៃឈើ​ក្នុងស្រុក​ភ្នំក្រវាញ កំពុង​កើតមាន​បទល្មើស​យ៉ាង​ពេញបន្ទុក ហើយ​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ មិន​ចាត់វិធានការ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ចាត់វិធានការ​ប​ង្ក្រា​បរោ​ង​ម៉ាស៊ីន​អារឈើ​នៅ​ស្រុក​ភ្នំក្រវាញ ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ការពារ​និង​អភិរក្ស​តទៅទៀត​៕

1-29 2-28

Source link