ព័ត៌មានខ្មែរ

អង្គការសហប្រជាជាតិ​ស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្វែងរក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី​

អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​បានបញ្ជាក់​គោលជំហរ​របស់ខ្លួន​ដោយបាន​ស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្វែងរក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី​។ អង្គការ​ដដែល​នេះ ក៏បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ចាត់វិធានការ​ជាបន្ទាន់ និង​មាន​ប្រសិទ្ធភាព ដើម្បី​ការពារ​សកម្មជន​ការពារ​សិទ្ធិមនុស្ស អ្នកនយោបាយ និង​សមាជិក​អង្គការ​សង្គម​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា​។​

អ្នកនាំពាក្យ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស លោក សេ​ស៊ី​ល ប៉ូ​លី បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កម្ពុជា​ពី​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​ថា អង្គការសហប្រជាជាតិ​ស្វាគមន៍​ចំពោះ​ការអំពាវនាវ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា ដែល​ប្រកាស​បើក​ការស៊ើបអង្កេត និង​ចាប់ខ្លួន​ជនសង្ស័យ​។ មន្ត្រី​អង្គការសហប្រជាជាតិ​ដដែល​នេះ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ឲ្យ​បានជា​ក់លាក់ ច្បាស់លាស់ និង​ត្រូវ​ធានាថា អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ត្រូវ​ចាប់​យកមក​កាត់ទោស និង​ដាក់ទោស​ត្រឹមត្រូវ​តាមច្បាប់​។​

ជុំវិញ​ករណី​ឃាតកម្ម​ដ៏​សាហាវព្រៃផ្សៃ​លើ​លោក​បណ្ឌិត កែម ឡី ដែល​គេ​ទទួលស្គាល់​ជាទូទៅ​ថា​ជា​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា បានធ្វើ​ឲ្យ​មានការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី​សាធារណមតិ​ជាតិ និង​អន្តរជាតិ​។ ជាក់ស្តែង​អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក ប្រទេស​បារាំង អង់គ្លេស អាល្លឺម៉ង់ ជប៉ុន និង​អូស្ត្រាលី​ជាដើម​សុទ្ធតែ​បាន​ថ្កោលទោស​ចំពោះ​បទឧក្រិដ្ឋ​នេះ និង​ស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ឲ្យ​បាន​ឆាប់​បំផុត​។​

បន្ត​ពី​មហាអំណាច​ផ្សេងទៀត​នៅថ្ងៃនេះ​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា បានបញ្ជាក់​គោលជំហរ​ផ្ទាល់ខ្លួន​ថា ស្ថានទូត​ជប៉ុន​ពិត​ជាមាន​សេចក្តី​ក្រៀមក្រំ និង​រន្ធត់​យ៉ាង​ក្រៃលែង​ដែល​ទទួលបាន​ព័ត៌មាន​អំពី​ការសម្លាប់​លោក​បណ្ឌិត​កែម ឡី​។ ស្ថានទូត​ជប៉ុន​សូម​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា​ចំពោះ​ឃាតកម្ម​យ៉ាង​ឃោរឃៅ​ចំពោះ​លោក​បណ្ឌិត​ដ៏​លេចធ្លោ​ម្នាក់​។ ស្ថានទូត​ជប៉ុន​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​អស់ពីដួងចិត្ត​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​របស់លោក​បណ្ឌិត​។​

ចំណែក​ស្ថានទូត​បារាំង​ក៏បាន​បញ្ជាក់​គោលជំហរ​ដែរ​ថា​ប្រទេស​បារាំង​មាន​ក្តី​រន្ធត់​យ៉ាងខ្លាំង នៅពេល​ទទួលបាន​ដំណឹង អំពី​ឃាតកម្ម​លើ​អ្នកវិភាគ​នយោបាយ កែម ឡី ។ ប្រទេស​បារាំង​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ និង​ញាតិមិត្ត​នៃ​សព ហើយ​អំពាវនាវ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​បើក​ការស៊ើបអង្កេត​ច្បាស់លាស់ អំពី​មូលហេតុ​នៃ​ការស្លាប់​នេះ​៕

13606521_10153856394223224_2201401826086782864_n 13620204_907723489355590_8580957511197263263_n 13669006_1054671784612125_4574631053105657545_n

Source link

លោក សម រង្ស៊ី នឹង​បង្ហាញ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​ដល់​សហភាព​អឺរ៉ុប​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នឹង​បង្ហាញ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដល់​សហភាព​អឺរ៉ុប​។ ការបង្ហាញ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដល់​សហភាព​អឺរ៉ុប គឺធ្វើឡើង​ស្រប​ពេលដែល​បញ្ហានយោបាយ​នៅ​ប្រទេស​កម្ពុជា​កំពុងមាន​ភាព​តានតឹង ហើយ​ស្ថានភាព​នៃ​ការគោរព​សិទ្ធិមនុស្ស និង​សេរីភាព​នៃ​ការបញ្ចេញ​ក៏​កំពុងមាន​ការធ្លាក់ចុះ​ដុនដាប​ផងដែរ​។​

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅថ្ងៃនេះ​បានបញ្ជាក់​ថា នៅ​សភា​អឺរ៉ុប ក្នុង​ទីក្រុង Bruxelles ប្រទេស Belgique លោក​បាន​ជួប​ជាមួយ​លោក​តំណាងរាស្ត្រ​អឺរ៉ុប Josef Weidenholzer​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា នៅ​ថ្ងៃស្អែក​លោក​នឹង​ទៅធ្វើ​ឧទ្ទេសនាម អំពី​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា ហើយនឹង​ឆ្លើយ​សំណួរ​នៅ​ចំពោះមុខ​អនុគណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​សភា​អឺរ៉ុប​។​

​ថ្មីៗ​នេះ អង្គការ​សង្គម​ស៊ីវិល និង​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ យល់ឃើញថា ដំណើរការ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធមនុស្ស​នៅ​កម្ពុជា នឹង​មិនអាច​រីកចម្រើន​បានទេ បើសិនជា​សហគមន៍​អន្តរជាតិ​សម្រេច​កាត់ផ្ដាច់ ឬ​កាត់បន្ថយ​ជំនួយ​មែន​នោះ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ជំនួយ​បរទេស​ពិសេស​ជំនួយ​ពី​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប គឺជា​ដើមទុន​ក្នុង​ការកសាង​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ដ៏​រឹងមាំ​នៅ​កម្ពុជា ដូចនេះ​រដ្ឋាភិបាល​គប្បី​ធ្វើការ​កែទម្រង់​របៀប​ដឹកនាំ​ប្រទេស ហើយ​ថា​ការកែទម្រង់​នេះ​ជា​ប្រយោជន៍​ផ្ទាល់​របស់​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​។​

​គួរ​បញ្ជាក់ថា កាលពី​ខែឧសភា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន បានបង្ហាញ​ក្តីសង្ឃឹម​ថា រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ធានា​នូវ​ការគោរព​សិទ្ធិមនុស្ស​ពេញលេញ រួមបញ្ចូល​ទាំង​សេរីភាព​នៃ​ការបញ្ចេញមតិ សេរីភាព​ខាង​សមាគម និង​សេរីភាព​នៃ​ការប្រមូលផ្តុំ​ដែល​នេះ​ជាគោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។ លោក បាន គី​មូ​ន អំពាវនាវ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បន្ត​វប្បធម៌​សន្ទនា​តទៅទៀត​។​

​លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​សង្កត់ធ្ងន់ថា អង្គការ​សហ​ប្រជា​តិ​មាន​ក្តី​ព្រួយបារម្ភ​ជុំវិញ​សេចក្តីរាយការណ៍​អំពី​ការបំភិតបំភ័យ ការរំលោភបំពាន និង​ការចាប់ខ្លួន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​សមាជិក​គណបក្សជំទាស់​ដែល​កំពុង​រីក​រាលដាល​នៅ​ប្រទេស​កម្ពុជា​៕

13626954_1142598402463558_231117907147175241_n 13615350_1142598329130232_7179564506568697963_n​    ​

Source link

​លោក អេង ឆៃអ៊ាង បញ្ជាក់​ពី​ការវិវត្តន៍​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា​

នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង អនុប្រធាន​គណៈកម្មាធិកា​រ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីអំពី​ការវិវត្ដន៍​នៃ​ស្ថានភាព​នយោបាយ​ដល់​អ្នកសារព័ត៌មាន​ជាតិ និង​អន្ដរជាតិ​។​

លោក អេង ឆៃអ៊ាង បានបញ្ជាក់​ដូចជា​៖ ទី​១-​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​ការស៊ើបអង្កេត​ឃាតកម្ម លោក​បណ្ឌិត កែម ឡី ទី​២-​សន្ដិសុខ និង​សុវត្ថិភាព​អ្នកតំណាងរាស្ដ្រ ថ្នាក់ដឹកនាំ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ ទី​៣-​ថ្ងៃទី​១៧ គណបក្ស​សង្គ្រោះ​ជាតិ​នឹងធ្វើ​ខួប​លើក​ទី​៤​ឆ្នាំ​(១៧​កក្កដា​២០១២-១៧​កក្កដា​២០១៦) នៃ​ការបង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ទី​៤-​គណបក្ស​សង្គ្រោះ​ជាតិ​សូម​អំពាវនាវ​យ៉ាងទទូច​ទៅ​គណបក្សកាន់អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ជួប​ជជែក​គ្នា និង​ទី​៥-​លោក​ប្រធាន សម រង្ស៊ី នឹងធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំសភា​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៦​។​

ជុំវិញ​បញ្ហា​ខាងលើនេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ កន្លងមក​បានបញ្ជាក់​ថា ប្រទេស​ជាច្រើន​ដែល​ស្គា​ល់ពី​សេរីភាព ពី​ប្រជាធិបតេយ្យ ពី​សង្គម​ជឿនលឿន​ស៊ី​វិ​ល័យ ពី​ច្បាប់ ពី​ការអនុវត្ត​ច្បាប់ ពី​សង្គម​យុត្តិធម៌ ត្រូវបាន​ប្រជាពលរដ្ឋ ប្រព័ន្ធ​ព័ត៌មាន​ដែល​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ មន្ត្រី​ជំនាញ​ជា​អ្នកវាយតម្លៃ និង​ជា​អ្នកផ្តល់​មតិ ថា​យុត្តិធម៌ ឬ​អយុត្តិធម៌ ហើយ​នេះ​ពុំមែន​ស្ថិតនៅលើ​ការបកស្រាយ ដើម្បី​ផលប្រយោជន៍​នោះទេ​។​

លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​សង្កត់ធ្ងន់ថា ប្រទេស​មាន​សន្តិភាព ស្ថិរភាព ជា​ឱកាស​ដ៏​ល្អ​ដើម្បី​ឲ្យ​ខ្មែរ​អភិវឌ្ឍន៍​ប្រទេសជាតិ ទន្ទឹមនឹងនោះ យុត្តិធម៌​សង្គម ក៏ត្រូវ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ជាទីបំផុត​។ ទាំងនេះ ទាំង​រាស្ត្រ ទាំង​រដ្ឋ ត្រូវមាន​មនសិការ​វិជ្ជាជីវៈ ឧ​ត្ត​ម​គតិ​ពិត ផលប្រយោជន៍​ជាតិ យុត្តិធម៌​សង្គម​ជូន​ប្រជាពលរដ្ឋ​គ្រប់រូប ពេលនោះ​សង្គម​ជាតិខ្មែរ មាន​ភាពសុខដុមរមនា ភាពរុងរឿង សុខក្សេមក្សាន្ត​សម្រាប់​ជាតិ​មាតុភូមិ​ទាំងមូល​៕

13590354_1128424150555665_3816588296841338781_n

Source link

ឃាត់​ក្រុមចោរប្លន់​ប្រដាប់អាវុធ​៣​នាក់​បន្ទាប់ពី​បាញ់​ប្លន់​ម៉ូតូ​​

រាជធានី​ភ្នំពេញ​៖​ក្រុមចោរប្លន់​ប្រដាប់អាវុធ​៣​នាក់ ក្នុងចំណោម​បក្ខពួក​ផ្សេងទៀត​នោះ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ​សែន​ជ័យ​ឃាត់ខ្លួន​នៅវេលា​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៦​នេះ ដោយមាន​ការបាញ់​គំរាម​មួយ​គ្រាប់ នៅ​ខាងក្រោយ​វត្ត​ពោធិ៍ចិនតុង

សង្កាត់​កា​កាប​។​
​ក្រុមចោរប្លន់​ទាំងនេះ បាន​បាញ់​ប្លន់​យក​ម៉ូតូ​ពី​ប្រជាពលរដ្ឋ​នៅ​យប់​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ដែល​បណ្តាល​ឲ្យ​ជនរងគ្រោះ​ម្នាក់​រងរបួស​ទៀតផង ដោយសារតែ​ក្រុមចោរ​វាយ នឹង​ស្នាប់​កាំភ្លើង​។​
​អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ​លោក យឹម សារ៉ាន់ បាន​បញ្ជាក់ថា ក្រោយ​មាន​ករណី​ប្លន់​នេះ​កើតឡើង​ភ្លាម កម្លាំង​នគរបាល​របស់លោក​ក្រោម​ការបញ្ជា​ផ្ទា​ល់ពី នាយ​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បើក​ការស្រាវជ្រាវ និង​ស៊ើបអង្កេត​ភ្លាមៗ យ៉ាង​យកចិត្តទុកដាក់ រហូត​នៅ​ព្រឹក​នេះ បាន​ជួប​ពួកគេ ក៏​ដេញ​បង្ក្រាបបាន​៣​នាក់ ដកហូត​ម៉ូតូ​មួយគ្រឿង និង​កាំភ្លើងខ្លី​មួយ​ដើម​ផងដែរ​។​
​គួរ​បញ្ជាក់ថា នៅ​យប់​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៦ មាន​ករណី​ប្លន់​ម៉ូតូ​មួយ លើក​បណ្តាល​ឲ្យ​បាត់បង់​ម៉ូតូ​មួយគ្រឿង ម៉ាក C125 ពណ៌​ខ្មៅ​សេរី​ឆ្នាំ​2015 ពាក់​ស្លាក​លេខ​ស្វាយរៀង​1H2542៕

fn-2016-07-13-10-43-54-0fn-2016-07-13-10-43-59-0

Source link

ឈ្មួញ​ឈ្មោះ ចន្ថា ដឹកឈើ​ចេញពី​តំបន់​ដែន​ជម្រក​សត្វស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​ស្វាយ​លើ តាម​អំពើ​ចិត្ត​

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា តំបន់​ដែនជម្រកសត្វព្រៃ​នៅក្នុង​ស្រុក​នេះ កំពុង​ត្រូវបាន​ក្រុម​ជនល្មើស​ចូល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ ដោយ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ចំណែក​ប្រជាពលរដ្ឋ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដែលមាន​ព្រំប្រទល់​ជាប់​ស្រុក​ត្រពាំង​ប្រាសាទ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ព្រៃ​ដែន​ជម្រក​សត្វ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​។ ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយ​លើ និង​ស្រុក​ត្រពាំង​ប្រាសាទ បាន​អះអាង​ដូចគ្នា​ថា​នាយក​ដែនជម្រកសត្វព្រៃ​ក្នុងស្រុក​ទាំង​២ បើកដៃ​ឲ្យ​ឈ្មួញ​ឈ្មោះ ចន្ថា រស់នៅ​ខេត្តសៀមរាប កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​តាម​អំពើ​ចិត្ត​។

​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹង​ទៀតថា​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ មាន​រថយន្ត​កែច្នៃ​២​គ្រឿង​ដឹកឈើ​ប្រភេទ​លេខ​១ និង​ឈើ​ប្រភេទ​លេខ​២​គ្រប​តង់​ពីលើ​ជាង​២០​ម៉ែត្រគូប​ចត​នៅ​ទីតាំង​ឈរជើង​របស់​យោធា​កងពល​លេខ​៤ ក្នុងភូមិ​អូរ​រុន ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅក្បែរ​រថយន្ត​កែច្នៃ​ដឹកឈើ​ទាំង​២​គ្រឿង​នោះ មាន​រថយន្ត​របស់​ម​ន្ត្រី​បរិស្ថាន​ផងដែរ ប៉ុន្តែ​មន្ត្រី​បរិស្ថាន មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រី​បរិស្ថាន​ការពារ​ដែនជម្រកសត្វព្រៃ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ និង​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​ខ្លះ​ផង ព្រោះ​បច្ចុប្បន្ន​ពួកគេ​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ​។

សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា រថយន្ត​ដឹកឈើ​ទាំង​២​គ្រឿង​នោះ​គឺជា​របស់​ឈ្មួញ​ឈ្មោះ ចន្ថា រស់នៅ​ខេត្តសៀមរាប ដែលជា​ឈ្មួញ​ធ្វើ​សកម្មភាព​កាប់​ឈើ​និង​ដឹកឈើ​ចេញពី​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​ស្វាយ​លើ ច្រើន​ឆ្នាំ​មកហើយ​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ក៏ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​ស្វាយ​លើ ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា​ទទួលផល​ប្រយោជន៍​ជាប្រចាំ​ពី​ឈ្មួញ​ឈ្មោះ ចន្ថា ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​តាម​តួនាទី​របស់ខ្លួន​។ ចំណែក​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ក៏មាន​ការសង្ស័យ​ជាប់​ពាក់ព័ន្ធ​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះ ចន្ថា ផងដែរ ទើប​ឈ្មួញ​រូបនេះ​អាច​ដឹកឈើ​ពី​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​ស្វាយ​លើ ចូល​ក្រុង​សៀមរាប យ៉ាង​រលូន​ពុំមាន​សមត្ថកិច្ច​ណា​រំខាន​ឡើយ​៕

សាយ សំអាល់.៤លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន 21-2រថយន្តដឹកឈើនៅស្រុកស្វាយលើ ខេត្តសៀមរាប

Source link

លោក សឺង ថាយ ធន បាន UNHCR បញ្ជូនទៅតាំងទីលំនៅថ្មី នៅអាមេរិក

លោក សឺន ថាយធន សហការី សារព័ត៌មាន ព្រៃនគរ និង វិទ្យុ សំឡេងកម្ពុជាក្រោម (VOKK) ជាមួយនឹងគ្រួសារ មានភរិយា និងកូន ៣ នាក់ ត្រូវបាន អគ្គស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំប្រទេសថៃ បញ្ជូនទៅតាំងទីលំនៅថ្មី នៅសហរដ្ឋអាមេរិក នៅថ្ងៃ ១២ ខែកក្កដា ឆ្នាំ ២០១៦  ។ ការបានមកតាំងទីលំនៅសហរដ្ឋអាមេរិក នាពេលនេះ  បន្ទាប់ពី លោក និង គ្រួសារ បានភៀសខ្លួន មកសុំសិទ្ធិជ្រកកោនក្នុងនាមជាជនភៀសខ្លួននយោយបាយ នៅក្នុងអង្គការសហប្រជាជាតិ អស់ជាច្រើនឆ្នាំកន្លងមក ។

លោក សឺន ថាយ ធន មានដើមកំណើតនៅភូមិពោធិ៍បឹង  ឃុំក្រសាំង (Hoa An) ស្រុកកំពង់ស្ពាន (Cau Ke) ខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម ។ លោកបានភៀសខ្លួនចេញពីស្រុកកំណើត  ទៅប្រទេសថៃ ដោយលើកហេតុផលថា មានការរំលោភបំពានផ្នែកសិទ្ធិមនុស្សលើគ្រួសារលោកពីសំណាក់រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ។ ពេលកំពុងតែឋិតនៅក្នុងឋានៈជាជនភៀសខ្លួន នៅប្រទេសថៃ លោក សឺន ថាយ ធន បានស្ម័គ្រចិត្តធ្វើការឲ្យ សារព័ត៌មាន ព្រៃនគរ និង វិទ្យុ សំឡេងកម្ពុជាក្រោម (VOKK) ផងដែរ ។

ខាងក្រោមជារូបថតព្រះសង្ឃ និងជនភៀសខ្លួនខ្មែរក្រោម នៅទីក្រុងបាងកក ប្រទេសថៃ ជូនដំណើរ លោក សឺន ថាយ ធន នៅអាកាសយានដ្ឋានសុវណ្ណភូមិ ដើម្បីចេញដំណើរទៅសហរដ្ឋអាមេរិក ។ រូបថត៖ ថាច់ នរិន្ទ

Son Thai Thanh 1

Son Thai Thanh 2

Son Thai Thanh 3

Son Thai Thanh 4

Son Thai Thanh 5

Son Thai Thanh 6

Son Thai Thanh 7

Son Thai Thanh 8

Son Thai Thanh 9

Son Thai Thanh 10

Source link