ជីវិតនិងសង្គម

ក្រ​សួង​ទេសចរណ៍​ ចង់​​ឲ្យ​វត្ត​អារាម​ក្លាយ​ជា​គោល​ដៅ​ទេសចរណ៍

វត្ត​អារាម​ក្រៅ​ពី​ជា​កន្លែង​សក្ការៈ ក្រ​សួង​ទេសចរណ៍​ចង់​បង្កើន​សក្ដានុពល​ឲ្យ​ក្លាយ​ជា​គោល​ដៅ​ទេសចរណ៍​សម្រាប់​ភ្ញៀវ​បរទេស​បាន​យល់​កាន់​តែ​ច្បាស់​ពី​ទំនៀម​ទម្លាប់ សាសនា ។​

 

siem-reap-2

 

រដ្ឋ​មន្ត្រី​ក្រ​សួង​ទេសចរណ៍​ លោក ថោង ខុន​ ​​ប្រាប់​ថា​ ពេល​បុណ្យ​ទាន​ ពិសេស​ពេល​ភ្ជុំបិណ្ឌ មនុស្ស​ម្នាល​ទៅ​វត្ត ដូច្នេះ​វត្ត​អារាម​ ជា​ទី​តាំង​ដែល​អ្នក​​គ្រប់​គ្នា​មិន​អាច​បំភ្លេច​បាន​ក្នុង​ឱកាស​បុណ្យ​ទាន​នា​នា។ ទេសចរ ​តែង​ចង់​ដឹង​អ្វី​ដែល​ប្លែក​ហើយ​ថ្មី​។ ដូច្នេះ​ ប្រ​សិន​បើ​អាច​ច្នៃ​​ព្រឹត្តិការណ៍​បុណ្យ​ប្រពៃ​ណី​ជា​ផលិត​ផល​ទេសចរណ៍ នោះ​ជា​ចំណុច​ល្អ។

 

លោក បន្ត​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​ទេសចរណ៍​ពិភពលោក ក្រោម​ប្រធាន​បទ “ទេសចរណ៍​ដើម្បី​ទាំង​អស់​គ្នា ជំរុញ​ទៅ​ដល់​ភាព​ជា​សាកល” ដោយ​បញ្ជាក់​ថា សូម្បី​តែ​មន្ទីរ​ឃុំ​ឃាំង​របស់​មេ​ដឹក​នាំ​របប​ផ្ដាច់​ការ​ហ៊ីត្លែ​នៅ​អាល្លឺ​ម៉ង់ ក៏​​បរទេស​គេ​អាច​ប្រែ​ក្លាយ​ជា​កន្លែង​ដែល​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បាន​ដែរ។

 

លើស​ពី​នេះ វត្ត​ចំណាស់​មួយ​នៅ​ប្រ​ទេស​ថៃ​គឺ​វត្ត​ពោធិ៍​ បាន​ក្លាយ​ជា​កន្លែង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍​មក​ទស្សនា​មិន​តិច​ជាង​៥ពាន់​នាក់ ដោយសារ​​វត្ត​នេះ​មាន​ស្រស់​ស្អាត​ និង​រឿង​រ៉ាវ​​គួរ​ឲ្យ​ចង់​ដឹង​​ជា​ច្រើន​។ ក្រៅ​ពី​នេះ វត្ត​សៅ​លីង​ នៅ​ហី​ណាន​ក្នុង​ប្រទេស​ចិន​ក៏​ជា​ទី​តាំង​ទាក់​ទាញ​ទេសចរ​ចង់​ទៅ​ទស្សនា​ផង​ដែរ។​

 

 

ចំណុច​​ល្អ​ៗ​ទាំង​នេះ​ ត្រូវ​បាន​លោក​ ថោង​ ខុន​ យល់​ថា​​យើង​គួរ​តែ​រៀន​សូត្រ​ពី​គេ​។ ទី​អារាម​​ជាច្រើន ដែល​​​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រសិន​បើ​យើង​ចេះ​រៀប​ចំ​​ គ្រប់​គ្រង និង​ថែរក្សា​ដូច​នៅ​​​ប្រ​ទេស​ដទៃ គឺ​ប្រាកដ​ជា​ទាញ​ការ​ចាប់​អារម្មណ៍​ពី​ភ្ញៀវ​ទេសចរណ៍​ជិត​ឆ្ងាយ​ខ្លាំង​ណាស់។

 

ម្ល៉ោះ​ហើយ​ ក្រសួង​ទេសចរណ៍​ចង់​​ណែនាំ​ឲ្យ​មន្ទីរ​ទេសចរណ៍​ទាំង​អស់​គួរ​រៀប​ចំ​វត្ត​អារាម​ឲ្យ​មាន​ភាព​ទាក់​ទាញ​តាម​បែប​សាសនា ដើម្បី​ក្លាយ​ជា​គោល​ដៅ​ទេសចរណ៍​សំខាន់​​ក្នុង​ឱកាស​បុណ្យ​ទាន​នានា៕

 

 

អត្ថបទ៖ លឹម សុ​នា​
​​​

Source link

៦​សន្លឹក បង្ហាញ​ពី​ថ្ងៃ​ចូល​ធ្វើ​ការ​ដំបូង និង​៣ខែ​ក្រោយ ត្រូវ​គ្មាន​ខុស

ជា​ធម្មតា យើង​ទាំង​អស់​គ្នា​មាន​អារម្មណ៍​សប្បាយ​រីករាយ និង​រំភើប នៅ​ពេល​ទទួល​បាន​ការងារ​ថ្មី​មួយ។ យើង​ទៅ​ធ្វើ​ការ​ទាន់​ពេល។ យើង​ចង់​ឲ្យ​មេ​ចូលចិត្ត។ យើង​ចង់​ឲ្យ​បុគ្គលិក​រួម​ការងារ​ទាំង​អស់​ចូល​ចិត្ត​យើង។ ប៉ុន្តែ នៅ​ពេល​ដែល​ពេល​វេលា​កន្លង​ផុត​ទៅ ៣​ខែ ការងារ​របស់​អ្នក អាច​នឹង​ប្រែក្លាយ​ទៅ​ជា​រឿង​មួយ​ផ្សេង​ទៀត។

 

តោះ! ទៅ​មើល​រូបភាព ដែល​បង្ហាញ​ពី​ថ្ងៃ​ចូល​ធ្វើ​ការ​ដំបូង និង​៣​ខែ​ក្រោយ ថា​វា​ខុស​គ្នា​យ៉ាង​ណា​ខ្លះ៖

 

១)

ថ្ងៃ​ទី​១៖ អាច​ស្តាប់​ចម្រៀង​បានអត់ហ្ន៎ ឬ​ធ្វើ​បែប​នេះ​មើល​ទៅ​មិន​ដូច​ជា​អ្នក​ជំនាញ?

ថ្ងៃ​ទី​១០១៖ អ្នក​ទាំង​អស់​គ្នា! មក​មើល​នេះ​នែ៎!

 

1

 

២)

ថ្ងៃ​ទី​១៖ សង្ឃឹម​ថា​ខ្ញុំ​មិន​មក​យឺត​ទេ

ថ្ងៃ​ទី​១០១៖ សង្ឃឹម​ថា​ខ្ញុំ​មិន​មក​យឺត​ទេ

 

2

 

៣)

ថ្ងៃ​ទី​១៖ សូម​ចូល​ចិត្ត​ខ្ញុំ​ផង

ថ្ងៃ​ទី​១០១៖ ខ្ញុំ​ស្អប់​អ្នក​ខ្លាំង​ណាស់

 

3

 

៤)

ថ្ងៃ​ទី​១៖ បន្ទប់ទឹកនៅខាងក្រោម ខាងឆ្វេងដៃ
ថ្ងៃ​ទី​១០១៖ ពេលណាដែលពួកគេត្រូវការរបាយការណ៍?

 

4

 

៥)

ថ្ងៃ​ទី​១៖ អរគុណអ្នកខ្លាំងណាស់សម្រាប់ឱកាសនេះ

ថ្ងៃ​ទី​១០១៖ គម្រោងនេះអាចជាការងារបន្ថែម ប៉ុន្តែវាអាចជាឱកាសថ្មីច្រើន​សម្រាប់អ្នក

 

5

 

៦)

ថ្ងៃទី១៖ ខ្ញុំ​គ្មាន​សមត្ថភាព​គ្រប់​គ្រាន់​សម្រាប់​ការងារ​នេះ​ឡើយ

ថ្ងៃទី១០១៖ ខ្ញុំ​គ្មាន​សមត្ថភាព​គ្រប់​គ្រាន់​សម្រាប់​ការងារ​នេះ​ឡើយ

 

6

 

ប្រែសម្រួល ៖ សេង ឡុង

ប្រភព ៖ boredpanda

Source link

ជាង​១​​ម៉ឺន​នាក់​​​​​មើល​​បាតុភូត​​ព្រះ​អាទិត្យ​រះ​ចំ​​​កំពូល​ប្រាសាទ​អង្គរ​វត្ត​ព្រឹក​មិញ​

ទំព័រ​ហ្វេសប៊ុក​​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀម​រាប​ ប៉ុន្មាន​ម៉ោង​មុន​នេះ​ បាន​បង្ហាញ​​ទិដ្ឋភាព​​ភ្ញៀវ​ទេស​ចរ​ទស្សនា​​ថ្ងៃ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទ​អង្គរ​វត្ត នា​ថ្ងៃ​ទី​២៣ កញ្ញា ២០១៦​នេះ។

 

14463229_1993842270842555_328003189394276510_n

​​រូបភាព៖ Facebook មន្ទីរ​ទេសចរណ៍​ខេត្ត​​សៀមរាប
​​​​

 

តាម​​ប្រភព​ខាង​លើ​ដដែល​បាន​បញ្ជាក់​មាន​ភ្ញៀវ​ទេសចរ​​​​ប្រហែល​ ១៥ ៥០០​នាក់​ ដោយ​ក្នុង​នោះ​​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រហែល​៣ ៥០០​នាក់​ទៅ​​ទស្សនា​បាតុភូត​ខាង​លើ​។

 

​ដើម្បី​ជា​ការ​​​ចូល​រួម​ផ្សព្វ​ផ្សាយ​ព្រឹត្តិការណ៍​​​​ដ៏​អស្ចារ្យ​នេះ​ និង​ជា​ការ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជាតិ​ អន្តរជាតិ​ ក្រសួង​ទេសចរណ៍​​ក៏​រៀប​ចំ​​ការ​ប្រកួត​ប្រជែង​​ថត​រូប​ Selfies ​​ជា​មួយ​បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្ដាល​កំពូល​ប្រាសាទ​អង្គរវត្ត​កម្ពុជា (EQUINOX) ផង​ដែរ ដោយ​ជ្រើស​រើស​​រូប​ថត​ដែល​មាន​អ្នក​គាំ​ទ្រ​ច្រើន​ជាង​គេ​ពី​លេខ​១ ដល់​លេខ​៣​។

 

គួរ​រំលឹក​ផង​ដែរ​ថា​បាតុភូត​ខាង​លើ​ កើត​ឡើង​ចំនួន​២​ដង​ជា​រៀង​រាល់​ឆ្នាំ ដោយ​លើក​ទី​១ ក្នុង​ខែ​មីនា និង​លើក​ទី​២ នៅ​ក្នុង​ខែ​កញ្ញា ។ កាល​ពី​ខែ​មិនា​កន្លង​ទៅ មាន​ភ្ញៀវ​ទេសចរ​ជាង​១ម៉ឺន​នាក់​ មក​ផ្ដិត​យក​រូប​ភាព​ដ៏​ល្អ​ឯក​ពី​បាតុភូត​នេះ​នៅ​អង្គរវត្ត៕

 

14370071_1993842397509209_4025420148398492870_n
14441043_1993842354175880_4384263920348640458_n
14370211_1993842304175885_1533900871834324283_n
14457376_1993842244175891_3851222321606139236_n
14463211_1993842250842557_7984701981616413036_n 

អត្ថបទ៖ មាន រតនា
​​រូបភាព៖ Facebook មន្ទីរ​ទេសចរណ៍​ខេត្ត​​សៀមរាប
​​​​

Source link

ហឿន សំនៀង៖ មនុស្ស​គួរ​រស់​នៅ​ដោយ​មាន​គោលការណ៍ ៣

កម្ពុជា​ ​មាន​ភាគ​រយ​ច្រើន​ជា​យុវជន ដូច្នេះ​យុវជន​ចលករ​ដ៏​សំខាន់​សម្រាប់​អភិវឌ្ឍ​ប្រទេស។ យុវជន​ភាគ​ច្រើន​កំពុង​ជួប​បញ្ហា​មួយ​ចំនួន ដូចជា មិន​ទាន់​យល់​ដឹង​ពី​ដំណើរ​ការ​វិវត្ត​​នៃ​ការ​អប់រំ​ពី​សម័យ​មុន​​​មក​ដល់​សម័យ​បច្ចុប្បន្ន ភ្លើតភ្លើន​លង់​ខ្លួន​ក្នុង​ល្បែង​ស្នេហា​ ជួប​វិបត្តិ​ស្នេហា ​បាក់​ទឹក​ចិត្ត​ធ្វើ​ឲ្យ​ភ្លេច​ខ្លួន​ក្នុង​វ័យ​សិក្សា មិន​ចេះ​កំណត់​គោល​ដៅ​ជីវិត​ និង​ប្រើ​ប្រាស់​ពេល​វេលា​ឲ្យ​បាន​ត្រឹម​ត្រូវ​និង​មាន​ប្រយោជន៍ ​ទទួល​ឥទ្ធិពល​គ្រឿង​ញៀន គ្រឿង​ស្រវឹង​ដែល​ធ្វើ​ឲ្យ​ពួកគេ​ធ្លាក់​ចូល​ក្នុង​អបាយមុខ​ផ្សេង​ៗ។

 

យុវជន​មួយ​ចំនួន​នៅ​តែ​មិន​ទាន់​ស្គាល់​ពី​ចំណុច​ខ្លាំង ចំណុច​ខ្សោយ​របស់​ខ្លួន មិន​ចេះ​ស្វែង​រក​ឱកាស និង​បង្កើត​ឱកាស​សម្រាប់​ខ្លួន​ឯង ជា​ពិសេស​ពួក​គេ​មិន​សូវ​ឱ្យ​តម្លៃ និង​លើក​កម្ពស់​ដល់​វិស័យ​កីឡា ។ ក្តី​បារម្ភ​នេះ​ហើយ​បាន​ជំរុញ​ឲ្យ​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ដ​ដើម្បី​អភិវឌ្ឍ​សង្គម (YVSD) សហការ​រៀបចំ​ជាមួយ​ក្រុម​យុវជន​ដើម្បី​យុវជន (YFY) ក្រុម​យុវជន និង​ការ​អភិវឌ្ឍ​សង្គម (YSD) និង​សភា​និស្សិត​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា (PASS) បាន​រៀបចំ​សិក្ខាសាលា «កីឡា ស្នេហា និង​ការ​អប់រំ សតវត្ស​ទី​២១» ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​ជាង​៦០០​នាក់ ភាគ​ច្រើន​ជា​យុវជន​ កាល​ពី​ថ្ងៃ​ទី​១៨ កញ្ញា នេះ នៅ​សាកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា (សាខា​វិមាន​ឯករាជ្យ)។

 

sportlove-and-education-in-21st-century-workshop-1

 

យុវជន ទីន សុខលីម ប្រធាន​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ដើម្បី​ការ​អភិវឌ្ឍ​សង្គម បាន​ប្រាប់​ឲ្យ​ដឹង​ថា គោល​បំណង​នៃ​សិក្ខា​សាលា​នេះ គឺ​ចង់​ឲ្យ​យុវជន​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង ស្គាល់​ខ្លួន​ឯង​កាន់​តែ​ច្បាស់ ស្វែង​យល់​ពី​របៀប​ជ្រើស​រើស​ដៃគូ​ស្នេហា ភាព​ជា​អ្នក​ដឹកនាំ និង​តួ​នាទី​យុវជន​នៅ​ក្នុង​សង្គម។

 

យុវជន​រូប​នេះ​បន្ត​ទៀត​ថា​ សិក្ខា​សាលា​នេះ​ អ្នក​ចូល​រួម​ភាគ​ច្រើន​ចាប់​អារម្មណ៍​ខ្លំាង​ដោយ​សារ​ប្រធាន​បទ​ចំ​បេះដូង​ពួក​គាត់​ចង់​ដឹង ម្យ៉ាង​វិញ​ទៀត​វត្តមាន​វាគ្មិន​សុទ្ធ​តែ​ជា​អ្នក​ជំនាញ និង​មាន​បទ​ពិសោធន៍​ច្រើន​ចំ​នឹង​ប្រធាន​បទ។ វត្តមាន​វាគ្មិន​ឆ្នើម ៤ រូប បាន​ចែក​រំលែក​បទ​ពិសោធន៍ រួម​មាន លោក ហឿន សំនៀង នាយក​រង​ខុទ្ទកាល័យ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង​បាន​បញ្ចប់​ថ្នាក់​អនុ​បណ្ឌិត​ពី​សាកល​វិទ្យាល័យ Harvard លោក កុលផេង វឌ្ឍនា អ្នក​និពន្ធ​សៀវភៅ កញ្ញា នាង សុវ៉ាតនា ឌីជេ​វិទ្យុ​ក្នុង​កម្មវិធី​ដោះ​ស្រាយ​វិបត្តិ​ស្នេហា និង​កញ្ញា ណារ៉ា សុខេមា នាយក​កម្មវិធី Teach For Cambodia។

 

លោក ហឿន សំនៀង លើក​ឡើង​ថា ការ​មាន​គោលដៅ​ខ្លួន​ឯង ក្នុង​នោះ​ដោយ​យើង​ត្រូវ​ស្គាល់​ខ្លួន​ឯង​ជា​នណា? ថា​យើង​រស់​ដើម្បី​អ្វី ក្នុង​វដ្ដ​នីមួយ​នៃ​ជីវិត មាន​ពេល​នៅ​លីវ មាន​គ្រួសារ និង​អ្វី​ផ្សេងៗ? ការ​រស់​នៅ​របស់​យើង​ត្រូវ​ប្រកប​ដោយ​គោលការណ៍ ដែល​លោក​មាន​គោលការណ៍ ៣ សម្រាប់​ខ្លួន​ឯង (១) លោក​នឹង​ធ្វើ​ជា​មនុស្ស​ល្អ​ដ៏​សាមញ្ញ​​ម្នាក់ (២) ប្រឹង​ប្រែង​តស៊ូ ដោយ​តាំង​ចិត្ត​ថា ក្នុង​ជីវិត​កាន់​តែ​លំបាក កាន់​តែ​មាន​ន័យ និង (៣) ធ្វើ​ជា​មនុស្ស​មាន​ប្រយោជន៍​សម្រាប់​សង្គម។ បើ​យើង​រស់​នៅ​កម្ពុជា​ហើយ​យើង​មិន​ធ្វើ​ជា​ប្រយោជន៍​ដល់​កម្ពុជា នោះ​អ្នក​នឹង​ទាញ​ប្រយោជន៍​ពី​កម្ពុជា សម្រាប់​គ្រួសារ​មួយ បើ​ជា​មិន​ធ្វើ​ជា​ប្រយោជន៍​សម្រាប់​គ្រួសារ​នោះ​ទេ នោះ​អ្នក​នឹង​ទាញ​ប្រយោជន៍​ពី​គ្រួសារ​នោះ។

 

sportlove-and-education-in-21st-century-workshop-3

 

ចំណែក កញ្ញា នាង សុវ៉ាតនា ឈាន​មក​ដល់​ថ្ងៃ​នេះ​ដោយ​សារ​ភាព​ក្រីក្រ។ ដោយ​សារ​តែ​ភាព​ក្រីក្រ​នេះ​ហើយ​ធ្វើ​ឲ្យ​កញ្ញា​ធ្លាប់​ធ្វើ​ការ ៦ ក្នុង​ពេល​តែ​មួយ ដើម្បី​ក្រពះ​ដែល​នាំ​ឲ្យ​មាន​សមត្ថភាព​ចេះ​ធ្វើ​ការងារ​ច្រើន។ សម្រាប់​ភាព​រឹងមាំ កើត​ដោយសារ​ការ​គិត​វិជ្ជមាន និង​មិន​ខ្លាច​គេ​គិត​ថា​ខុស​គេ។ សម្រាប់​សមត្ថភាព​ដោះ​ស្រាយ​វិបត្តិ​ស្នេហា​ក្នុង​កម្មវិធី​វិទ្យុ កើត​ពី​ការ​បែក​បាក់​ស្នេហា​ច្រើន​ដង តែ​ក្រោយ​ការ​បែក​បាក់​ធ្វើ​ឲ្យ​កញ្ញា​កាន់​តែ​រឹងមាំ​ជាង​មុន។

 

ដោយ​ឡែក​កញ្ញា ណារ៉ា សុខេមា ថា កត្តា​ដែល​នាំ​ឲ្យ​កញ្ញា​មាន​ថ្ងៃ​នេះ​ដោយ​សារ កញ្ញា​តែង​មើល​ទៅ​វិញ​លើ​អ្វី​ដែល​បាន​ធ្វើ ហើយ​សួរ ​៣​សំណួរ (១) បើ​ករណី​ស្លាប់​ទៅ តើ​អ្វី​ដែល​កញ្ញា​សោក​ស្ដាយ​ ប្រសិន​មិន​បាន​ធ្វើ? (២) បើ​ករណី​ស្លាប់​ទៅ តើ​អ្វី​ដែល​កញ្ញា​នឹង​សោក​ស្ដាយ​បើ​សិន​ជា​បាន​ធ្វើ? និង (៣) បើ​សិន​ខ្លួន​ជា​អ្នក​និពន្ធ តើ​ចង់​សរសេរ​ពី​ខ្លួន​បែប​ណា? ។

 

ឯ​លោក កុលផេង វឌ្ឍនា បាន​លើក​ឡើង​ថា ដែល​ថា​អ្វី​ដែល​នាំ​ឲ្យ​គាត់​មាន​ថ្ងៃ​នេះ ដោយ​សារ​គាត់​ប្រកាន់​នូវ​គំនិត​មួយ​ថា ពេល​គាត់​ចាក​ចេញ​ទៅ តើ​អ្វី​ដែល​គាត់​នឹង​បន្សល់​ទុក។

 

sportlove-and-education-in-21st-century-workshop-2

 

អនុ​ប្រធាន​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ដើម្បី​ការ​អភិវឌ្ឍ​សង្គម យុវជន មុត សុភា ថា៖ “អត្ថន័យ​នៃ​ប្រធាន​បទ​នេះ អត្ថន័យ​កីឡា គឺ​ចង់​ឲ្យ​យុវជន​ចំណាយ​ពេល​វេលា​ឲ្យ​មាន​ប្រយោជន៍ លេង​កីឡា​ដើម្បី​សុខភាព គាំទ្រ​កីឡា​គ្រប់​ប្រភេទ ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន និង​ឆ្លៀត​ពេល​ទំនេរ​ពី​ការ​សិក្សា​មក​ធ្វើ​ការងារ​សង្គម។ អត្ថន័យ​ស្នេហា គឺ​ដើម្បី​ឲ្យ​យុវជន​ចេះ​ជ្រើស​រើស​ដៃគូ​ជីវិត​ត្រឹមត្រូវ។ ម្យ៉ាង​ជា​ឱកាស​ល្អ​សម្រាប់​អ្នក​មាន​វិបត្តិ​ស្នេហា​បាន​ប្រឹក្សា​យោបល់ និង​លើក​ទឹកចិត្ត​សម្រាប់​អ្នក​មាន​វិបត្តិ។ អត្ថន័យ​ការ​អប់រំ​សតវត្ស​ទី​២១ គឺ​ចង់​និយាយ​ពី​ការ​វិវត្ត​នៃ​ការ​អប់រំ​ពី​សម័យ​រហូត​មក​ដល់​បច្ចុប្បន្ន ព្រម​ទាំង​ចង់​ឲ្យ​យុវជន​ចេះ​ស្គាល់​ខ្លួន​ឯង និង​ចេះ​កំណត់​គោល​ដៅ​ជីវិត”។

 

អត្ថបទ៖ ដៃគូ​សហការ

Source link

និទាន “ពស់​វែក” ផ្ដល់​មេរៀន​អប់រំ​សំខាន់​មួយ​សម្រាប់​មនុស្ស​គ្រប់​គ្នា

ជាង​ឈើ​ម្នាក់​បាន​បិទ​ទ្វា​រោង​ធ្វើការ​របស់​គាត់​បន្ទាប់​ពី​បញ្ចប់​ការងារ​ពេញ​មួយ​ថ្ងៃ។ ភ្លាម​នោះ​ពស់​វែក​មួយ​បាន​វា​សសៀរ​ចូល​ក្នុង​រោង​នោះ។

 

នៅ​ពេល​នោះ​ពស់​វែក​ឃ្លាន​ខ្លាំង​និង​សង្ឃឹម​ថា​រក​បាន​ចំណី​ណា​មួយ​ចម្អែត​ក្រពះ​របស់​ខ្លួន។ វា​បាន​វារ​ពី​ជ្រុង​ម្ខាង​ទៅ​ជ្រុង​ម្ខាង ហើយ​ក៏​ស្រាប់​តែ​ប៉ះ​ចុង​ពូថៅ​មុខ​ពីរ​មួយ​ដោយ​ចៃដន្យ ធ្វើ​ឲ្យ​មាន​របួស​ខ្លួន​បន្តិច។

 

ដោយ​សារ​កំហឹង​ និង​ចង់​សងសឹក ពស់​វែក​នោះ​បាន​បញ្ចេញ​ធ្មេញ​ខាំ​ផ្លែ​ពូថៅ​មួយ​ទំហឹង។ ប៉ះ​ជាមួយ​ផ្លែ​ពូថៅ​ដែក ពស់​វែក​បាន​ត្រឹម​តែ​របួស​មាត់​ឈាម​រហាច។ ក៏​ប៉ុន្តែ​ដោយ​កំហឹង​កាន់​តែ​ខ្លាំង និង​ភាព​ក្រអឺតក្រទម​របស់​ខ្លួន ពស់​វែក​បាន​ប្រើ​កម្លាំង​ទាំង​អស់​របស់​វា​រឹត​ពូថៅ​ក្នុង​បំណង​ចង់​សម្លាប់​ឲ្យ​ស្លាប់។ លទ្ធផល​ ពស់​វែក​គឺ​ជា​អ្នក​ស្លាប់​យ៉ាង​អាណោចអាធ័ម។

 

ការ​ស្លាប់​របស់​ពស់​វែក​មិន​មែន​ដោយ​សារ​កំហុស​អ្នក​ណា​ឡើយ ប៉ុន្តែ​ដោយ​សារ​កំហឹង​ក្រេវក្រោធ​របស់​ខ្លួន​ឯង។

 

king-cobra-back

 

គំនិត​អប់រំ៖

​ជួន​កាល​ពេល​ខឹង យើង​ព្យាយាម​ធ្វើបាប​អ្នក​ដទៃ​ប៉ុន្តែ​នៅ​ពេល​ក្រោយ​មក ទើប​យើង​ដឹង​ថា​យើង​ធ្វើ​បាប​ខ្លួន​ឯង​ជាង​​ធ្វើ​បាប​គេ​​ទៅ​ទៀត។ ដើម្បី​ជីវិត​មាន​ក្ដី​សុខ ល្អ​បំផុត​គួរ​រៀន​ធ្វើ​មិន​ដឹង​មិន​ឮ​សម្រាប់​រឿង​រ៉ាវ បញ្ហា ឬ​មនុស្ស​មួយ​ចំនួន។ វា​មិន​ចាំ​បាច់​អ្វី​ដែល​យើង​ត្រូវ​ប្រតិកម្ម​តបត​ចំពោះ​គ្រប់​រឿង​ដែល​កើត​ឡើង​នោះ​ឡើយ ប៉ុន្តែ​ត្រូវ​ឈាន​ថយ​មួយ​ជំហាន និង​សួរ​ខ្លួន​ឯង​ថា តើ​បញ្ហា​នោះ​សម​នឹង​ឲ្យ​យើង​ចំណាយ​កម្លាំង​និង​ពេល​វេលា​ដើម្បី​តបត​ដែរ​ឬ​ទេ? ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែន​ទែន នៅ​ពេល​អ្នក​ត្រូវ​សម្រេច​ចិត្ត​ពេល​ដែល​មាន​អារម្មណ៍​ពុះ​កញ្ជ្រោល​ខ្លាំង ៕

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ បរទេស

Source link

វីដេអូ​​​វិធី​ងាយៗ វេច​នំ​អន្សម២០ តាម​បែប​ជន​បទ​សម្រាប់​ភ្ជុំ​បិណ្ឌ

​រដូវ​​បុណ្យ​ភ្ជុំ​បិណ្ឌ​ម្ដងៗ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ទី​ជន​បទ​និយម​ធ្វើ​នំ​អន្សម​ស្ទើរ​​គ្រប់​ផ្ទះ ដើម្បី​យក​ទៅ​វត្ត​រួម​ជា​មួយ​គ្រឿង​ភត្តាហារ​ផ្សេង​ៗ​ទៀត។ អ្នក​ស្រី ចាន់ សុខជា ដែល​ជា​អ្នក​វេច​នំ​ម្នាក់​នៅ​ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង បាន​បង្ហាញ​វិធី​ងាយ​ៗ​សម្រាប់​អ្នក​ចង់​វេច​នំ​ជា​លក្ខណៈ​គ្រួសារ​ត្រឹម ២០​នំ។ ​

 

%e1%9e%93%e1%9f%86%e1%9e%a2%e1%9e%93%e1%9f%92%e1%9e%9f%e1%9e%98%e1%9e%87%e1%9f%92%e1%9e%9a%e1%9e%bc%e1%9e%80-06

 

គ្រឿង​ផ្សំ៖

អង្ករ​ដំណើប ១៥កំប៉ុង សណ្ដែក​បាយ ១,៥គីឡូក្រាម សាច់​ជ្រូក​បី​ជាន់ ១,៥គីឡូក្រាម និង​គ្រឿង​ទេស​ផ្សេង​ៗ (ខ្ទឹម​ស ម្រេច ប៊ីចេង ស្ករ អំបិល ម្សៅ​ស៊ុប​ខ្នរ) ស្លឹក​ចេក និង​ខ្សែ​សម្រាប់​ចង។ បរិមាណ​គ្រឿង​ផ្សំ​នេះ​អាច​វេច​បាន​ពី២០ ទៅ ២៥​នំ តាម​ទំហំ​តូច ឬ​ធំ។ ​

 

មុន​ពេល​វេច៖

ជំហាន​ទី១៖ សាច់​ជ្រូក​បី​ជាន់ ១,៥​គីឡូក្រាម​ហាន់​ជា​បន្ទះ​ឲ្យ​ល្មម យក​មក​ប្រឡាក់​គ្រឿង​តាម​ចំណូល​ចិត្ត​ដូច​ជា ខ្ទឹម​ស ម្រេច ប៊ីចេង ស្ករ អំបិល ម្សៅ​ស៊ុប​ខ្នរ រួច​ច្របល់​ឲ្យ​សព្វ​ចូល​ជាតិ​គ្នា។ បើ​ចង់​ឲ្យ​ចូល​ជាតិ​គ្នា​កាន់​តែ​ខ្លាំង អាច​ប្រឡាក់​គ្រឿង​ទុក​មុន​មួយ​ថ្ងៃ។

 

ជំហាន​ទី២៖ សណ្ដែក​បាយ ១,៥គីឡូក្រាម យក​មក​ត្រាំ លាង​ទឹក​ឲ្យ​ស្អាត ទុក​ដោយ​ឡែក​សិន។
ជំហាន​ទី៣៖ អង្ករ​ដំណើប ១៥​កំប៉ុង យក​មក​លាង​ទឹក​ឲ្យ​ស្អាត រួច​ទុក​ចោល​ឲ្យ​ស្រស់​ទឹក ចាំ​យក​មក​លាយ​អំបិល​បន្តិច លាយ​ជាមួយ​ម្សៅ​ស៊ុប​ខ្នរ​ ២ស្លាប​ព្រា​​បាយ ដើម្បី​បន្ថែម​រសជាតិ។ ប្រសិន​បើ​ចង់​ដាក់​ដូង ក៏​អាច​ដាក់​លាយ​ជាមួយ​អង្ករ​បាន​ដែរ ប៉ុន្តែ​ប្រជាជន​មួយ​ចំនួន​គិត​ថា​ទ្រលាន់​ទើប​មិន​ប្រើ។

 

ជំហាន​ទី៤៖ ស្លឹក​ចេក​កាត់​ឲ្យ​ល្មម​វេច​បាន រួច​ហាល​ថ្ងៃ​ទុក​ឲ្យ​ទន់​បន្តិច ងាយ​ស្រួល​ខ្ចប់​មិន​ប្រេះ​បែក។ ចំពោះ​ចំណង​វិញ ត្រូវ​ប្រើ​ខ្សែ​សង្វារចេក ឬ​ខ្សែ​ធម្មតា​ក៏​បាន ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​អាច​ចង​ជាប់ កុំ​ឲ្យ​ទឹក​ចូល​នំ​បាន។​​

 

វិធី​វេច៖
ដំបូង​ត្រូវ​លា​ស្លឹក​ចេក ដាក់​លើ​គ្នា ៤ ឬ ៥​ស្រទាប់​ឲ្យ​ក្រាស់​ល្មម ដើម្បី​កុំ​ឲ្យ​នំ​ឆាប់​ផ្អូម។ បន្ទាប់​មក​​ត្រូវ​ដាក់​អង្ករ​រោយ​លើ​ស្លឹក​ចេក រួច​រោយ​សណ្ដែក​ពី​លើ​អង្ករ ដាក់​ស្នូល​សាច់​ជ្រូក​ដែល​ប្រឡាក់​គ្រឿង​រួច ហើយ​ដាក់​សណ្ដែក​បាយ និង​អង្ករ​ពី​លើ​បន្តិច​ទៀត រួច​មូល​ស្លឹក​ទាំង​ពីរ​ខ្ចប់​​ចូល​​គ្នា។

 

បន្ទាប់​ពី​មូល​ចូល​គ្នា​ហើយ ត្រូវ​ខ្ចប់​ផ្នែក​ម្ខាង​ឲ្យ​ជាប់ រួច​យក​ឈើ​មាន​មុខ​ល្មម មក​ញាត់​ពី​ផ្នែក​ម្ខាង​ទៀត​ឲ្យ​តឹង​ណែន​ល្អ​ដើម្បី​ចង។ ចំណង​ត្រូវ​រុំ​ឲ្យ​ណែន​ល្អ ដើម្បី​កុំ​ឲ្យ​ទឹក​អាច​ចូល​ក្នុង​នំ ដែល​អាច​ធ្វើ​ឲ្យ​អង្ករ​រលាយ​ចេញ​មក​ក្រៅ។ អាច​ចង ៥​កង់ ដើម្បី​មើល​ទៅ​មាន​សោភណភាព​ផង និង​ជាប់​ណែន​ល្អ​ផង។​

 

ពេល​ចម្អិន៖
ត្រូវ​យក​ឆ្នាំង​ធំ​មួយ​មក​ដាំ​ទឹក​ឲ្យ​ពុះ ចាំ​យក​នំ​អន្សម​ដែល​ចង​រួច​ទៅ​ដាក់​ចូល។ រយៈ​ពេល​​ស្ងោរ​អាច​ពី ៥ ទៅ ៦​ម៉ោង ទម្រាំ​ឆ្អិន​ល្អ ឬ​អាច​ស្រង់​យក​មក​ភ្លក់​មើល​ក៏​បាន។ ការ​ចម្អិន​នេះ​ទៀត​សោត យើង​ត្រូវ​នៅ​ចាំ​មើល​ភ្លើង​ឲ្យ​បាន​ដិត​ដល់ ហើយ​ត្រូវ​ថែម​ទឹក និង​ប្រែ​នំ​ទៅ​ម្ខាង​ទៀត ដើម្បី​ឲ្យ​នំ​ឆ្អិន​សព្វ​ល្អ៕

 

តោះ! ទស្សនា​វីដេអូ ដើម្បី​ឲ្យ​កាន់​តែ​ងាយ​ស្រួល​ធ្វើ…

 

 

អត្ថបទ៖ គង់ វិសាល

Source link