ឪពុក​កុមារី​ដែល​ត្រូវ​អតីត​មន្ត្រី​នគរបាល​ចាប់​រំលោភ​កាល​ពី​៧​ឆ្នាំ​មុន​បន្ត​ទាមទារ​យុត្តិធម៌

ឪពុក​កុមារី​រងគ្រោះ​ដែល​ត្រូវ​ជន​ល្មើស​ឈ្មោះ កង សុផាត ជា​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​រំលោភ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នៅ​មុខ​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Den Ayuthyea

ដោយ ដែន អយុធ្យា RFA 2017-07-16

ឪពុក​កុមារី​រងគ្រោះ​លើ​ករណី​រំលោភ​ផ្លូវ​ភេទ​ដែល​មាន​ជន​ជាប់​ចោទ​ជា​អតីត​មន្ត្រី​នគរបាល​ខេត្ត​ព្រះសីហនុ អះអាង​ថា កូន​ស្រី​របស់​គាត់​ក្នុង​ពេល​បច្ចុប្បន្ន​ដែល​មាន​អាយុ ១៨​ឆ្នាំ ដែល​ត្រូវ​ជនល្មើស​ឈ្មោះ កង សុផាត ចាប់​រំលោភ​តាំង​ពី​អាយុ​ជាង ៧​ឆ្នាំ​មុន នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នោះ​ទេ។

អាណាព្យាបាល​រូប​នេះ​ស្នើ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ស្វែងរក​យុត្តិធម៌ ជាពិសេស​ជួយ​អន្តរាគមន៍​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ មាន​ផ្ទះ ឬ​ដីធ្លី​ជាដើម​របស់​ជនល្មើស​ឈ្មោះ កង សុផាត ដើម្បី​ផ្តល់​សំណង​ជំងឺ​ចិត្ត​ចំនួន ៤០​លាន​រៀល តាម​សាល​ដីកា​ស្ថាពរ​របស់​តុលាការ​កំពូល ផ្តល់​ជូន​គ្រួសារ​លោក។

ឪពុក​កុមារី​រងគ្រោះ​ដោយ​ករណី​រំលោភ​ផ្លូវ​ភេទ​រស់នៅ​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​និយាយ​ប្រាប់​អាស៊ីសេរី​ថា រូប​គាត់​ក៏ដូចជា​កូន​ស្រី បាន​ទន្ទឹង​រង់ចាំ​យុត្តិធម៌​អស់​រយៈពេល​ជាង ៧​ឆ្នាំ​មក​ហើយ ហើយ​គិត​មក​ដល់​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​កក្កដា ជនល្មើស​នៅ​មាន​សេរីភាព​នៅ​ឡើយ។

អាណាព្យាបាល​រូប​នេះ​បាន​ឲ្យ​ដឹង​ថា កូន​ស្រី​គាត់​ដែល​កាលណោះ​ទើប​មាន​អាយុ ១១​ឆ្នាំ ត្រូវ​ឈ្មោះ កង សុផាត ជា​អតីត​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​រំលោភ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១០។ លោក​ថា គិត​មក​ដល់​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៧ ជនល្មើស​នៅ​មាន​សេរីភាព​ក្រៅ​សំណាញ់​ច្បាប់​នៅ​ឡើយ ទោះ​បី​តុលាការ​កំពូល សម្រេច​សាល​ដីកា​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៦ ឲ្យ​ជនល្មើស​ឈ្មោះ កង សុផាត ជាប់​គុគ ៥​ឆ្នាំ និង​ពិន័យ​ប្រាក់ ៤០​លាន​រៀល​បែប​ណា​ក្តី។

ផ្ដើម​ពី​បញ្ហា​នេះ ឪពុក​កុមារី​រងគ្រោះ​ដែល​មាន​សម្បុរ​ខ្មៅ និង​រាងកាយ​ស្គមស្គាំង បាន​លើក​ដៃ​សំពះ​អំពាវនាវ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ស្ថាប័ន​អនុវត្តន៍​ច្បាប់​ពាក់ព័ន្ធ ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ឲ្យ​ចាប់​ជនល្មើស​ដាក់​ពន្ធនាគារ និង​ជួយ​រឹបអូស​ទ្រព្យ​សម្បត្តិ​ជនល្មើស​មាន​ផ្ទះ និង​ដីធ្លី​ជាដើម ដើម្បី​ផ្តល់​សំណង​ជំងឺ​ចិត្ត​ជូន​កូន​ស្រី​គាត់៖ «ខ្ញុំ​សុំ​លើក​ដៃ​សំពះ​អំពាវនាវ​ដល់​សម្ដេច​តេជោ ហ៊ុន សែន និង​លោក​ជំទាវ សូម​ឲ្យ​បាន​ភាព​យុត្តិធម៌​ចំពោះ​គ្រួសារ​ខ្ញុំ ក៏ដូចជា​កូន​ស្រី​ខ្ញុំ​អ៊ីចឹង​ដែរ។ សូម​ជួយ​ខ្ញុំ​ឲ្យ​បាន​សំណង​ដែល​តុលាការ​កំពូល​បង្គាប់​ឲ្យ​ឈ្មោះ កង សុផាត សង​ជំងឺ​ចិត្ត ៤០​លាន​រៀល ដើម្បី​ប៉ះប៉ូវ​ជំនួស​ឲ្យ​ការ​ខូចខាត​របស់​កូន​ស្រី​ខ្ញុំ​ផង»។

បន្ថែម​លើ​នេះ លោក​ក៏​បាន​ឲ្យ​ដឹង​ថា សំណុំ​រឿង​កូន​ស្រី​របស់​គាត់​ក៏​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្ដឹង​សុំ​កិច្ច​អន្តរាគមន៍​ផ្ទាល់​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក្រសួង​យុត្តិធម៌ និង​ដាក់​ពាក្យ​បណ្ដឹង​សុំ​កិច្ច​អន្តរាគមន៍​លើ​សំណុំ​រឿង​នេះ​ទៅ​កាន់​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៦ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយតប ឬ​ដំណោះស្រាយ​ទេ។ ឪពុក​កុមារី​រងគ្រោះ ឲ្យ​ដឹង​ថា គ្រួសារ​គាត់​ដែល​មាន​ជីវភាព​តោកយ៉ាក​មួយ​នេះ បាន​ទន្ទឹង​រង់ចាំ​យុត្តិធម៌​ផ្តល់​ជូន​ពី​ប្រព័ន្ធ​តុលាការ​គ្រប់​ជាន់​ថ្នាក់​ជាង ៧​ឆ្នាំ​មក​ហើយ នៅ​ឡើយ​មិន​ទាន់​មាន​យុត្តិធម៌​ទេ។

សំណុំ​រឿង​នេះ មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​ព្រះសីហនុ មាន​អង្គការ​លីកាដូ (LICADHO) និង​សមាគម​អាដហុក (ADHOC) ជាដើម មាន​ចម្ងល់​ថា បទល្មើស​ព្រហ្មទណ្ឌ​រំលោភ​ផ្លូវ​ភេទ​អនីតិជន​មួយ​ករណី​នេះ ហេតុ​អ្វី​បាន​ជា​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ អាច​អនុញ្ញាត​ឲ្យ​ជនល្មើស​ឈ្មោះ កង សុផាត រួច​ផុត​ពី​ការ​ផ្ដន្ទាទោស និង​រស់នៅ​ក្រៅ​មន្ទីរ​ឃុំឃាំង​បាន​ទៅ​វិញ ព្រោះ​ជនល្មើស​រូប​នេះ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​បញ្ជូន​ខ្លួន​មក​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​សាលា​ដំបូង​ទៅ​ហើយ​នោះ។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី មាន​មន្ទិល​ថា ទំនង​ជា​សំណុំ​រឿង​នេះ​អាច​មាន​ជាប់​ពាក់ព័ន្ធ​មាន​អ្នក​រត់ការ ឈាន​ដល់​ផ្តល់​សំណូក​ពុក​រលួយ​នៅ​ប្រព័ន្ធ​តុលាការ​ក្នុង​អំឡុង​ពេល​នោះ​ក៏​ថា​បាន ទើប​ជនល្មើស កង សុផាត មិន​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ឃុំ​ខ្លួន។

អ្នកស្រី សុធារី ចាត់​ទុក​ដំណើរការ​ក្តី​រឿង​ព្រហ្មទណ្ឌ​រំលោភ​ផ្លូវ​ភេទ​អនីតិជន​នេះ ថា​មាន​ភាព​អយុត្តិធម៌​ចំពោះ​កុមារី​រងគ្រោះ​បំផុត ហើយ​ក៏​ជា​សំណុំ​រឿង​ក្តី​មួយ​ក្នុង​ចំណោម​សំណុំ​រឿង​អយុត្តិធម៌​ច្រើន​ទៀត ដែល​សាធារណៈ​រិះគន់ និង​ចោទ​ប្រព័ន្ធ​តុលាការ​កម្ពុជា មិន​មាន​ឯករាជ្យ ពុក​រលួយ និង​កាត់​ក្តី​មិន​យុត្តិធម៌ ជាដើម៖ «រឿង​ផ្តល់​សំណង​រដ្ឋប្បវេណី​តាម​ផ្លូវ​តុលាការ​ហ្នឹង វា​មាន​តែ​តុលាការ​ហ្នឹង​គាត់​មេត្តា​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ហ្នឹង ជួយ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ពី​ទ្រព្យ​សម្បត្តិ​ផ្សេង​ទៀត​របស់​ជនល្មើស​ឈ្មោះ កង សុផាត ហ្នឹង ព្រោះ​រាល់​ឯកសារ​កាន់កាប់​ដីធ្លី​ផ្សេងៗ​ហ្នឹង គឺ​អាជ្ញាធរ​ជា​អ្នក​ដឹង​ឮ​មុន​គេ ព្រោះ​អាជ្ញាធរ​ជា​អ្នក​គ្រប់គ្រង​ភូមិសាស្ត្រ និង​វិទ្យាសាស្ត្រ​នៅ​តាម​មូលដ្ឋាន​ដែល​ជនល្មើស​ឈ្មោះ កង សុផាត រស់នៅ។ អ៊ីចឹង​រាល់​ឯកសារ​ដីធ្លី​ផ្សេងៗ គឺ​ភាគច្រើន​បាន​ធ្វើ​នៅ​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​លេខ​៣ ហ្នឹង​តែ​ម្តង»។

ទាក់ទិន​បញ្ហា​នេះ កាល​ពី​ឆ្នាំ​២០១៦ ក្រសួង​មហាផ្ទៃ បាន​សម្រេច​អនុវត្ត​វិន័យ​ចំពោះ​អនុសេនីយ៍ទោ កង សុផាត មាន​តួនាទី​នាយ​រង​ផ្នែក​ព័ត៌មាន​លើ​វិស័យ​សេដ្ឋកិច្ច វប្បធម៌ អប់រំ និង​សង្គម នៃ​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដោយ​ដក​ហូត​មុខ​តំណែង ឋានន្តរស័ក្តិ និង​បណ្ដេញ​ផុត​ចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ។

ចំណែក​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ លោក ហួត វិចិត្រ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ក៏​បាន​ចេញ​ដីកា​បង្គាប់​ទៅ​មន្ត្រី​នគរបាល​យុត្តិធម៌ ឲ្យ​ចាប់​ខ្លួន​ឈ្មោះ កង សុផាត យក​មក​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ឆ្នាំ​២០១០។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ធ្លាប់​មាន​ប្រសាសន៍​ថា រាល់​ថ្ងៃ​នេះ ជនល្មើស​ឈ្មោះ កង សុផាត ដែល​អតីត​ជា​មន្ត្រី​នគរបាល​ខេត្ត​នេះ មិន​មាន​វត្តមាន​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ទៀត​ទេ ហើយ​កម្លាំង​ជំនាញ​ស្ថាប័ន​លោក​បាន​បន្ត​ឃ្លាំ​មើល និង​ចុះ​ស្រាវជ្រាវ​មុខ​សញ្ញា​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​មាន​ដីកា​ឲ្យ​នាំ​ខ្លួន ឃុំ​ខ្លួន​ជនល្មើស​ឈ្មោះ កង សុផាត ពី​តុលាការ​លើ​សំណុំ​រឿង​នេះ​រួច​ហើយ៕

Source link

x

Check Also

អាជ្ញាធរ​ឃុំ​ខេត្ត​កំពង់ធំ​រង​ការ​ចោទ​ថា​ឃុបឃិត​ចែក​ដី​សហគមន៍​ឲ្យ​ពលរដ្ឋ​ផ្សេង

សមាជិក​ព្រៃ​សហគមន៍​ឃ្មុំ​ស្រករ​ថ្លុក​ឫស្សី នៅ​ឃុំ​ត្រពាំងឫស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ចុះ​ពិនិត្យ​មើល​ទីតាំង​ដែល​អាជ្ញាធរ​មូលដ្ឋាន​បែងចែក​ដី​សហគមន៍​ជូន​ពលរដ្ឋ​តំបន់​ផ្សេង ...

កម្មករ​ជិត​១​ពាន់​នាក់​នៅ​ខេត្ត​ព្រះសីហនុ​ដែល​ថៅកែ​រត់​ចោល​ទទួល​បាន​ប្រាក់​បៀវត្សរ៍

ក្រុម​កម្មករ​កម្មការិនី និង​និយោជិត​ប្រមាណ ១​ពាន់​នាក់ បើក​ប្រាក់​បៀវត្សរ៍​បន្ទាប់​ពី​រោងចក្រ អ.ស៊ី.អាយ ...