អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ហៅ​លោក សម រង្ស៊ី ថា​ជា​ជន​កំសាក

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​តាម​វីដេអូ​ឃ្លីប​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy facebook

ដោយ យ៉ង ចាន់តារា RFA 2017-07-16

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន នៅ​ថ្ងៃ​ទី​១៦ កក្កដា ហៅ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថា​ជា​ជន​កំសាក ដែល​សម្ងំ​យក​សុខ​តែ​ម្នាក់​ឯង មិន​ខ្វល់​ពី​សុខ​ទុក្ខ​របស់​ប្រជាជន។ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ច្រានចោល​ការ​លើក​ឡើង​បែប​នេះ ដោយ​បញ្ជាក់​ថា វត្តមាន​របស់​លោក សម រង្ស៊ី ក្នុង​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ​នេះ​ជា​រឿង​សំខាន់ ដូច្នេះ​ទើប​គណបក្ស​កាន់​អំណាច​ប្រឹងប្រែង​ដើម្បី​បញ្ចប់​ជីវិត​នយោបាយ​របស់​គាត់។

ការ​វាយប្រហារ​ជា​ពាក្យ​សម្ដី​ធ្ងន់ៗ​របស់​លោក សុខ ឥសាន នេះ ធ្វើ​ឡើង​ស្រប​ពេល​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ជាច្រើន​រូប បាន​ធ្វើ​ទស្សនកិច្ច​ជា​បន្តបន្ទាប់​ទៅ​កោះ​ហុងកុង ដើម្បី​ជួប​ជាមួយ​លោក សម រង្ស៊ី ជា​លើក​ចុង​ក្រោយ មុន​ពេល​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ជា​លើក​ទី​ពីរ ត្រូវ​ចូល​ជា​ធរមាន ដែល​នឹង​ឈាន​ដល់​ការ​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី ទាំងស្រុង។

លោក សុខ ឥសាន សរសេរ​ក្នុង​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) ថា លោក សម រង្ស៊ី គឺ​ជា​ជន​កំសាក​ដែល​តែង​និយាយ​ថា​ខ្លួន​ស្រឡាញ់​ជាតិ និង​ប្រជាជន ក៏ប៉ុន្តែ​ពេល​ប្រជាជន​មាន​ទុក្ខ​លំបាក លោក​បែរ​ជា​ទៅ​សម្ងំ​យក​សុខ​តែ​ម្នាក់​ឯង​ទៅ​វិញ។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៦។ RFA Photo

លោក​បញ្ជាក់​បន្ថែម​ថា លោក សម រង្ស៊ី ធ្វើ​នយោបាយ​ដោយ​ចង​កំហឹង និង​មាន​គំនុំ​គុំកួន​ទៅ​លើ​ដៃគូ​ប្រកួត​ប្រជែង៖ «គាត់​ប្រព្រឹត្ត​ល្មើស​ច្បាប់ គាត់​ទៅ​បរិហារ​កេរ្តិ៍​គេ អា​ហ្នឹង​គេ​ហៅ​ថា​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​នៅ​ក្នុង​សង្គម បំបែក​បំបាក់​ជាតិ គ្មាន​អ្វី​ធ្វើ​ដើម្បី​ផល​ប្រយោជន៍​ជាតិ​ទេ។ គាត់​ស្រែក​ឲ្យ​ឡប់​ប្រជាពលរដ្ឋ​ថា គាត់​ធ្វើ​ដើម្បី​ជាតិ ប៉ុន្តែ​ពេល​ធ្វើ​ហើយ​មាន​បញ្ហា គាត់​រត់​ចោល​ជាតិ»។

ទន្ទឹម​នឹង​ការ​បង្អាប់​លោក សម រង្ស៊ី ថា​ជា​ជន​កំសាក​នេះ លោក សុខ ឥសាន បាន​លើក​តម្កើង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ដូចជា លោក ជា ស៊ីម លោក ហេង សំរិន លោក ហ៊ុន សែន លោក ស ខេង និង​លោក សាយ ឈុំ ជាដើម ថា​ជា​វីរបុរស​ជាតិ​ដែល​ចេះ​គិតគូរ​បញ្ហា​ស្រុក​ទេស រិះរក​វិធី​ដោះស្រាយ​បញ្ហា​ជាតិ និង​គិតគូរ​ផល​ប្រយោជន៍​រួម​ជា​ធំ។

ឆ្លើយតប​រឿង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ ថ្លែង​ថា ប្រជាពលរដ្ឋ​បាន​ដឹង និង​អាច​ពិចារណា​ដោយ​ខ្លួន​ឯង​ថា​អ្នក​នយោបាយ​រូប​ណា​ដែល​មាន​ចរិត​បែប​នេះ ជា​អ្នក​បង្កើត​ឲ្យ​មាន​បញ្ហា​អយុត្តិធម៌​សង្គម និង​ជា​អ្នក​ធ្វើ​បាប​រាស្ត្រ​ពិតប្រាកដ ហើយ​ពលរដ្ឋ​នឹង​សម្ដែង​ឆន្ទៈ​របស់​គាត់​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ។

លោក យឹម សុវណ្ណ ដែល​ជា​មនុស្ស​ជំនិត និង​មាន​ភក្ដីភាព​ចំពោះ​លោក សម រង្ស៊ី ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ បន្ត​ថា វត្តមាន​របស់​អតីត​មេ​បក្ស​របស់​លោក​ក្នុង​ការ​បោះឆ្នោត​ជាតិ​ជា​រឿង​សំខាន់ ហេតុ​ដូចនេះ​ហើយ​ទើប​គណបក្ស​កាន់​អំណាច​ប្រញាប់ប្រញាល់​អនុម័ត​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ​ជា​ថ្មី​ម្តង​ទៀត តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បើ​ទោះ​ជា​លោក សម រង្ស៊ី បាន​លាលែង​ពី​តំណែង​ជា​ប្រធាន​បក្ស​រួច​ហើយ​ក៏ដោយ​ចុះ៖ «បើ​សិន​ជា​គាត់​យល់​ឃើញ​ថា គាត់​អាច​ឈ្នះ​ឆ្នោត​ដោយ​មិន​ចាំបាច់​ធ្វើ​អ្វី​នោះ​ទេ ខ្ញុំ​ជឿ​ថា​គាត់​មិន​ចាំបាច់​ធ្វើ​បែប​នេះ​ទេ។ បើ​គាត់​ធ្វើ​បែប​នេះ មាន​ន័យ​ថា​គាត់​ប្រាកដ​ក្នុង​ចិត្ត​ណាស់​ថា ប្រជាជន​នឹង​បោះឆ្នោត​ជូន​លោក សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ»។

វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ដែល​ទើប​ត្រូវ​បាន​សមាជិក​រដ្ឋសភា​គណបក្ស​ប្រជាជន​កម្ពុជា លើក​ដៃ​អនុម័ត​កាល​ពី​ពេល​ថ្មី​នេះ ត្រូវ​បាន​អ្នក​ជំនាញ​មើល​ឃើញ​ថា ជា​ចេតនា​បិទ​បញ្ចប់​ជីវិត​នយោបាយ​របស់​លោក សម រង្ស៊ី ទាំងស្រុង​តែ​ម្តង ព្រោះ​ច្បាប់​ថ្មី​នេះ​មាន​ចែង​អំពី​ទណ្ឌិត​មិន​អាច​ពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ​បាន។

អ្នក​ស្រាវជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម បណ្ឌិត មាស នី យល់​ឃើញ​ថា គណបក្ស​កាន់​អំណាច​ព្រួយ​បារម្ភ​នឹង​វត្តមាន​របស់​លោក សម រង្ស៊ី ដូច្នេះ​ហើយ​បាន​ជា​ពួក​គេ​តែង​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​មិន​ឲ្យ​លោក សម រង្ស៊ី ចូល​ស្រុក​បាន៖ «ម្យ៉ាង​ដូចជា​ចង់​យក​ប្រៀប តែ​ម្យ៉ាង​ទៀត​ដូចជា​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ចំពោះ​វត្តមាន​លោក សម រង្ស៊ី នៅ​ក្នុង​ស្រុក ដោយសារ​តែ​ឃើញ​ការ​ទទួល​រាក់ទាក់​របស់​ពលរដ្ឋ​នៅ​ពេល​លោក សម រង្ស៊ី វិល​ត្រឡប់​មក​ស្រុក​វិញ (ឆ្នាំ​២០១៣) ច្រើន​ពេក។ អ៊ីចឹង​ខ្ញុំ​មើល​ឃើញ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​មើល​ឃើញ​ថា វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​លោក សម រង្ស៊ី និង​លោក កឹម សុខា នៅ​ជាមួយ​គ្នា វា​នឹង​អាច ២ បូក ២ បាន ១០។ ក្នុង​កាលៈទេសៈ​បែប​នេះ ត្រូវ​តែ​រក​មធ្យោបាយ​បំបែក ២ បូក ២ មិន​ឲ្យ​ចូល​គ្នា​បាន»។

អ្នក​ជំនាញ​រូប​នេះ​មើល​ឃើញ​ថា មាន​បញ្ហា​ធំៗ​របស់​ជាតិ​ជាច្រើន​ដែល​កំពុង​កើត​មាន ហើយ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​នៅ​ឡើយ តែ​អ្នក​នយោបាយ​ឯណោះ​វិញ​បែរ​ជា​នៅ​បន្ត​ឈ្លោះ​គ្នា​ឥត​ឈប់ រក​តែ​ពេល​ធ្វើ​ការ​រួម​គ្នា​មិន​បាន។ លោក​ថា ប្រជាប្រិយភាព​មិន​មែន​បាន​មក​ដោយសារ​ការ​ប្រើ​ល្បិចកល​វាយ​បំបាក់​ដៃគូ​ម្ខាងៗ​នោះ​ទេ ក៏ប៉ុន្តែ​គឺ​ជា​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​មុខ​របស់​ពលរដ្ឋ។

បណ្ឌិត មាស នី រំលេច​ថា បញ្ហា​ប្រឈម​មួយ​សំខាន់​របស់​ពលរដ្ឋ​នៅ​តាម​ខេត្ត​ខណ្ឌ​ទូទាំង​ប្រទេស​នៅ​ពេល​នេះ គឺ​ការ​គ្មាន​ទីផ្សារ​លក់​កសិផល​ដែល​ពួក​គាត់​ផលិត​បាន ដែល​បញ្ហា​នេះ​នឹង​នាំ​ឲ្យ​ជីវភាព​ពួក​គាត់​កាន់​តែ​ក្រីក្រ៕

Source link

x

Check Also

លោក គឹម សុខ បន្ត​ចាញ់​ក្ដី​បន្ត​ទៀត​នៅ​សាលា​ឧទ្ធរណ៍​ជាមួយ​នឹង​លោក ហ៊ុន សែន

អ្នក​ឃ្លាំ​មើល​សង្គម និង​នយោបាយ លោក គឹម សុខ ...

Shame on you, Hun Sen!

Source link