អ្នកវិភាគ​ថា​លោក​ហ៊ុន សែន យក​រឿងនិទាន​វាយប្រហារ​គូ​ប្រកួត

លោក សម រង្ស៊ី និង​លោក ហ៊ុន សែន បង្ហាញ​ការ​សន្ទនា​គ្នា​ដ៏​ល្អូកល្អិន​នៅ​ពេល​ដែល​អង្គុយ​មើល​ល្ខោន និង​របាំ​នៅ​ក្នុង​ភូមិ​ខ្មែរ នា​ទីលាន​ជល់​ដំរី។ រូបថត​ថ្ងៃ​ទី​១៤ មេសា ឆ្នាំ​២០១៥   RFA/Hang Savyouth

ដោយ ប្រាជ្ញ ចេវ RFA 2017-04-14

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​រឿងនិទាន​មួយ​ដែល​មាន​តួអង្គ​ព្រះឥន្ទ ជា​អ្នកធ្វើ​ឲ្យ​អ្នក​សុំទាន​ម្នាក់​បាន​ឲ្យ​ក្លាយ​ជា​ស្ដេច​ផែនដី ប៉ុន្តែ​ព្រះឥន្ទ​ព្រួយបារម្ភ​ខ្លាច​អ្នកសុំទាន​ដែល​បាន​ក្លាយ​ជា​ស្ដេច​នោះ​លោភលន់​ចង់បាន​ឋាន​ព្រះឥន្ទ ក៏​ជប់​បុរស​នោះ​ទៅជា​អ្នកសុំទាន​វិញ។ បើទោះជា មិន​ដឹង​ថា លោក ហ៊ុន សែន និយាយ​សំដៅ​ទៅ​កាន់​អ្នកណា​ក្ដី ប៉ុន្តែ​អ្នកវិភាគ​នយោបាយ យល់ថា ប្រមុខ​រដ្ឋាភិបាល​គួរ​ថ្លែង​សារ​ដែល​បង្ហាញ​ពី​ការ​បង្រួប​បង្រួម​ជាតិ ជាជាង​ការ​វាយ​ប្រហារ​គ្នា​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំថ្មី។

ចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ឆ្នាំ​២០១៧​នេះ ជា​លើក​ទី​២​ហើយ ដែល​លោកនាយក​រដ្ឋមន្ត្រី ដើរលេង​អង្គរ​សង្ក្រាន្ត គ្មាន​វត្តមាន លោក សម រង្ស៊ី ដូច​កាលពី​ឆ្នាំ​២០១៥ ដែល​អ្នក​ទាំង​ពីរ​បាន​បណ្ដើរ​គ្នា​ត្រសង​ទស្សនា​កម្មវិធី និង​ភ្លក់​រសជាតិ​នំអន្សម​យក្ស។ នៅ​ឆ្នាំនេះ លោកនាយក​រដ្ឋមន្ត្រី និយាយ​រឿងនិទាន​ខ្លី​ថា ព្រះឥន្ទ​បាន​ជួយ​បុរស​សុំទាន​កើត​ឃ្លង់ ក្លាយទៅជា​ស្ដេច​ផែនដី ប៉ុន្តែ​ដោយសារ​បុរស​នោះ​លោភលន់ រហូត​ចង់បាន​បាន​ឋាន​ព្រះឥន្ទ ទើប​ព្រះឥន្ទ ដាក់ទោស​ឲ្យ​ក្លាយទៅជា​អ្នកសុំទាន​វិញ។ «»

លោក ហ៊ុន សែន ថ្លែង​នេះ ក្នុង​ពិធី​អង្គរ​សង្ក្រាន្ត ថ្ងៃ​ទី​១៤ ខែ​មេសា នៅ​ខេត្ត​សៀមរាប។ ក្រោយ​និទាន​រឿងព្រេង​ចប់ លោកនាយក​រដ្ឋមន្ត្រី ដែល​កាន់អំណាច​ជាង​៣០​ឆ្នាំ​រូប​នេះ ផ្ដល់​ឱវាទ ដល់​អ្នក​ផ្សេងទៀត​កុំ​ធ្វើខ្លួន​ទៅជា​មនុស្ស​លោភលន់​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដែល​ធ្វើ​ឲ្យ​បែកបាក់​សាមគ្គី​ជាតិ។

អ្នកវិភាគ​នយោបាយ លោក បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា នេះ​ស្ទើរតែ​ក្លាយ​ជា​ទម្លាប់​របស់​លោក ហ៊ុន សែន ទៅ​ហើយ​ដែល​ចូលចិត្ត​យក​វេទិកា​របស់​ខ្លួន​វាយប្រហារ​គូប្រកួត។ លោក បណ្ឌិត ឡៅ ម៉ុងហៃ បន្ត​ថា ក្នុងនាម​ជា​ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន គួរ​ប្រើ​សារ​នយោបាយ​ជូនពរ​ឆ្នាំ​ថ្មី ជាជាង​ការ​ថ្លែង​ឌឺដង​ដាក់​គូប្រកួត​ប្រជែង​នយោបាយ​ណាមួយ​ព្រោះ​នឹង​ធ្វើ​ឲ្យ​ខូច​បរិយាកាស​ឆ្នាំ​ថ្មី។ «»
កាលពីមុន​ចូល​ឆ្នាំថ្មី​ប៉ុន្មាន​ថ្ងៃ លោក ហ៊ុន សែន ស្នើ​ទៅ​អ្នកនយោបាយ​គ្រប់រូប ជៀសវាង​ការ​វាយ​ប្រហារ​គ្នា​ក្នុង​រដូវ​បុណ្យទាន។

ទោះជា​យ៉ាងណា រឿងព្រេង​ដែល ហ៊ុន សែន និទាន គឺ​វា​ស្រដៀង​គ្នា​ទៅ​នឹង​ជម្លោះ​នយោបាយ ​រវាង លោក ហ៊ុន សែន និង លោក សម រង្ស៊ី។ កាល​ពី​មុន​បោះឆ្នោត​ឆ្នាំ​២០១៣ លោក ហ៊ុន សែន បាន​ស្នើ​ព្រះមហាក្សត្រ​ឲ្យ​លើកលែងទោស លោក សម រង្ស៊ី ដែល​បើកភ្លើង​ខៀវ​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​បាន។

ប៉ុន្តែ នៅ​ឆ្នាំ​២០១៦ លោក សម រង្ស៊ី ត្រូវ​រដ្ឋាភិបាល​របស់ លោក ហ៊ុន សែន ប្រកាស​និរទេស មិន​ឲ្យ​វិល​ចូល​ស្រុក​វិញ ខណៈ​អតីត​ប្រធាន​គណបក្សប្រឆាំង​រូប​នេះ ប្រឈម​ការ​ចាប់​ដាក់​គុក ព្រោះ​ហ៊ុំ​ព័ទ្ធ​ដោយ​បណ្ដឹង របស់ ហ៊ុន សែន លោក ហេង សំរិន និង​លោក ហោ ណាំហុង ជាដើម។ មិនទាន់​អស់​ទេ ក្នុងនាម​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​សមាជិក​សភា​បក្ស​របស់​ខ្លួន កែប្រែ​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ហាម​មិន​ឲ្យ​អ្នក​មានទោស​ធ្វើជា​ប្រធាន ឬ​អនុប្រធាន​គណបក្ស​នយោបាយ ដែល​ច្បាប់​នេះ​បាន​រុញច្រាន​លោក សម រង្ស៊ី ឲ្យ​លាលែង​ចេញពី​តំណែង​គណបក្ស៕

Source link

x

Check Also

ប្រមុខ​ការទូត​ខ្មែរ៖ កម្ពុជា​រង​គ្រោះ​​ដោយ​សារ​​​​សិទ្ធិ​មនុស្ស​និងប្រជាធិបតេយ្យ​ជាង​២០​ឆ្នាំ​ហើយ

ឃាតុករយំស្រែកថាពួកខ្លួនរងគ្រោះអស់រយៈជាង២០​ឆ្នាំ​ហើយដោយការណ៍វាយ​ប្រហាររបស់​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិនិងមហាអំណាច​ធំ​ៗ ~Reader លោក​ប្រាក់ សុខុន ប្រមុខ​ការទូត​ខ្មែរ ...

ប្រាក់-សុខុន ជនក្នុងបញ្ជីខ្មៅ

Source link