អំពើពុករលួយ​គឺជា​មូលហេតុ​ធ្វើ​ឲ្យ​បទល្មើស​បំផ្លាញ​ព្រៃឈើ​នៅតែ​កើតឡើង​យ៉ាង​រាលដាល​

​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​លំហ​ផាត់ ស្រុក​លំផាត់ ខេត្តរតនគិរី ត្រូវបាន​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​មូលដ្ឋាន​បញ្ជាក់ថា មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​។ ប្រការ​នេះហើយ​ដែល​ឈ្មួញ​និង​ក្រុម​ជនល្មើស​អាច​កាប់​ឈើ​និង​ដឹក​ជ​ញ្ជូ​ល​ឈើ​ចេញពី​ព្រៃ​យ៉ាង​រលូន​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​តាម​តួនាទី​របស់ខ្លួន​នោះទេ​ព្រោះ​ពួកគេ​ខ្លាច​បាត់បង់​ផលប្រយោជន៍​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរពិនិត្យមើល​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​ម​ន្ត្រី​ករោម​ឱវាទ​នៅតាម​បណ្ដា​ខេត្ត​នានា​ជាបន្ទាន់ ព្រោះ​រយៈពេល​ប្រមាណ​៥​ខែ​ចុង​ក្រោយនេះ​ព្រៃឈើ​ដែល​នៅ​សេសសល់​កំពុង​រង​ការបំផ្លាញ​យ៉ាងគំហុក​។

សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​នៅក្នុង​ស្រុក​កោះ​ញែក បច្ចុប្បន្ន​មាន​ឈ្មួញ​ធំៗ​២​នាក់ គឺ​ឧកញ៉ា សឹង សំអុល និង​ឧកញ៉ា តុ​ប វី​ដា កំពុង​សម្រុក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច យ៉ាង​ពេញបន្ទុក​ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រជា​សហគមន៍​ក្នុងស្រុក​កោះ​ញែក បាន​បញ្ជាក់ថា​ឈ្មួញ​ធំៗ​អាច​បំពាន់​កាប់​ឈើ​ក្រៅ​តំបន់​ដី​សប្បទាន​សេដ្ឋកិច្ច​របស់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ព្រោះ​មានការ​ឃុបឃិត​ជាមួយ​យម​ន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថា្នក់​ឃុំ ថ្នាក់ស្រុក ថ្នាក់​ខេត្ត​និង​មន្ទីរ​ពាក់ព័ន្ធ នៅក្នុង​ខេត្តមណ្ឌលគិរី​។ ទន្ទឹមនឹងនេះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញទៅ​យួន​តាម​ច្រក​ដាក់​ដាំ ច្រករបៀង​កង់​ឡង់ ច្រក​ទ្វេភាគី​ណាំ​លៀ ជាដើម​នៅតែ​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ព្រៃឈើ ដែល​នៅ​សេសសល់​ក្នុង​ខេត្តមណ្ឌលគិរី កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ប្រសិនបើ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេល​។

តំណាង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ឃុំ​ទំរីង ឃុំ​ដងកាំបិត​និង​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​ព្រៃ​ឡង់​ក្នុង​មូលដ្ឋាន​ពួកគាត់​នៅតែ​រង​ការបំផ្លាញ​យ៉ាង​អនាធិបតេយ្យ​ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​សណ្ដាន់ បាន​លើកឡើងថា​មន្ត្រី​បរិស្ថាន​គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ចំពោះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ឡង់​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​។ សូម្បីតែ​នៅ​ស្រុក​ស្ទោង ស្រុក​សន្ទុក ស្រុក​ប្រាសាទ​សំបូរ ក៏មាន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​កើតឡើង​យ៉ាង ពេញបន្ទុក​ដែរ​ព្រោះ​កន្លងមក​មន្ត្រី​បរិស្ថាន​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​តាន​របៀប​ពុករលួយ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គ្មាន​ជំនឿ​លើ​មន្ត្រី​បរិស្ថាន​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​តាម​តួនាទី​របស់ខ្លួន​។

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ជាំ​ក្សាន្ត ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ បាន​រាយការណ៍​ថា​ព្រៃ​ព្រះ​រកា ក្នុង​មូលដ្ឋាន​ពួកគាត់​កំពុង​រង​ការបំផ្លាញ​យ៉ាងគំហុក​ហើយ​មន្ត្រី​បរិស្ថាន​គឺជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ចំពោះ​បទល្មើស​បំផ្លាញ​ព្រៃឈើ​។ ប្រជាពលរដ្ឋ​បានលើកឡើង​ថាបើ​គ្មាន​គារ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន​ការពារ​ព្រៃ​ព្រះ​រកា​ទេនោះ គឺ​ឈ្មួញ​និង​ក្រុម​ជនល្មើស​មិនអាច​ចូល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ព្រះ​រកា​តាម​រថយន្ត​ធំៗ​ស្រេច​តែ​អំពើ​ចិត្ត​បានឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន​កុំ​ជឿ​លើ​របាយការណ៍​របស់​ម​ន្ត្រី​នៅតាម​មូលដ្ឋាន ហើយ​គួរ​មក​ពិនិត្យ​ដោយ​ខ្លួនឯង​ទើប​ដឹង​ការពិត​ពី​រឿងហេតុ​ទាំងឡាយ​ដែល​កើតឡើង​នៅតាម​មូលដ្ឋាន​ព្រមទាំង​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​៕

8cddd6d7-d1ca-4753-b3f5-b1c205bb7b11 logging2-1440 image

Source link

x

Check Also

នារី​បម្រើ​ការងារ​នៅ KTV ម្នាក់​ត្រូវ​ជនមិនស្គាល់មុខ​ចាក់​សម្លាប់​ក្នុង​បន្ទប់​ជួល​

រាជធានី​ភ្នំពេញ ៖ នារី​វ័យ​១៦​ឆ្នាំ​ម្នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ពាក់​កណ្តាលផ្លូវ ខណៈ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ...

ហួសហេតុ​ពេក​ហើយ ! សូម្បី​នំ​បង្អែម​បាញ់ឌុក ក៏ត្រូវ​បាន​រកឃើញ​មាន​ដាក់​សារធាតុ​គីមី​ហាមឃាត់​ប្រភេទ​បូរ៉ា​ក់ (Borax) ដែរ

សេចក្តីរាយការណ៍​ពី​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា នំ​បង្អែម​បាញ់ឌុក​ដែល​អាជីវករ​ដាក់លក់​នៅ​ផ្សារ​ចាស់ ឋិត​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ត្រូវបាន​សមត្ថកិច្ច​កាំកុងត្រូល​ពិនិត្យឃើញថា ...