ស្ថានទូត​អាមេរិក​ថា​ការ​ចោទ​អាមេរិក​នៅ​ពី​ក្រោយ​ខ្នង​បដិវត្តន៍​ពណ៌​គឺ​ជា​រឿង​ខុស​ឆ្គង

លោក វីល្លៀម ហៃដ្ត (William Heidt) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​នា​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ២០១៧។ RFA/Pry Neru

ដោយ​ យ៉ង ចាន់តារា RFA 2017-09-12

ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​មួយ​ចំនួន ដែល​បាន​ចោទ​ប្រកាន់​សហរដ្ឋ​អាមេរិក ថា​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​លោក​ កឹម សុខា ក្នុង​ការ​បង្កើត​ឱ្យ​មាន​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា។ ស្ថានទូត​អាមេរិក​ចាត់​ទុក​ថា នេះ​ជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង​ច្បាស់​លាស់ គ្មាន​មូលដ្ឋាន និង​មិន​ត្រឹម​ត្រូវ​។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ត (William Heidt) ថ្លែង​នៅក្នុង​ជំនួប​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​នៅ​រសៀល​ថ្ងៃទី ១២ កញ្ញា នៅ​ឯស្ថានទូត​អាមេរិក​ ថា លោក​មាន​អារម្មណ៍​ឈឺចាប់ និង​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ចោទ​ប្រកាន់​ទៅលើ​សហរដ្ឋ​អាមេរិក​ ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន​លោក កឹម​ សុខា​ ដែល​លោក​អះអាង​ថា សុទ្ធ​តែ​ខុស​ទាំងអស់​ និង​ត្រូវ​បាន​សរសេរ​ដោយ​ចេតនា​ ក្នុង​ការ​ហៅ​អ្វី​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ធ្វើ​នៅ​កម្ពុជា​។

លោក​បកស្រាយ​ថា សហរដ្ឋ​អាមេរិក​គឺ​ជា​អ្នក​គាំ​ទ្រ​ដ៏​ខ្លាំង​ក្លា​មួយ​ចំពោះ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា។ សហរដ្ឋ​អាមេរិក​បាន​ជួយ​កម្ពុជា​ក្នុងការ​បង្កើត​​ក្រប​ខ័ណ្ឌ​ការងារ​មួយ​ដែល​បាន​ទាក់​ទាញ​ក្រុមហ៊ុន​សម្លៀក​បំពាក់​ល្បីៗ​ក្នុង​ពិភព​លោក​ ដោយ​រួម​មាន​ទាំង​ក្រុមហ៊ុន​អាមេរិក​ជាច្រើន​ផង​ដែរ។ ​អាមេរិក​ក៏​បាន​ជួយ​កម្ពុជា​ក្នុង​វិស័យ​កសិកម្ម​ វិស័យ​អប់រំ វិស័យ​យុត្តិធម៌ ការ​អភិរក្ស​វប្បធម៌ ការ​លើក​កម្ពស់​សុខភាព​សាធារណៈ និង​ការ​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។

នេះ​គឺ​ជា​ការ​ឆ្លើយ​តប​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ទៅនឹង​ការ​ចោទ​ប្រកាន់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ ដែល​ចោទ​​ថា អាមេរិក​ជាអ្នក​នៅ​ពី​ក្រោយ​ខ្នង​លោក​ កឹម សុខា ក្នុង​ការ​បង្កើត​ផែន​ការ​ផ្តួលរំលំ​រដ្ឋាភិបាល និង​បញ្ហា​អស្ថេរភាព​សង្គមនៅកម្ពុជា​កាល​ពី​ពេល​កន្លង​ទៅ​។ លោក ហ៊ុន សែន ​ក៏​បាន​ចាត់​ទុក​​ប្រតិកម្ម​ និង​សេចក្តី​ថ្លែ​ងការណ៍​ទាំង​អម្បាល​ម៉ានរបស់​សហគមន៍​អន្តរជាតិ គឺ​គ្រាន់​តែ​ជា​ការ​ការពារមេបក្ស​ប្រឆាំង​​​​ឱ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​តែ​ប៉ុណ្ណោះ​។

មេដឹក​នាំ​ដែល​កាន់​អំណាច​យូរ​ជាងគេ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​រូប​នេះ ក៏​បាន​ព្រមាន​​សហរដ្ឋ​អាមេរិក និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​កុំ​ឱ្យ​លូក​ដៃ​ចូល​ធ្វើ​អន្តរាគមន៍​ករណី​នេះ ព្រោះ​វា​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​ភាព​របស់​កម្ពុជា៖ «អ្វីៗ​ទាំង​អស់​ គឺមនុស្ស​នេះ​ជា​អ្នក​កសាង ដូច្នេះ​ការ​ចាប់​ខ្លួន​នៅ​ពេល​នេះ​ គឺ​ជា​ការ​ទូទាត់​បញ្ជី​ពី​ដើម​ដល់​ចប់​។ ហើយ​បាត​ដៃ​ពី​ក្រោយ​ គឺ​វា​នៅ​តែ​ដដែល​ គឺ​អាមេរិក។ អំពើ​ក្បត់​ជាតិ​ ឃុប​ឃិត​ជាមួយ​បរទេស ក្បត់​ជាតិ​ខ្លួន​ឯង គឺ​តម្រូវ​ឱ្យ​មាន​ការ​ចាប់​ខ្លួន​ភ្លាមៗ»។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ត ​(William Heidt) ថ្លែងថា នេះ​ជា​ការ​ចោទ​ប្រកាន់​មិន​ធម្មតា​ ហើយ​លោក​ថា ជា​ធម្មតា​ ការងារ​ការ​ទូត​ ត្រូវ​បាន​ធ្វើ​ដោយ​ប្រើភាសា​ដែល​មាន​ការ​ប្រយ័ត្ន និង​ប្រកប​ដោយ​ការ​គោរព។

លោក វីល្លៀម ហៃដ្ត ​(William Heidt) អះអាង​ទៀត​ថា ព្រឹត្តិ​ការណ៍​កន្លង​ទៅ ដូច​ជា​ការ​ចាប់​ខ្លួន​លោក កឹម សុខា ការ​ធ្វើ​ទុក​បុកម្នេញ​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការ​សង្គមស៊ីវិល​នោះ ​គឺ​មិន​ប៉ះពាល់​ទៅលើ​សហរដ្ឋ​​​អាមេរិក​នោះ​ទេ តែ​ប៉ះពាល់​ទៅលើ​ប្រទេស​កម្ពុជា​ទៅវិញ។ លោក​បន្ត​ថា មួយ​ជំហាន​ម្តង​ៗ ព្រឹត្តិការណ៍​​​ទាំង​នេះ​កំពុង​ធ្វើ​ឱ្យ​កម្ពុជា ឯកោ​ពី​សហគមន៍​អន្តរជាតិ ខណៈ​កម្ពុជា​ត្រូវ​ការ​ជំនួយ​គាំ​ទ្រ​អន្តរជាតិ​ ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ច​របស់​ខ្លួន​ឱ្យ​ឡើង​មួយ​កម្រិត​ទៀត​ និង​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិត​ខាង​ក្នុង​តំបន់​អាស៊ាន៖ «សម្តី​ប្រឆាំង​អាមេរិក​បាន​ធ្វើ​ឱ្យ​ជនជាតិ​អាមេរិក​ និង​អ្នក​ទេសចរណ៍​លោក​ខាង​លិច​ជា​ច្រើន មាន​អារម្មណ៍​លែង​កក់​ក្តៅ​ដូច​មុន​ ពេល​ធ្វើ​ដំណើរ​មក​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​។ ក្រុមហ៊ុន​អាមេរិក​ និង​លោក​ខាង​លិច​ក៏​មាន​អារម្មណ៍​លែង​កក់​ក្តៅ​ដូច​​មុន​ដែរ ហើយ​មាន​ក្រុម​ហ៊ុន​កាន់​តែ​តិច​នឹង​មក​វិនិយោគ​នៅកម្ពុជា។ អ្នកធ្វើ​ការ​រឿង​មនុស្ស​ធម៌​អាមេរិក​ ដែល​ជា​ក្រុម​ធំជាង​គេ និង​មាន​ទ្រព្យ​ច្រើន​ជាង​គេ​ក្នុង​ពិភព​លោក​ ក៏​លែង​មាន​អារម្មណ៍​គិត​ថា ខ្លួន​គេ​ត្រូវ​បាន​ស្វាគមន៍​ដែរ​។ ខ្ញុំ​ប៉ាន់​ប្រមាណ​ថា អង្គការ​សប្បុរស​ធម៌​អាមេរិក​បាន​សាងសង់​សាលា​រៀន​ជាង ១ ពាន់​នៅ​កម្ពុជា​។ វា​ជា​ចំនួន​​ដ៏​ច្រើន​មែន​ទេ? ខ្ញុំ​បាន​ឮ​ពី​អង្គការ​សប្បុរស​ធម៌​ធំៗ​ខ្លះ​ថា ការ​ធ្វើ​ប្រតិបត្តិ​ការ​នៅកម្ពុជា​​ប្រឈមនឹង​ហានិភ័យ​​កាន់​តែ​​ខ្លាំង​ ហើ​យពួក​គាត់​កំពុង​តែ​ពិចារណា​ប្តូរការងារ​ល្អៗ​របស់​ពួក​គាត់ ទៅ​ប្រទេស​ឥណ្ឌូនេស៊ី បង់​ក្លាដេស និង​វៀតណាម​វិញ​។”

សេចក្តី​ថ្លែ​ងការណ៍​របស់​លោក វីល្លៀម ហៃដ្ត ​(William Heidt) នៅ​ត្រង់​ចំណុច​នេះ ត្រូវ​បាន​ច្រាន​ចោល​ដោយ​មន្ត្រី​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន។ លោក​ ផៃ ស៊ីផាន សរសេរ​នៅក្នុង​ហ្វេសប៊ុក​របស់​លោក​ថា អ្នក​ទេសចរណ៍ និង​ពាណិជ្ជករ មិនមែន​ជា​អ្នក​បម្រើ​នយោបាយ​នោះ​ឡើយ ហើយ​សុវត្ថិភា​ព​គឺ​ជា​ចំណុច​ទាក់ទាញ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ត ​(William Heidt) អះអាង​ថា អាមេរិក​មិន​មែន​ជា​ប្រទេស​ស្មុគស្មាញ​ពិបាក​ធ្វើការ​ជាមួយ​នោះ​ទេ ដោយ​គ្រាន់​ធ្វើ​ទៅ​លើ​សហរដ្ឋអាមេរិក​ដោយ​យុត្តិធម៌ និយាយ​ជា​មួយ​អាមេរិក​ដោយ​ស្មោះ​ត្រង់ ធ្វើ​សហប្រតិបត្តិ​ការ​ជា​មួយ​គ្នា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ប្រើប្រាស់​អំណាច​ទីផ្សារ​របស់​អាមេរិក​ដើម្បី​ជា​ផល​ប្រយោជន៍​របស់​កម្ពុជា ស្វាគមន៍​កម្មវិធី​ជំនួយ និង​ក្រុមហ៊ុន​របស់​អាមេរិក​តែ​ប៉ុណ្ណោះ។

ទោះ​បី​ជា​យ៉ាងណា ឯកអគ្គរដ្ឋទូត​នៃ​កំពូល​មហាអំណាច​មួយ​នេះ ក៏​បាន​បង្ហាញ​សុទិដ្ឋិនិយម​របស់​លោក​ដែរ​ថា ទោះ​បី​ជា​មាន​ព្រឹតិ្តការណ៍​ជា​ច្រើន​បាន​កើ​ត​ឡើង​កាល​ពី​មុន​ក្តី តែ​កម្ពុជា​នៅ​​​មាន​ពេល​ដើម្បី​សង្គ្រោះ​ការ​បោះឆ្នោតឆ្នាំ២០១៨ បន្ត​ការ​អភិវឌ្ឍ​ប្រជាធិបតេយ្យ និង​ស្តារ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពី​រដដែល​ ក៏​ប៉ុន្តែ​វា​ទាម​ទារ​ឱ្យ​មាន​សកម្មភាព​ម៉ឺងម៉ាត់​ជា​បន្ទាន់។

នោះ​គឺ​ជា​ការ​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់ បញ្ឍប់​ការ​ធ្វើ​ទុកបុកម្នេញ​សារព័ត៌មាន​ឯករាជ្យ និង​បញ្ឈប់​ការ​ដាក់​សម្ពាធ​លើ​អង្គការ​សង្គម​ស៊ីវិល។ សំខាន់​ជាង​នេះទៅ​ទៀត រដ្ឋាភិបាល គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល​គួរ​តែ​ចាប់​ផ្តើម​កិច្ច​សន្ទនា អំពី​អនាគត​ប្រជា​ធិបតេយ្យរបស់​កម្ពុជា ក្នុង​បរិយាកាស​បើក​ចំហរ និង​គ្មាន​សម្ពាធ៕

ជុំវិញ​ការ​ចោទ​អាមេរិក​រឿង​ទម្លាក់​គ្រាប់​បែក​លើ​កម្ពុជា​ក្នុង​អំឡុង​សង្គ្រាម​វៀត​ណាម​វិញ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក វីល្លៀម ហៃដ្ត (William Heidt) បាន​អះអាង​ថា អាមេរិក​ទទួល​ស្គាល់​កេរ្តិ៍​ដំណែលរបស់​ខ្លួន​នេះ ហើយ​ថា អាមេរិកមាន​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​​​នេះ​ ដោយ​បាន​ផ្តល់​ប្រាក់​ចំនួន​ជាង ១៦០ លានដុល្លារ​អាមេរិក​ សម្រាប់​ការងារ​លុប​បំបាត់អាវុធ​​យុទ្ធភណ្ឌ​​មិន​ទាន់​ផ្ទុះ។

លោក វីល្លៀម ហៃដ្ត (William Heidt) បន្ត​ថា ពាក់​កណ្តាល​នៃ​ទឹក​ប្រាក់​នេះ​ត្រូវ​បាន​ប្រើ​សម្រាប់​លុប​បំបាត់​យុទ្ធភណ្ឌដែល​ទម្លាក់​ដោយ​យន្តហោះ​អាមេរិក នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​កម្ពុជា ក៏​ប៉ុន្តែ​ទឹក​ប្រាក់​ពាក់​កណ្តាល​ទៀត​នោះ គឺ​ត្រូវ​បាន​ប្រើ​សម្រាប់​ដោះ​មីន​របស់​ចិន សូវៀត និង​វៀតណាម​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេសកម្ពុជា នៅតាម​ចម្ការ​មីន​ដែល​មាន​គ្រោះ​ថ្នាក់ ២០​ដង លើស​គ្រាប់​ដែល​ទម្លាក់​ដោយ​អាមេរិក៕

Source link

x

Check Also

ប្រាក់-សុខុន ជនក្នុងបញ្ជីខ្មៅ

Source link

Tieng Narith: Source of Khmer Nation's Death

Source link