សហជីព​ច្រាន​ចោល​ការ​អះអាង​របស់​ជីម៉ាក់​ដែល​ថា​មាន​រោងចក្រ​៧០​បាន​បិទ​ទ្វារ​ក្នុង​ឆ្នាំ​២០១៦

 កម្មករ​រោងចក្រ ញូវ អាកឃីត ហ្គាមិន ហ្វេកធើរី លីមីធីត (New Archid Garment Factory Ltd) កាល​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Cheu Sideth

ដោយ ខែ សុណង RFA 2016-08-23

សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា បាន​បង្ហាញ​ថា នៅ​រយៈពេល ៨​ខែ​ឆ្នាំ​២០១៦ នេះ មាន​រោងចក្រ​ចំនួន​៧០ ដែល​ជា​សមាជិក​សមាគម បាន​បិទ ផ្អាក​អាជីវកម្ម និង​កាត់​បន្ថយ​ខ្សែ​សង្វាក់​ផលិតកម្ម។ បញ្ហា​នេះ ដោយសារ​តែ​ភាព​មិន​ប្រាកដ​ប្រជា​នៃ​ស្ថានភាព​នយោបាយ ភាព​តានតឹង​នៃ​ការ​ប្រកួត​ប្រជែង​ពី​បណ្ដា​ប្រទេស​ជិត​ខាង និង​បាតុកម្ម​ខុស​ច្បាប់ ជាដើម។ ប៉ុន្តែ​របាយការណ៍​នេះ​មិន​ដូច​គ្នា​នឹង​របាយការណ៍​របស់​ក្រសួង​ការងារ ឡើយ។

មន្ត្រី​សហជីព​មួយ​ចំនួន មិន​យល់ស្រប​ទាំង​ស្រុង​ចំពោះ​ការ​លើក​ឡើង​អំពី​ហេតុផល​នៃ​ការ​បិទ​ទ្វារ​រោងចក្រ ដែល​សមាគម​រោងចក្រ​កាត់​ដេរ​បាន​លើក​ឡើង​នោះ​ទេ។

អនុប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ម៉ាន់ សេងហាក់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៣ សីហា ថា ចំនួន​នៃ​ការ​បិទ​ទ្វារ​រោងចក្រ​ដែល​សមាគម​រោងចក្រ​កាត់​ដេរ​បង្ហាញ ថា​មាន​រោងចក្រ​៧០ ដែល​ជា​សមាជិក​សមាគម បាន​បិទ ផ្អាក​អាជីវកម្ម និង​កាត់​បន្ថយ​ខ្សែ​សង្វាក់​ផលិតកម្ម​នៅ​រយៈពេល ៨​ខែ​ឆ្នាំ​២០១៦ នេះ មាន​ភាព​ខុស​ស្រឡះ​ពី​ចំនួន​ដែល​ក្រសួង​ការងារ បាន​លើក​ឡើង ដែល​ថា​មាន​រោងចក្រ​តែ ១​រោងចក្រ​បិទ​ទ្វារ។


នៅ​ក្នុង​សន្និសីទ​កាសែត​ជាមួយ​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២២ ខែ​សីហា ស្ដីពី​ពិព័រណ៍​ឧស្សាហកម្ម​គ្រឿងយន្ត​អន្តរជាតិ និង​ឧស្សាហកម្ម​សម្លៀកបំពាក់ និង​វាយនភណ្ឌ​កម្ពុជា លោក លី តេកហេង ប្រធាន​ប្រតិបត្តិ​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ជីម៉ាក់ (GMAC) ថ្លែង​ថា រោងចក្រ​៧០ ត្រូវ​បាន​បិទ​ទ្វារ ជាពិសេស​គឺ​ជា​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់។ លោក​ថា ស្ថានភាព​នយោបាយ​បាន​ជះ​ឥទ្ធិពល​ដល់​អាជីវកម្ម​ទាំង​ធុរជន និង​វិនិយោគិន នៅ​ពេល​ដែល​ប្រទេស​មួយ​មិន​មាន​ស្ថិរភាព​នយោបាយ​ល្អ វា​ពិបាក​ក្នុង​ការ​វិនិយោគ ដែល​ជា​បញ្ហា​គួរ​ឲ្យ​ព្រួយ​បារម្ភ ពិសេស​អ្នក​បញ្ជា​ទិញ។

លោក​បញ្ជាក់​ថា បញ្ហា​នយោបាយ បាតុកម្ម​ខុស​ច្បាប់ និង​ការ​ប្រកួត​ប្រជែង​ដ៏​តានតឹង​ពី​បណ្ដា​ប្រទេស​នាំ​ចេញ​សម្លៀកបំពាក់ និង​ស្បែក​ជើង ដូចជា វៀតណាម បង់ក្លាដេស មីយ៉ាន់ម៉ា បាន​ជំរុញ​ឲ្យ​អ្នក​បញ្ជា​ទិញ​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​បញ្ជា​ទិញ​ផលិតផល​វាយនភណ្ឌ​ពី​ប្រទេស​កម្ពុជា ដែរ។ លោក លី តេកហេង ប្រាប់​ថា រហូត​មក​ដល់​ពេល​នេះ ការ​បញ្ជា​ទិញ​សម្លៀកបំពាក់​មាន​ការ​ធ្លាក់​ចុះ​ប្រមាណ​ពី ២០% ទៅ ៣០%។

ជុំវិញ​ការ​លើក​ឡើង​នេះ អនុប្រធាន​សហជីព​សេរី​កម្មករ លោក ម៉ាន់ សេងហាក់ មិន​ឯកភាព​ចំពោះ​ការ​បិទ​រោងចក្រ​ដោយសារ​ស្ថានភាព​នយោបាយ និង​មក​ពី​ការ​ធ្វើ​បាតុកម្ម​ខុស​ច្បាប់​នោះ​ទេ។ លោក​ថា ដោយសារ​តែ​ក្រុមហ៊ុន​ចង់​គេចវេះ​ពី​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ផ្ដល់​អត្ថប្រយោជន៍​ឲ្យ​កម្មករ ទើប​យក​លេស​បិទ​ទ្វារ ហើយ​មិន​ហ៊ាន​ចេញ​មុខ​ថា​ក្ស័យ​ធន។ សហជីព​សេរី​កម្មករ​រក​ឃើញ​ថា មាន​រោងចក្រ ១៥ ដែល​បាន​បិទ​នៅ​ដើម​ឆ្នាំ​នេះ ដោយ​កត់​សម្គាល់​ថា រោងចក្រ​នោះ​បើក​ដំណើរ​ការ​យូរ​ឆ្នាំ និង​រោងចក្រ​ខ្លះ​ប្ដូរ​ឈ្មោះ ជាដើម៖ «ជាទូទៅ​ទាំង​ជីម៉ាក់ (GMAC) ទាំង​រដ្ឋាភិបាល ជាពិសេស​គឺ​ជីម៉ាក់ បើ​សិន​ជា​រោងចក្រ​បិទ ជីម៉ាក់ គួរ​តែ​អនុវត្ត​ផ្ដល់​សំណង​ទៅ​តាម​ផ្លូវ​ច្បាប់ ប៉ុន្តែ​ឃើញ​ថា​សមាជិក​របស់​សមាគម​កាត់​ដេរ ភាគច្រើន​គឺ​រត់​ចោល​តែ​ម្ដង ដែល​ធ្វើ​ឲ្យ​បង​ប្អូន​កម្មករ​នៅ​តែលតោល​វេទនា ដោយ​អត់​បាន​ប្រាក់​ឈ្នួល ហើយ​និង​ប្រាក់​អត្ថប្រយោជន៍ ជាពិសេស​គឺ​រត់​ចោល​ទាំង​ប្រាក់​ខែ​របស់​គាត់​ដែល​ធ្វើ​ការ​បាន​ទៀត​ផង»។

ចំណែក​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា វិញ​យល់ស្រប​ចំពោះ​ការ​រក​ឃើញ​របស់​សមាគម​រោងចក្រ​ថា ដោយសារ​ស្ថានភាព​នយោបាយ​មិន​ប្រាកដ​ប្រជា និង​ការ​បញ្ជា​ទិញ​មាន​ការ​ធ្លាក់​ចុះ ប៉ុន្តែ​លោក​មិន​ឯកភាព​ទាល់​តែ​សោះ​ចំពោះ​ការ​លើក​ឡើង​អំពី​បាតុកម្ម​ខុស​ច្បាប់ ការ​លើក​ឡើង​បែប​នេះ​គឺ​ជា​ការ​ឆ្លើយ​ទម្លាក់​កំហុស​ទៅ​លើ​កម្មករ៖ «ទាក់ទង​ទៅ​នឹង​ទិដ្ឋភាព​កូដកម្ម​ដែល​ជំរុញ​ឲ្យ​រោងចក្រ​បិទ​ទ្វារ ខ្ញុំ​យល់​ថា​មិន​មែន​ជា​រូបភាព​មួយ​ក្នុង​នោះ​ទេ ព្រោះ​ខ្ញុំ​មើល​ឃើញ​ថា ដើម​ឆ្នាំ​នេះ​ដូចជា​មាន​ការ​ថយ​ចុះ​ច្រើន ហើយ​សម្រាប់​ឆ្នាំ​ហ្នឹង ខ្ញុំ​ឃើញ​ទិដ្ឋភាព​កូដកម្ម​បាតុកម្ម​ថយ​ចុះ ហើយ​កូដកម្ម​នេះ​ក៏​មិន​បាន​ជំរុញ​ឲ្យ​រោងចក្រ​បិទ​ទ្វារ​ដែរ បើ​គ្រាន់​តែ​កូដកម្ម​ឲ្យ​ថៅកែ​គាត់​អនុវត្ត​ច្បាប់ ខ្ញុំ​យល់​ថា​វា​មិន​មែន​ជា​ហេតុផល​អី​ឲ្យ​ថៅកែ​គាត់​បិទ​ទ្វារ»។

ទាក់ទង​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា មាន​រោងចក្រ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង​ជាង ១​ពាន់​រោងចក្រ​នៅ​កម្ពុជា។ សហគ្រាស​គ្រឹះស្ថាន​បិទ​ទ្វារ​លែង​ដំណើរ​ការ​៨ ក្នុង​នោះ​មាន​រោងចក្រ​កាត់​ដេរ​ចំនួន​១ បាន​បិទ​ទ្វារ ប៉ុន្តែ​មាន​រោងចក្រ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង ២០​ទៀត​បាន​បើក​ដំណើរ​ការ។ លោក​សរសេរ​ទៀត​ថា សហគ្រាស​គ្រឹះស្ថាន​បិទ​ទ្វារ​មួយ​ចំនួន គេចវេះ​មិន​អនុវត្ត​តាម​ច្បាប់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​កម្មករ​និយោជិត។ ក្រសួង​នឹង​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ចាត់ការ​ដោះស្រាយ​រាល់​បញ្ហា​ទាំងអស់​តាម​ច្បាប់​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។

ទោះ​បី​យ៉ាង​ណា មន្ត្រី​សហជីព​ទទូច​ឲ្យ​ក្រសួង​ការងារ គួរ​ដោះស្រាយ​បញ្ហា​ឲ្យ​កម្មករ​ដោយ​យក​ប្រាក់​តម្កល់​របស់​រោងចក្រ ទូទាត់​សំណង​ឲ្យ​កម្មករ ជា​ជាង​ឡាយឡុង​សម្ភារៈ​ក្នុង​រោងចក្រ និង​ស្នើ​ឲ្យ​អ្នក​នយោបាយ​ចរចា​គ្នា ដើម្បី​ឲ្យ​ស្ថានការណ៍​នយោបាយ​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ៕

Source link

x

Check Also

មេឃុំ​​សង្កាត់​រាប់រយ​នាក់នឹង​បាត់បង់​ការងារ​ ពេល​បក្ស​សង្គ្រោះជាតិ​រលាយ

រូបឯកសារ៖​ អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ ចូលរួម​យុទ្ធនាការឃោសនាបោះឆ្នោត​ឃុំសង្កាត់ នៅរាជធានី​ភ្នំពេញ កាលពីថ្ងៃទី២០ ...

Interview: ‘There Will be Consequences’ For Cambodia And The Ruling Party

Brad Adams, executive director of ...