សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិចិន​៣១​នាក់ ​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ជំរិត​ដោយ​ប្រព័ន្ធអនឡាញ


ជនជាតិ​ចិន​ចំនួន​៣១​នាក់​ ​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ជំរិត​ទារ​ប្រាក់អ្នក​រស់នៅ​ប្រទេស​ចិន​តាម​ប្រព័ន្ធ​អនឡាញ​ ​ដោយ​ប្រើប្រាស់​កម្ពុជា ជា​ទីតាំង​ក្នុង​ការ​ប្រព្រឹត្ត​បទ​ល្មើស។​ ​នេះ​បើតាម​ការ​ឲ្យ​ដឹងពី​អគ្គ​នាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍។​

លោក ​ឃុន សំបូរ​ ​អគ្គ​នាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ប្រាប់​ ​VOA​ ​នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា ​សមត្ថកិច្ច​បានឃាត់​ខ្លួន​ជនជាតិ​ចិន​ចំនួន​៣១​នាក់​នៅ​តាម​តំបន់​ចំនួន​បី​ផ្សេង​គ្នា​ ​ដែល​លោក​អះអាង​ថា​ ​ពួកគេ​ជា​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ឆ្លង​ដែន។​ ​លោកឃុន សំបូរ ​មិន​បាន​ឆ្លើយ​នឹង​សំណួរ​បន្ត​ទៀត​របស់​ ​VOA​ ​ពាក់ព័ន្ធ​នឹង​ដំណើរ​នៃ​ការ​ប្រព្រឹត្ត​របស់​ជន​ជាតិ​ចិនទាំង​៣១​នាក់​នោះ​ថា​ តើ​សមត្ថកិច្ច​នឹង​មាន​ចំណាត់​ការ​បន្ត​បែបណា​នោះ​ទេ​ ​ដោយ​លោក​ប្រាប់​ថា លោក​មិន​បាន​ចុះ​បង្រ្កាប​ផ្ទាល់​ ​និង​កំពុង​ជាប់​ប្រជុំ។​

មុន​បដិសេធ​ ​មិន​ឆ្លើយ​សំណួរ​របស់ VOA​ លោក​ ឃុន សំបូរ​ មាន​ប្រសាសន៍​ថា៖​

«បាទ!​ ​នៅ​បឹង​កេងកង​១​ ​នៅ​ជ្រោយ​ចង្វា​ ​ហើយ​និង​អូរឫស្សី។​ ​ពួក​គាត់​នេះ​មាន​អ្នក​ខ្លះ​ជា​មុខ​សញ្ញា​ដែល​យើង​តាម​រក​ពាក់ព័ន្ធ​នឹង​ការ​ជំរិត​ទារ​ប្រាក់​ឆ្លង​ដែន»។​

ទោះ​ជា​យ៉ាង​ណា ​លោក​ ឃុន សំបូរ ​បាន​ឲ្យ​សួរ​ទៅ​លោក​ អ៊ុក ហៃសីឡា​ ​ដែល​ជា​ប្រធាន​នាយក​ដ្ឋាន​ស៊ើប​អង្កេត​ ​និង​អនុវត្ត​នីតិវិធី​នៃ​អគ្គ​នាយក​ដ្ឋាន​អន្តោ​ប្រវេសន៍​ ​ក្រសួង​មហាផ្ទៃ​ ​និង​សួរ​លោក​ កែម សារិន​ ​អ្នក​នាំពាក្យ​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ ​ដែល​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ ​និង​ចុច​បិទ​ទូរស័ព្ទ។​

ទោះ​ជា​យ៉ាង​ណា គេហទំព័រ​របស់​សារព័ត៌មាន​ហ្វ្រេសញូវ​ ​ដែល​មាន​ភាព​ជិតស្និត​នឹង​រដ្ឋាភិបាល​ ​និង​គេហទំព័រ​របស់​អគ្គ​ស្នង​ការ​ដ្ឋាននគរបាល​ជាតិ​ បា​ន​ស្រង់​សម្តី​របស់​លោក ​អ៊ុក ហៃសីលា​ ​នៅ​ព្រឹក​ថ្ងៃចន្ទ​នេះ​ថា​ ​កម្លាំង​នគរ​បាល​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ក្រុម​ជនជាតិ​ចិន​ជំរិត​ទារប្រាក់​តាម​អ៊ីនធឺណិត​ចំនួន៣​គោលដៅ​ធំៗ​ ​ក្នុង​នោះ​រួម​មាន​ ​ខណ្ឌ​ចំការមន​ ​ខណ្ឌ​ជ្រោយ​ចង្វារ និង​ខណ្ឌ​៧មករា ​ដោយ​ឃាត់​ខ្លួន​ជនជាតិ​ចិន​ប្រុស​ស្រី​ចំនួន​៣១​នាក់​ ​និង​ដក​ហូត​វត្ថុតាង​ជា​ឧបករណ៍​អេឡិច​ត្រូនិច​ពាក់ព័ន្ធ​នឹង​អំពើ​ជំរិត​មួយ​ចំនួន​ធំ។​

គេហទំព័រ​ស្រង់សម្តីរ​បស់លោក ​អ៊ុក ហៃសីលា ​ថា​ នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នោះ​ ពុំ​មែន​ជា​ការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ពាក់ព័ន្ធ​នឹង​ការ​ចូល​មក​ធ្វើការ​ ​ឬ​រស់នៅ​ដោយ​ខុសច្បាប់​ឡើយ​ តែ​គឺ​ជា​ការ​បង្ក្រាប​ក្រុម​ជនជាតិ​ចិន​ដែល​ជំរិតទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​ដែល​ពួកគេ​យក​ប្រទេស​កម្ពុជា​ធ្វើ​ជា​កន្លែង​ស្នាក់​អាស្រ័យ​ ​ហើយ​បញ្ជា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ចេញ​ពី​កម្ពុជា​ទៅ​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ​ចិន​ដូចគ្នា​នៅ​ឯ​ប្រទេស​របស់​ពួក​គេ។​ ​លោក​បន្ថែម​ថា​ ជនជាតិ​ចិន​ទាំង​៣១​នាក់​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​អគ្គ​នាយក​ដ្ឋាន​អន្ដោប្រវេសន៍​ដើម្បី​កសាង​សំណុំ​រឿង​ដើម្បី​ចាត់​ការ​បន្ត។​

លោក សន ជ័យ ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ​បាន​លើក​ឡើង​ថា​ ​ការ​កើន​ឡើង​នូវ​ចំនួន​ជន​បរទេស​យក​កម្ពុជា​ធ្វើ​ជា​ទីតាំង​ប្រព្រឹត្ត​បទ​ល្មើស​កាន់​តែច្រើន​នេះ​បង្ហាញ​ថា​ ​កម្ពុជា​មាន​ការ​ខ្វះ​ខាត​ក្នុង​ការ​គ្រប់គ្រង​ជន​បរទេស។​ ​លោក​បន្ថែម​ថា​ ​ករណី​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​របស់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​ ​ប្រសិន​បើ​រដ្ឋាភិបាល​មិនចាត់​វិធានការទប់ស្កាត់​ ​និង​បង្រ្កាប​ឲ្យ​បាន​តឹងរ៉ឹង។​

លោក​ សន ជ័យ​ ​មាន​ប្រសាសន៍​ថា៖​

«វា​មិនមែន​ជា​លើក​ទីមួយ​ទេ​ដែល​រឿង​នេះ​កើត​ឡើង​នៅ​កម្ពុជា។​ ​អីចឹង​ ​សមត្ថកិច្ច​របស់​កម្ពុ​ជា​គួរ​តែ​កំណត់​មុខ​សញ្ញា​ជា​អាទិភាព​ក្នុងការ​ត្រួត​ពិនិត្យ​រដ្ឋបាល​ទៅ​លើជន​បរទេសដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ​ជាពិសេស​ទាក់ទង​ទៅ​លើ​បទ​ល្មើស​ ឬ​បទ​ឧក្រិដ្ឋ​អនឡាញហ្នឹង​ គួរ​តែ​មាន​ការ​ត្រួត​ពិនិត្យ​ គឺ​ពិនិត្យ​ទៅ​លើ​ការ​រស់​នៅកម្ពុជា​ និង​ការ​ប្រកបមុខ​របរ​របស់​ជនជាតិ​ចិន​នៅ​កម្ពុជា​ ​ហើយ​និង​អាច​ជន​បរទេស​ផ្សេងៗ​ទៀត​ដែល​មាន​ការ​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋ​ហ្នឹង​ដែរ​ ​ដូច​ជា​ជនជាតិ​នីហ្សេរីយ៉ា​មួយ​ចំនួន​ហ្នឹង»។​

កាលពី​ដើម​ខែ​កក្កដា​នេះ​ ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​បាន​បណ្តេញ​ជនជាតិ​ចិន​ជាង​៧០​នាក់ ​ដែល​ពាក់ព័ន្ធ​បទល្មើស​ជំរិត​ទារប្រាក់​តាម​អ៊ីនធឺណិត ​ឲ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​ចិន​វិញ។ ហើយ​កាលពី​ចុង​ឆ្នាំ​២០១៥​ ​សមត្ថកិច្ច​ក៏​បាន​បណ្តេញ​ជនជាតិ​ចិន​ចំនួន​១៦៨​នាក់​ ​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ដូចគ្នា​នេះ ព្រម​ទាំង​បង្រ្កាប​បាន​ករណី​ដូច​គ្នានេះ​ជា​ច្រើន​ទៀត​ក្នុង​ឆ្នាំ​កន្លងៗ​ទៅ៕

Source link

x

Check Also

សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​អភិបាលខេត្ត​កំពត​ដក​ស្លាក​ឈ្មោះ​ដែល​ប្តូរ​ពី «​រមណីយដ្ឋាន​ភ្នំ​បូកគោ​» ទៅជា «​រមណីយដ្ឋាន​សុខា​» មុន​ម៉ោង​១១​ថ្ងៃនេះ​

សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​អភិបាលខេត្ត​កំពត​ដក​ស្លាក​ឈ្មោះ​ដែល​ប្តូរ​ពី «​រមណីយដ្ឋាន​ភ្នំ​បូកគោ​» ...

របាយការណ៍​ ស្ដីពី​គ្រោះថ្នាក់​​ចរាចរណ៍​​ទូទាំង​​ប្រទេស​ប្រចាំ ថ្ងៃទី​ ២៣ កញ្ញា (គិតចាប់ពីម៉ោង ១៤:០០ ថ្ងៃទី ២២ ​កញ្ញា – ដល់ម៉ោង ១៤:០០ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៧)

របាយការណ៍​ ស្ដីពី​គ្រោះថ្នាក់​​ចរាចរណ៍​​ទូទាំង​​ប្រទេស​ប្រចាំ ថ្ងៃទី​ ២៣ កញ្ញា  ...