Don't Miss

សង្គម​ក្រៅរដ្ឋាភិបាលខេត្ត​ព្រះសីហនុ​ស្នើ​ចាត់​វិធានការ​ចំពោះ​ម្ចាស់​ហាង​ដែល​លក់​សាច់​ព្រៃ

សត្វ​ព្រៃ​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​ក្នុង​ផ្សារ​ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo: RFA

ដោយ វ៉ែន សុមេធ RFA 2017-12-13

មន្ត្រី​សង្គម​ស៊ីវិល ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​សមត្ថកិច្ច​ស្ថាប័ន​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ នៃ​រដ្ឋបាល​ខេត្ត​នេះ ត្រូវ​រួមគ្នា​ឈប់​ទទួលទាន​អាហារ ឬ​មុខ​ម្ហូប​ចម្អិន​ពី​សាច់​សត្វព្រៃ​តទៅ​ទៀត ព្រោះ​ជា​ការ​លើកទឹកចិត្ត ឲ្យ​បទល្មើស​សម្លាប់​សត្វព្រៃ​បន្ត​កើតមាន​ធ្ងន់ធ្ងរ​ថែមទៀត នា​ថ្ងៃ​អនាគត។

អ្នកឃ្លាំមើល​ការងារ​អភិវឌ្ឍ​សង្គម បាន​កត់សម្គាល់​ថា នៅ​តាម​ភោជនីយដ្ឋាន ឬ​ហាង​ផឹកស៊ី​ភាគច្រើន នា​ខេត្ត​ព្រះសីហនុ មាន​ដាក់​លក់​មុខម្ហូប​ចម្អិន​ពី​សាច់​សត្វព្រៃ​ស្ទើរ​គ្រប់​ប្រភេទ ដោយ​ចំហ ប៉ុន្តែ​បែរ​ជា​មិន​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ ចេញមុខ​បង្ក្រាប​ទេ​កន្លងមក។

អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​អាស៊ីសេរី​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ពុធ ទី​១៣ ខែ​ធ្នូ ថា មុខម្ហូប​ចម្អិន​ពី​សាច់​សត្វព្រៃ នៅ​តាម​អាហារដ្ឋាន ឬ​ភោជនីយដ្ឋាន​ភាគច្រើន នា​ខេត្ត​ទេសចរណ៍​មួយ​នេះ គឺ​កំពុង​ពេញ​និយម និង​មាន​ភាព​សម្បូរ​បែប​ប្រហាក់ប្រហែល​គ្នា​អាហារ​សមុទ្រ​ដែរ។ អ្នកស្រី​បន្ត​ថា រាល់​ថ្ងៃ​នេះ នៅ​តាម​ហាង​ផឹកស៊ី ឬ​ភោជនីយដ្ឋាន​ភាគច្រើន​នា​ខេត្ត​ព្រះសីហនុ ភ្ញៀវ​អាច​កុម្ម៉ង់​មុខម្ហូប​ចម្អិន​ពី​សាច់​ព្រៃ​បាន​ដោយ​សេរី ហើយ​ម្ចាស់​ហាង​នីមួយៗ មិន​ញញើត​ដាក់​លក់​សត្វព្រៃ​នេះ​ទេ។

អ្នកឃ្លាំមើល​សង្គម​រូប​នេះ ទទូច​ដល់​សមត្ថកិច្ច​នគរបាល​និង​ស្ថាប័ន​កងរាជអាវុធហត្ថ​ខេត្ត ជាពិសេស អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន ជួយ​ទប់ស្កាត់​បទល្មើស​សត្វព្រៃ ដែល​កំពុង​ដាក់​លក់​យ៉ាង​អនាធិបតេយ្យ​នៅ​តាម​ភោជនីយដ្ឋាន​នានា។

អ្នកស្រី សុធារី ក៏​បាន​ស្នើ​ឲ្យ​ភ្ញៀវ​ទាំងអស់​រួមគ្នា​ធ្វើ​ពហិការ​កុំ​ទទួលទាន​មុខម្ហូប ចម្អិន​ពី​សាច់​សត្វព្រៃ​តទៅទៀត ដើម្បី​រួមគ្នា​ការពារ និង​អភិរក្ស​សត្វព្រៃ ដែល​ស្ទើរ​ផុត​ពូជ​នៅ​កម្ពុជា ឲ្យ​បាន​គង់វង្ស ជាមួយ​រាជរដ្ឋាភិបាល៖ «យើង​ឃើញ​ភាគច្រើន​អ្នក​ដែល​ទៅ​ទទួល​ទាន​អាហារ​នៅ​តាម​ភោជនីយដ្ឋាន ឬ​ហាង​ផឹកស៊ី​ភាគច្រើន នា​ខេត្ត​ព្រះសីហនុ គឺ​ពួកគាត់ អាច​កុម្ម៉ង់​សាច់​សត្វ​ព្រៃ​ទាំងអស់​ហ្នឹង មក​ទទួលទាន​បាន​ដោយ​សេរី។ បញ្ហា​នេះ ខ្ញុំ​គ្រាន់តែ​ចង់​សំណូមពរ​ថា យើង​គួរ​រួមគ្នា​ថែរក្សា​ការពារ និង​អភិរក្ស​សត្វព្រៃ​ឲ្យ​បាន​ទាំងអស់​គ្នា ដោយ​ចូលរួម នាំគ្នា​លះបង់ កុំ​ញាំ កុំ​កុម្ម៉ង់​អាហារ ដែល​ចម្អិន​ពី​សាច់​សត្វព្រៃ​ទាំងនោះ។ ក្នុង​នោះ​ម្ចាស់​ភោជនីយដ្ឋាន​ទាំងអស់ ក៏​គួរ​កុំ​ទិញ​សត្វព្រៃ​ទាំងអស់​ហ្នឹង ហើយ​បើ​សិន​ជា​មាន​អ្នក​យក​មក​លក់​គួរតែ​ណែនាំ និង​រាយ​ការ​ជូន​កម្លាំង​សមត្ថកិច្ច។ ព្រោះ​នេះ ជា​ការ​ចូលរួម​ដែរ បើសិនជា​គ្មាន​អ្នក​ហូប គ្មាន​អ្នកទិញ ក៏​គ្មាន​អ្នក​ចាប់​សត្វព្រៃ​យក​មក​លក់​ដែរ»។

ចំណែក លោក ស្រេង វ៉ាន់លី មន្ត្រី​អង្កេត​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ ក៏​បាន​កត់សម្គាល់​ថា នៅ​តាម​ភោជនីយដ្ឋាន ឬ​ហាង​ផឹកស៊ី​ភាគច្រើន កំពុង​បម្រើ​សេវា​នាទី​ប្រជុំជន​នានា ទាំង​ទីប្រជុំជន​ក្នុង​ក្រុងព្រះសីហនុ និង​នៅ​តាម​ជាយក្រុង​ជាដើម មាន​លក់​មុខម្ហូប​ចម្អិន​ពី​សាច់​សត្វព្រៃ។ លោក​ថា សាច់​សត្វ​ព្រៃ ទាំងនោះ​រួមមាន​៖ សាច់​សត្វ​ឈ្លូស ជ្រូកព្រៃ ក្ដាន់​ញ៉ែង កាំ​ប្រម៉ា អណ្ដើក សំពោច សត្វ​ស្លាប សត្វ​ពស់ និង​សាច់​សត្វ​ត្រកួត​ជាដើម។

លោក​ថា​បទ​ល្មើស​សត្វព្រៃ​ទាំងនេះ មិនដែល​ឃើញ​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មាន​កម្លាំង​នគរបាល កងរាជអាវុធហត្ថ មន្ត្រី​មន្ទីរ​បរិស្ថាន និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម​ជាដើម ធ្វើ​សកម្មភាព​ចុះ​បង្ក្រាប​ទេ៖ «សូម​ឲ្យ​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ ដែល​គ្រប់គ្រង និង​អភិរក្ស​សត្វព្រៃ​ទាំងអស់​ហ្នឹង មេត្តា​ចុះ​ត្រួតពិនិត្យ​នៅ​តាម​ភោជនីយដ្ឋាន ឬ​តាម​ហាង​នានា ដែល​បើក​លក់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ពិនិត្យ​ថា តើ​មាន​ដាក់​លក់​មុខម្ហូប​ចម្អិន​ពី​សាច់​សត្វព្រៃ​ដែរ​ឬ​ទេ​? ប៉ុន្តែ​បើសិនជា​រក​ឃើញ​មាន​ដាក់​លក់ គឺ​ស្នើ​ឲ្យ​សមត្ថកិច្ច មាន​វិធានការ​តាម​ផ្លូវ​ច្បាប់ ឬ​ឈាន​ទៅ​បិទ​ភោជនីយដ្ឋាន និង​ហាង​ផឹកស៊ី​ទាំងអស់​នោះ ជា​ការ​ព្រមាន​ឲ្យ​រាងចាល ដើម្បី​ឈាន​ទៅ​ទប់ស្កាត់​បទល្មើស​លក់​សត្វ​ព្រៃ​គ្រប់​ប្រភេទ ឲ្យ​មាន​ប្រសិទ្ធភាព ព្រោះ​គេ​សង្កេត​ឃើញ​ថា រាល់ថ្ងៃ​សត្វព្រៃ​នៅ​កម្ពុជា​ស្ទើរ​ផុត​ពូជ​អស់​ទៅ​ហើយ»។

ទាក់ទិន​បញ្ហា​នេះ អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន ធ្លាប់​បាន​លើកឡើង​ជា​បន្ត​បន្ទាប់ នៅ​ក្នុង​កិច្ចប្រជុំ​ចុងខែ​នីមួយៗ រំលឹក​ដល់​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ឲ្យ​រួម​សហការ​គ្នា​ការពារ​បរិស្ថាន​ព្រៃឈើ សត្វព្រៃ ធនធាន​ធម្មជាតិ​សមុទ្រ ដែល​នៅ​សេសសល់ ឲ្យ​បាន​គង់វង្ស។ ប៉ុន្តែ​សង្គម​ស៊ីវិល​ថា ទ្រឹស្ដី​តែមួយ​មុខ​មិន​អាច​ការពារ​សត្វព្រៃ និង​ធនធានធម្មជាតិ​បានទេ លុះ​ត្រា​តែ​មាន​វិធានការ​បង្ក្រាប​ទៅតាម​ច្បាប់​ដោយ​មិន​រើសមុខ​ទើប​មាន​ប្រសិទ្ធភាព៕

Source link

x

Check Also

Reader: ថ្ងៃនេះតុលាការអាយ៉ងហៅឈឹម ផលវរុណឲ្យឆ្លើយដាក់លោក កឹមសុខា ស្អែកអ្នកដែលធ្លាប់ធ្វើការជាមួយគាត់ទាំងអស់

Source link

Did you get yours? It's deadly this year!

(by Chou Lenag Hak) Be ...