របៀបទទួលទេវតាថ្មី ឆ្នាំរកា តាមក្បួនមហាសង្រ្កាន្ត

មហាសង្រ្កាន្ត ឆ្នាំរកា នព្វស័ក
ពុទ្ធសករាជ ២៥៦១ គ្រឺស្តសករាជ ២០១៧ មហាសករាជ ១៩៣៩ ចុល្លសករាជ ១៣៧៩

យោងតាមក្បួនមហាសង្ក្រាន្ត ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ដែលរៀបរៀងដោយ លោក អ៊ឺម បុរិន្ទ នាយកនៃគណកម្មការស្រាជ្រាវវិជ្ជាហោរាស្រ្តនិង ប្រពៃណីទំនៀមទម្លាប់ខ្មែរ  បានបញ្ជាក់ថា សង្រ្កាន្តឆ្នាំនេះ នឹងចូលមកនៅថ្ងៃសុក្រ ៣ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ. ស.  ២០១៧ វេលាម៉ោង ០៣:១២ នាទី  អធ្រាត្រ។ ទេពធីតាដែលនឹងយាងចុះមកបន្តវេនរក្សាមនុស្សលោកឆ្នាំនេះ គឺព្រះនាង កិមិរាទេវី ជាបុត្រទី ៦ នៃកបិលមហាព្រហ្មទ្រង់គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ សេត លម្អនៅព្រះកាណ៌ដោយបុប្ផា ចង្កុរណី អភរណៈ កែវបុស្សរាគ័ម ភក្សាហារទ្រង់ ចេកណាំវ៉ា ព្រះហស្តស្តាំទ្រង់ព្រះខ័ន្ធ ព្រហស្តឆ្វេងទ្រង់ពិណ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នង មហិង្សា  (ក្របី) ជាពាហនៈ ។

ទេវតាឆ្នាំថ្មី ។ រូបគំនូរ ថៃ សាន

ទេវតាឆ្នាំថ្មី ។ រូបគំនូរ ថៃ សាន

វារៈមហាសង្រ្កាន្ត៖

ថ្ងៃសុក្រ ៣ រោច ខែចែត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ. ស.  ២០១៧ វេលាម៉ោង ០៣ និង ១២ នាទី អធ្រាត្រ ជាថ្ងៃចូលឆ្នាំ រកា នព្វស័ក ។

វារៈវន័បត៖

ថ្ងៃសៅរ៍ ៤ រោច ខែចេត្រត្រូវនឹងថ្ងៃទី ១៥ ខែមេសា គ. ស. ២០១៧ ។

វារៈឡើងស័ក

ថ្ងៃអាទិត្យ ៥ រោចខែចេត្រត្រូវនឹងថ្ងៃទី ១៦ មេសា គ. ស. ២០១៧ នៅវេលាម៉ោង ០៦ និង ៤៦ នាទី  ។

រណ្តាប់ទទួលទេវតា៖

រណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលិការផ្សេងៗ ។ ត្រូវរៀបក្រាលសំពត់ពណ៌សហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានជាអាទិ៍ បាយសី ៩ ថ្នាក់មួយគូបាយសី ៧ ថ្នាក់មួយគូ បាយសី ៥ ថ្នាក់មួយគូបាយសី ៣ ថ្នាក់មួយគូបាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន ៥ ធូប ៥ លាច ៥ ផ្កា ៥ ដាក់លើជើងពាន ១ គូចេកនួនចេកណាំវ៉ាដាក់លើជើងពានមួយគូ ផ្លែឈើ ១១ មុខ រៀបដាក់ជើងពាន ១១ គូ ដូងឡៅមួយគូ ទឹកស្អាតពីកែវ ។ ស្រេចហើយនៅវេលាម៉ោងដែលទេវតាចុះមកត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្សការរតនត្រ័យសមាទានសីលហើយតាំងចិត្តឲ្យបានស្អាតរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួងតម្កល់ចិត្ត ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរឮក លុះចប់ពិធីទទួលទេវតា ។

ចំពោះបាយសី ៩ ថ្នាក់ ៧ ថ្នាក់ ជាទំនៀមមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាសនិងមានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្រ្តគួរធ្វើត្រឹម ៥ ថ្នាក់ ចុះមកឬរៀបចំត្រឹមគ្រឿងសក្ការបូជាដែលមានទៀន ៥ ធូប ៥ ស្លាធម៌កូនចេកមួយគូក៏ល្មមសមគួរដែរ ។ ចំពោះផ្លៃឈើសម្រាប់ប្រជារាស្រ្តគូររៀបឲ្យបានត្រឹម៣ ឬ ៥ មុខ ក៏ជាការប្រសើរគឺរៀបទៅតាមធនធានរបស់ខ្លួន ។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាននិងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ ។

ចូលពុទ្ធសករាជថ្មី

ព្រះពុទ្ធសករាជព្រះសាសនាអតិក្តន្តាកន្លងទៅហើយបាន ២៥៦០ ត្រឹមថ្ងៃពុធ ១៥ កើត ខែពិសាខ លុះដល់ថ្ងៃ ១ រោច ខែពិសាខ ឆ្នាំរកា នព្វស័ក ត្រូវនឹងថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៧ ។ ពុទ្ធសករាជ ២៥៦១ នឹងចូលត្រូវថ្ងៃ ព្រហស្បតិ៍ ១ រោច ខែវិសាខ ឆ្នាំ រកា នព្វស័ក ត្រូវនឹងថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៧ ៕

Source link

x

Check Also

ឥទ្ធិពល​ឪពុកក្មេក ធ្វើ​ឲ្យ​លោក ជូ កុល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​

​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ មួយចំនួន​បាន​ឲ្យ​ដឹងថា ដោយសារ​អាង​ឥទ្ធិពល​ឪពុកក្មេក​របស់ខ្លួន​ឈ្មោះ ឈុំ សុជាតិ ...

​បញ្ជូន​ក្រុម​ចាប់ជំរិត​តាម Internet ទាំង​៣៣​នាក់​ទៅ​តុលាការ​

​រាជធានី​ភ្នំពេញ ៖ ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ Internet ដែល​ជា​ជនជាតិ​ចិនតៃវ៉ាន់ ...