រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល មិនគួរ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​របស់លោក សាន់ ដា​រិ​ទ្ធ នោះទេ

រឿងអាស្រូវ​ពុករលួយ​របស់លោក សាន់ ដា​រិ​ទ្ធ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តមណ្ឌលគិរី ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ដូច្នេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល មិនគួរ​មើលរំលង​ទង្វើ​មិន​ប្រក្រតី​របស់លោក សាន់ ដា​រិ​ទ្ធ តទៅទៀត​ឡើយ​។ តាម​ប្រភពពី​ប្រជា​សហគមន៍​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គ​រី បាន​ឲ្យ​ដឹងថា​រហូតមក​ដល់ពេលនេះ​អាជីវកម្ម​រ៉ែ​មាស​ក្នុង​មូលដ្ឋាន​ពួកគាត់​នៅតែ​បន្ត​កើតមាន​យ៉ាង​ពេញបន្ទុក​ហើយ​មន្ទីរជំនាញ​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តមណ្ឌលគិរី បាន​គាបសង្កត់​យ៉ាងខ្លាំង​ទៅលើ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ ហើយ​បែរជា​ធូររលុង​ចំពោះ​ក្រុមហ៊ុន​រុករក​រ៉ែ​មាស ដែល​កំពុងតែ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ បញ្ហា​នេះ​ថ្នាក់ដឹកនាំ​ក្រសួង​រ៉ែ​និង​ថាមពល​គួរតែ​ពិនិត្យឡើងវិញ​ខ្លះ​ផង ដើម្បី​កុំ​ឲ្យ​លោក សាន់ ដា​រិ​ទ្ធ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល ខេត្តមណ្ឌលគិរី ព្រមទាំង​មន្ត្រីក្រោមឱវាទ​គាបសង្កត់​ពលរដ្ឋ​យ៉ាង​ពេញបន្ទុក​តទៅទៀត​។

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា​អាជីវកម្ម​រ៉ែ​មាស​នៅ​ភូមិ​ពូ​ទុង ឃុំ​ចុង​ផ្លាស់ អាចធ្វើ​ឲ្យ​លោក សាន់ ដា​រិ​ទ្ធ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តមណ្ឌលគិរី​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​មាន​ពលរដ្ឋ​ប្រមាណ​១០០០​គ្រួសារ​បានធ្វើ​អាជីវកម្ម​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ​ហើយ​រង​ការគាបសង្កត់​យ៉ាងខ្លាំង​ពី​សំណាក់​លោក សាន់ ដា​រិ​ទ្ធ និង​មន្ត្រីក្រោមឱវាទ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ប្រមូលផ្ដុំ​គ្នា​ផ្ដិតមេដៃ​ដើម្បី​សូម​អន្តរាគមន៍​ពី​មន្ត្រី​អាជ្ញាធរ​គ្រប់​ក​លំដាប់ថ្នាក់​ក្នុងការ​អនុញ្ញាត​ឲ្យ​ពួកគាត់​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ​ឡើងវិញ នៅក្នុង​ភូមិ​ពូ​ទុង​។ ជាងនេះទៅទៀត​ប្រជាពលរដ្ឋ​សុំ​បន្ថែម​ជម្រៅ​រ៉ែ​មាស​ព្រោះ​ការកំណត់​ត្រឹម​ជម្រៅ​២០​ម៉ែត្រ​ពួកគាត់​មិនអាច​យក​រ៉ែ​មាស​បានឡើយ ហើយ​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជីវភាព​។

​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា​តំបន់​រ៉ែ​មាស​ដែល​ពួកគាត់​ធ្វើ​អាជីវកម្ម​កន្លងមក​គឺជា​តំបន់​តែ​ពួកគាត់​រុករក​រ៉ែ​មាស​ជា​លក្ខណៈ​សហគមន៍​តាំងពី​អំឡុង​ឆ្នាំ​១៩៨៨ រហូតមក​ដោយមាន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ដឹង​ឭ​ទៀតផង​។ ប៉ុន្តែ​នៅ​អំឡុង​ឆ្នាំ​២០១៥-២០១៦ ទើប​ក្រសួង​រ៉ែ​និង​ថាមពល​ផ្ដល់​សិទ្ធិ​ស្របច្បាប់​លើ​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​ទ្រង់ទ្រាយ​តូច​ដល់​សហគមន៍ ហើយ​កំណត់​ជម្រៅ​រណ្ដៅ​រ៉ែ​មាស​ត្រឹម​២០​ម៉ែត្រ ដែល​ជម្រៅ​នេះ​ពលរដ្ឋ​មិនអាច​យក​រ៉ែ​មាស​បានទេ​។ តំណាង​សហគមន៍​ឃុំ​ចុង​ផ្លាស់ បានបញ្ជាក់​ច្បាស់​ថា លោក សាន់ ដា​រិ​ទ្ធ បាន​គាបសង្កត់​ពួកគាត់​យ៉ាងខ្លាំង ហើយ​រាល់​ការប្រើប្រាស់​សម្ភារៈ​ឧបករណ៍​ឬ​រំសេវ​គ្រឿង​បំផ្ទុះ គ្រឿងចក្រ ត្រូវមាន​ការត្រួតពិនិត្យ​ពី​សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​។ ប៉ុន្តែ​លោក សាន់ ដា​រិ​ទ្ធ បែរជា​ធូររលុង​ចំពោះ​ក្រុមហ៊ុន​រុករក​រ៉ែ​មាស​ឈ្មោះ រ៉ុង ឆេង ដែល​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​ជំនាញ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​។

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​តំណាង​សហគមន៍​ឃុំ​ចុង​ផ្លាស់ បាន​ឲ្យ​ដឹងថា​ចាប់តាំងពី​ក្រុមហ៊ុន​រ៉ុង ឆេង ចូលមក​រុករក​រ៉ែ​មាស​នៅក្នុង​ភូមិ​ពូ​ទុង​តាំងពី​អំឡុង​ឆ្នាំ​២០០៥ រហូតមក​គឺ​ក្រុមហ៊ុន​នេះ​បាន​បង្ក​កាត​លំបាក​យ៉ាងខ្លាំង​លើ​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ជា​លក្ខណៈ​គ្រួសារ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ក្រុមហ៊ុន រ៉ុង ឆេង ដែលជា​ក្រុមហ៊ុន​របស់​ចិន​បាន​រំលោភបំពាន​ចូល​បរិវេណ​រ៉ែ​មាស​របស់​សហគមន៍​ឃុំ​ចុង​ផ្លាស់​ជា​បន្តបន្ទាប់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ព្រោះ​មាន​លោក សាន់ ដា​រិ​ទ្ធ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​។ ការពិត​ក្រុមហ៊ុន រ៉ុង ឆេង មាន​ត្រឹម​អាជ្ញាប័ណ្ណ​សិក្សា​រុករក​រ៉ែ​មាស​ក្នុង​ឃុំ​ចុង​ផ្លាស់ ប៉ុន្តែ​ជាក់ស្ដែង​ក្រុមហ៊ុន​រ៉ុង ឆេង បានធ្វើ​អាជីវកម្ម​រ៉ែ​មាស​យូរ​ឆ្នាំ​មកហើយ និង​ទើប​ទទួលបាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​កាលពី​អំឡុង​ឆ្នាំមុន​។

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ចុង​ផ្លាស់ បាន​ឲ្យ​ដឹង​ទៀតថា​ក្រុមហ៊ុន​ចិន​ដែលមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល ព្រមទាំង​មានការ​ឃុបឃិត​ពី​សំណាក់​លោក សាន់ ដា​រិ​ទ្ធ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល ខេត្តមណ្ឌលគិរី​ផង​នោះ​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​លក្ខណៈ​បច្ចេកទេស​។ មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល ខេត្តមណ្ឌលគិរី​មួយចំនួន​បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​រ៉ុង ឆេង ខួង​រណ្ដៅ​រ៉ែ​ដល់​ជម្រៅ​ជាង​១០០​ម៉ែត្រ​ហើយ​ប្រើ​រំសេវ​បំផ្ទុះ​យក​រ៉ែ​មាស​ស្រេច​តែ​អំពើ​ចិត្ត​។ ជាងនេះទៅទៀត​ក្រុមហ៊ុន​ចិន​បាន​ជីករណ្ដៅ​រ៉ែ​មាស​ចូល​ម​ក្នុង​ដី​រ៉ែ​មាស​របស់​សហគមន៍​យ៉ាង​ពេញបន្ទុក ហើយ​លោក សាន់ ដា​រិ​ទ្ធ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល ខេត្តមណ្ឌលគិរី គិតតែ​ពី​រឿង​ផលប្រយោជន៍​។ ហេតុនេះហើយ​ទើប​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​នាំគ្នា​ផ្ដិតមេដៃ​តវ៉ា​សុំ​អន្តរាគមន៍​ពី​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ឲ្យ​ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់ ព្រោះ​អី​លោក សាន់ ដា​រិ​ទ្ធ កំពុង​បម្រើ​ផលប្រយោជន៍​ក្រុមហ៊ុន​ចិន​យ៉ាង​ក្រអឺតក្រទម​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ច្រើន​ឆ្នាំ​មកហើយ​៕

22450567_372789166475383_908891146_oលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល
22446965_372789316475368_505386204_n 22446701_372789253142041_769492227_n

Source link

x

Check Also

អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុង​ខេត្តព្រះវិហារ មិនទាន់​បង្ក្រាប​ឈ្មួញ​ឈើ​គ្រញូង​ធំៗ​នៅឡើយ​

ថ្មីៗ​កន្លងទៅនេះ​សមត្ថកិច្ច​ក្នុង​ខេត្តព្រះវិហារ បង្ក្រាប​ពលរដ្ឋ​ដែល​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​លើទឹក​ដី​សៀម និង​ស្ពាយ​ឈើ​គ្រញូង​ចេញពី​ទឹកដី​សៀម​នៅ​ច្រករបៀង​ជាច្រើន​កន្លែង​ក្នុងភូមិ​ឈើទាល​គង ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ...

មាន​មន្ត្រីជាន់ខ្ពស់​ជាប់​ពាក់ព័ន្ធ​ទៅនឹង​បទល្មើស​នេសាទ​យ៉ាង​រាលដាល​នៅ​តំបន់​បឹង​ទន្លេសាប​ខេត្តកំពង់ធំ

​បទល្មើស​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប​ក្នុងស្រុក​កំពង់ស្វាយ និង​ស្រុក​ស្ទោង ខេត្តកំពង់ធំ នៅតែ​កើតឡើង​យ៉ាង​រាលដាល​ហើយ​មន្ត្រីរដ្ឋបាល​ជលផល​គ្រប់​លំដាប់ថ្នាក់ នៅក្នុង​ស្រុក​ស្ទោង ...