Don't Miss

មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី បើកដៃ​ឲ្យ​ឈ្មួញ​ឈ្មោះ ចែ​ណាត ដឹកជញ្ជូន​ឈើ​តាម​អំពើ​ចិត្ត​

សកម្មជន​ព្រៃឈើ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី បាន​រិះគន់ថា លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ ស្តុក​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដែល​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នោះទេ​។ ផ្ទុយទៅវិញ​ប្រភព​ខ្លះ​បាន​លើកឡើងថា លោក កែប កត់ គឺជា​ខ្នងបង្អែក​របស់​ឈ្មួញ​មួយចំនួន​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដើម្បី​ជា​ថ្នូរ​ទៅនឹង​ផលប្រយោជន៍​ជាប្រចាំ​។ ប្រការនេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ គួរពិនិត្យមើល​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់លោក កែប កត់ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ខ្លះ​ផង​ព្រោះ​បច្ចុប្បន្ន​បទ​ល្មើ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ទឹកដី​ខេត្តរតនគិរី មិនទាន់មាន​ការថយចុះ​នោះទេ​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ព្រលឹម ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៧ ឈ្មួញ​ឈ្មោះ ចែ​ណាត បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ពី​ស្រុក​វ៉ឺ​ន​សៃ ចូលមក​ស្តុក​ទុក​ក្នុង​ក្រុង​បាន​លុង ដោយ​គ្មាន​សមត្ថកិច្ច​ឬ​មន្ត្រី​ជំនាញ​ណា​ត្រួតពិនិត្យ​ឡើយ​។ មន្ត្រីរាជការ​ក្នុង​ក្រុង​បាន​លុង បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ ចែ​ណាត មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​យ៉ាង​ជិតស្និទ្ធ​ទើប​អាចធ្វើ​អ្វីៗ​បាន​តាម​អំពើ​ចិត្ត ហើយ​សូម្បីតែ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​។ សកម្មភាព​របស់​ឈ្មួញ​ឈ្មោះ ចែ​ណាត កំពុង​បង្ក​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍ ព្រៃ​ការពារ និង​ព្រៃ​អភិរក្ស​ក្នុងស្រុក​វ៉ឺ​ន​សៃ និង​ស្រុក​មួយចំនួនទៀត​យ៉ាង​ពេញបន្ទុក ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

ប្រជាពលរដ្ឋនៅក្នុង​ក្រុង​បាន​លុង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​មកដល់ពេលនេះ​ឈ្មួញ​ឈ្មោះ ចែ​ណាត នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដដែល ដោយសារ​ឈ្មួញ​រូបនេះ​ចេះ​បែងចែក​ផលប្រយោជន៍​ដល់​សមត្ថកិច្ច​ពុករលួយ​ជាប្រចាំ​។ ប្រសិនបើ​ឈ្មួញ​ឈ្មោះ ចែ​ណាត គ្មាន​ទំនាក់ទំនង​ជាមួយ​លោក កែប កត់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​នោះ គឺ​រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​រូបនេះ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ចៀស​មិន​ផុត​ឡើយ​។ មានន័យថា​ការដែល ចែ​ណាត អាច​បន្ត​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​និង​ស្តុក​ឈើ​ក្នុង​ក្រុង​បាន​លុង យ៉ាង​សុខ​ស្រួល​គឺមាន​ការឃុបឃិត​បើកដៃ​ពី​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពុករលួយ​ជាច្រើន​ស្ថាប័ន ហើយ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ក៏​ជាប់​សង្ស័យ​រឿង​ទទួលផល​ប្រយោជន៍​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ផងដែរ​៕

Pic407 Pic408 Pic409

Source link

x

Check Also

ឧកញ៉ា សុខ គង់ ពិតជា​ថ្លើមធំ​មែន ឬ​ជា​ល្បែង​? ក្រុមហ៊ុន Sokha Hotel ប្តូរ​ឈ្មោះ​រមណីយដ្ឋាន «​បូកគោ​» ទៅជា​រមណីយដ្ឋាន «​សុខា​» ផ្អើល​ដល់​នាយករដ្ឋមន្ត្រី

​ចាប់តាំងពី​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងមក​ថ្មីៗ​នេះ ក្រុមហ៊ុន សុខា ...

បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​តាម​តំបន់​ព្រំដែន​ក្នុងស្រុក​ពេ​ជ្រា​ដា កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​តូចតាច​ក្នុងស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ប៉ុស្ដិ៍​៧៥១​ក្នុង​ទឹកដី​យួន​ត្រូវបាន​គេ​ឈូសឆាយ​ផ្លូវ​រួចជាស្រេច​ដើម្បី​ចាំ​ប្រមូល​ទិញ​ឈើ​ចេញពី​ទឹកដី​ខេត្តមណ្ឌលគិរី តាម​ប៉ុស្ដិ៍​លេខ​៤ និង​ប៉ុស្ដិ៍​លេខ​៥ ...