មេទ័ព​កំពូល​កម្ពុជា​ព្រមាន​​ដដែលៗ​ពី​ការ​វាយ​បង្ក្រាប​ក្រុម​ណា​ដែល​បង្ក​អស្ថិរភាព​ក្នុង​ប្រទេស

រូបឯកសារ៖ មន្ត្រីកម្លាំង​ប្រដាប់​អាវុធ​កម្ពុជា​ប្រចាំ​ការ​ជាមួយ​នឹង​ម៉ូតូ​របស់​ពួក​គេ​នៅ​សង្កាត់​ស្ទឹង​មានជ័យ នៅ​ពេល​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន មាន​វត្តមាន​ជាសាធារណៈជា​លើក​ដំបូង​ក្នុងអំឡុង​ពេល​បោះឆ្នោត​នៅទីក្រុង​ភ្នំពេញ កាល​ពីថ្ងៃ​ពុធ ទី៣១ ខែ​កក្កដា ឆ្នាំ​២០១៣។ (រូបថត៖AP/Heng Sinith)

ហ៊ុល រស្មី VOA Khmer 17 តុលា 2017

ការ​ថ្លែង​ព្រមាន​របស់​មេកង​ទ័ព​កំពូល​កម្ពុជា​ ​ដែល​មាន​ភាព​ស្និទ្ធស្នាល​នឹង​បក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន​ ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​ ក្រោយ​ពី​រដ្ឋាភិបាល​ដែល​គេ​សង្កេត​ឃើញ​ថា​ បាន​កំពុង​ព្យាយាម​រំលាយ​គណបក្ស​ប្រឆាំង​សង្គ្រោះជាតិ។​

ភ្នំពេញ — ស្រប​ពេល​ដែល​ក្រុម​តំណាងរាស្ត្រ​របស់​គណបក្ស​គ្រប់​គ្រង​ប្រទេស​ ​កំពុង​ចាត់​វិធាន​ការ​ច្បាប់ដែល​គេ​ជឿ​ថា​ ​នឹង​ឈាន​ដល់​ការ​បែង​ចែក​អាសនៈ​សភា​របស់​គណបក្ស​ប្រឆាំង​ មេដឹកនាំ​យោធា​កម្ពុជា​បាន​ព្រមាន​ផ្ទួនៗ​ ថា​នឹង​វាយ​កម្ទេច​ក្រុម​ណា​ដែល​ប៉ុនប៉ង​បង្ក​ចលាចល​នៅ​ក្នុង​ប្រទេស។​ ការណ៍នេះ​ផ្ទុយ​ពី​ការ​អំពាវនាវ​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ដែល​ធ្លាប់​លើកឡើង​ទាក់ទង​កុំ​ឲ្យ​មានសកម្មភាព​គំរាមកំហែង ​និង​ការ​បង្ក្រាប​ការ​បះបោរ​ដោយ​ប្រើ​កម្លាំង​ ឬ​សង្គ្រាម។​

អគ្គ​មេ​បញ្ជាការ​កងទ័ព​កម្ពុជា​ ​នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​បួន​ ប៉ុល សារឿន​ បាន​បន្ត​ផ្ញើ​សារ​ព្រមាន​កម្ទេច​ក្រុម​ប្រើ​ស្លាក​លទ្ធិ​ប្រជាធិបតេយ្យ​ ​និង​សិទ្ធិ​មនុស្សនានា​ ​ដែល​នៅ​សន្សំ​ចិត្ត​បង្ក​អស្ថិរភាព​ក្នុង​ប្រទេស​កម្ពុជា។​

​ការ​ថ្លែង​ព្រមាន​របស់​មេកង​ទ័ព​កំពូល​កម្ពុជា​ ​ដែល​មាន​ភាព​ស្និទ្ធស្នាល​នឹង​បក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន​ ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​ ក្រោយ​ពី​រដ្ឋាភិបាល​ដែល​គេ​សង្កេត​ឃើញ​ថា​ បាន​កំពុង​ព្យាយាម​រំលាយ​គណបក្ស​ប្រឆាំង​សង្គ្រោះជាតិ។​

ថ្លែង​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ក្នុង​ខួប​លើក​ទី​២៣​ នៃ​ថ្ងៃ​កំណើត​កងពល​តូច​ថ្មើរ​ជើង​លេខ​៧០​ ​ដែល​ដឹង​គេ​ថា​ ជា​អង្គភាព​កងទ័ព​មាន​ភក្តីភាព​នឹង​ក្រុម​គ្រួសារ​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន​ លោក​ ប៉ុល សារឿន​អគ្គ​មេបញ្ជាការ​កង​យុទ្ធពល​ខេមរភូមិន្ទ​ បាន​លើក​ឡើង​ថា កម្ពុជា​ ​ជា​រដ្ឋ​ឯករាជ្យ​មិន​រណប​នឹង​បរទេស​ណា​ទាំង​អស់​ ហើយ​តែងតែ​ប្រកាន់​ខ្ជាប់​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស។​ ប៉ុន្តែ​លោក​បាន​ព្រមាន មិន​អត់​អោន​ដល់​ជន​ណា​ ដែល​ចង់​ជ្រៀត​ជ្រែក​ផ្ទៃក្នុង​ ដែល​នាំ​ទៅ​ដល់​ការ​បង្ក​ភាព​ប្រេះស្រាំ​នៃ​សាមគ្គីភាព​ជាតិ។​

ទំព័រ​ហ្វេសប៊ុក លោក​ ប៉ុល សារឿន​ បាន​សរសេរ​ថា៖​

«កម្ពុជា គឺ​ជា​រដ្ឋ​ឯករាជ្យ​ អធិបតេយ្យ​ ម្ចាស់ការ​ក្នុង​ការ​សម្រេច​ជោគ​វាសនា​របស់​ខ្លួន។ កម្ពុជា​តែងតែ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ជា​សាកល​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន។ ដើម្បី​រក្សា​សន្តិភាព​និង​សន្តិសុខ​ជាតិ កម្ពុជា​ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​ណាមួយ​ ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ដែល​មាន​ចរិត​បង្ក​ហេតុ ​និង​បំបែកបំបាក់​សាមគ្គីភាព​ជាតិ ក្រោម​ស្លាក​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ ដែល​មាន​បំណង​បម្រើ​ផល​ប្រយោជន៍​នយោបាយ​បុគ្គល ឬ ក្រុម​មនុស្ស​មួយ​ក្តាប់​តូច​ និង​បរទេស»។​

នាយ​ឧត្តមសេនីយ៍​ ប៉ុល សារឿន​ ​បាន​សង្កត់​ធ្ងន់​ថា៖​

«ក្នុង​ន័យ​នេះ​ ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ កង​យោធពលខេមរភូមិន្ទ​ សូម​ប្តេជ្ញា​ការពារ​ឱ្យ​បាន​រឹងមាំ​ជា​អមតៈ​នូវ​សន្តិភាព ​និង​សន្តិសុខជាតិ​ ពីព្រោះ​វា​ជា​ផល​ប្រយោជន៍​រួម​ និង​ជា​សេចក្តី​ប្រាថ្នា​នៃ​ប្រជាជាតិ​ និង​ប្រជាជន​កម្ពុជា​គ្រប់​រូប​ និង​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​ចាំបាច់​បំផុត សម្រាប់​ប្រទេស​ជាតិ​បោះ​ជំហាន​បន្ត​ទៅ​មុខ​ ​លើ​វិថី​អភិវឌ្ឍន៍​ និង​ការ​រីកចម្រើន។ កង​យោធពល​ខេមរភូមិន្ទ សូម​ប្រឆាំង​ដាច់​ខាត​ចំពោះ​សកម្មភាព​នានា​របស់​ក្រុម​ជ្រុលនិយម​ណាមួយ ដែល​គាំទ្រ​ពី​បរទេស ក្នុង​គោល​បំណង​ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ តាម​រយៈ​ការ​ញុះញង់​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា មាន​ចរិត​ជា​ បដិវត្ត​ពណ៌​ សំដៅ​បំផ្លាញ​សុខ​សន្តិភាព​ សេចក្តី​សុខសាន្ត​របស់​ប្រជាពលរដ្ឋ និង​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ»។​

នេះ​ជា​ការ​ព្រមាន​ជា​លើក​ពីរ​របស់​មេទ័ព​កម្ពុជា​រូប​នេះ។​ បី​ថ្ងៃ​មុន​ការ​ប្រារព្ធ​ខួប​នៃ​ការ​បង្កើត​កង​ពល​តូច​ថ្មើរ​ជើង​លេខ​៧០ ​លោក​ ប៉ុល សារឿន​ ថែម​ទាំង​បាន​ដាក់​បទបញ្ជា​ឲ្យ​កងទ័ព​កម្ពុជា​ វាយបក​ភ្លាមៗ​ទៅ​លើ​អ្វី​ដែល​លោក​ហៅ​ថា​ «សមរភូមិ​សាធារណមតិ»។​ លោក​បាន​លើក​ឡើង​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ក្នុង​ន័យ​ដើម​ថា៖​

«បន្ត​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ ទាំង​ការ​បណ្តុះបណ្តាល​ ហ្វឹកហ្វឺន​ ការ​ថែទាំ​សុខភាព ការ​ចិញ្ចឹម​ទ័ព​ ជំរុញ​ការ​កសាង​សមត្ថភាព​កង​ឯកភាព ជា​ពិសេស បណ្តា​កង​ឯកភាព បំពេញ​ភារកិច្ច​នៅ​តាម​ព្រំដែន​គោក​និង​ដែនទឹក​ ដើម្បី​ឱ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​បុព្វហេតុ​នៃ​កិច្ច​ការពារ​ជាតិ។ ខិតខំ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​ពង្រឹង​ការងារ​អប់រំ​ចិត្តសាស្ត្រ និង​បង្កើន​ការ​វាយ​បក​ឱ្យ​បាន​ទាន់​ពេលវេលា​តាម​ប្រព័ន្ធ​Facebookលើ​សមរភូមិ​សាធារណមតិ»។​

ការ​បង្កើន​ការ​ព្រមាន​របស់​មេទ័ព​កំពូល​កម្ពុជា​ធ្វើ​ឡើង​ ​នៅ​ចំ​ពេល​ដែល​ក្រុម​តំណាងរាស្ត្រគណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​កំពុង​ប្រើ​ការ​កែប្រែ​ច្បាប់​មួយ​ចំនួន​ដែល​គេ​ជឿ​ថា​ ជា​ដំណើរ​នាំ​ការ​វាយ​កម្ទេច​ចោល​គណបក្ស​ប្រឆាំង​ ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ ២០១៨។

ការ​ព្រមាន​របស់​មេដឹកនាំ​យោធា​លោក​នាយ​ឧត្ដមសេនីយ៍ ​ប៉ុល សារឿន​ ក៏​បាន​ កើត​មាន​នៅ​ក្រោយ​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ជាច្រើន​ រួម​មាន​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ បាន​បង្ហាញ​ពី​ក្តី​បារម្ភ​នៃ​ផល​ប៉ះពាល់​ភាព​ស្រប​ច្បាប់​ សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨​ ប្រសិន​បើ​មិន​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ប្រកួត។ ពួកគេ​បាន​ទទូច​ស្នើ​ឲ្យ​រដ្ឋាភិបាល​ស្តារ​ស្ថានភាព​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​ ប្រយោជន៍ធ្វើ​ឲ្យ​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ​ និង​សេរី​មួយ​ ​ដើម្បី​បើក​ផ្លូវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជ្រើស​រើស​យក​គណបក្ស​នយោបាយ​ណាមួយ​ សម្រាប់​គ្រប់គ្រង​ប្រទេស​កម្ពុជា។​

លោក​នាយ​ឧត្តមសេនីយ៍​ ឈុំ​ សុជាតិ ​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​ ​មាន​ប្រសាសន៍​ប្រាប់ ​VOA ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ទោះបី​កងទ័ព​កម្ពុជា​មិន​ទាន់​ទទួល​បាន​តម្រុយ​ ឬ​ការ​កំណត់​មុខ​សញ្ញា​នៃ​ក្រុម​ណា​ដែល​នឹង​ចេញ​មក​បង្ក​ចលាចល​ក្នុង​ប្រទេស​ក្តី​ កងទ័ព​បាន​ត្រៀម​រួចរាល់​ និង​ប្រុង​ជើងការ​រួច​ជា​ស្រេច​ដើម្បី​វាយ​កម្ទេច​ អ្នក​ដែល​ហ៊ាន​សកម្មភាព​ផ្តួល​រំលំ​រដ្ឋាភិបាល​តាម​រូបភាព​បដិវត្តន៍​ពណ៌។​

អ្នក​នាំ​ពាក្យ​រូប​នេះ​ ​អះអាង​ថា​ ការ​ព្រមាន​របស់​លោក​នាយ​ឧត្តម​សេនីយ៍​ ប៉ុល​ សារឿន​ គឺ​ការ​ក្រើន​រំឭក​តែ​ប៉ុណ្ណោះ។​

«អាហ្នឹង​មិនមែន​ជា​គំរាម​កំហែង​ ជា​ការ​ធ្វើ​រំឭក​ ដាស់​តឿន​ កុំ​ឲ្យ​ពួក​ជ្រុល​និយម​ វា​មាន​បំណង​អាក្រក់​ ការ​ដាស់​តឿន​មុន​ ការ​ដាស់​តឿន​មុន​កុំ​ឲ្យ​គាត់​ធ្វើ​អាក្រក់​ខុស​ច្បាប់​ លើស​ច្បាប់។​ យើង​ធ្វើ​អ្វី​ទៅ​តាម​ច្បាប់​ទាំងអស់។ អីចឹង​កងទ័ព​ គេ​អា​ហ្នុង​ការពារ​រដ្ឋាភិបាល​តាម​ច្បាប់។ អីចឹង​មិន​ឲ្យ​មាន​នរណា​ទៅ​ធ្វើ​អី​ទេ។ ជា​ការ​ធ្វើ​រម្លឹក​ទេ​ មិនមែន​ជា​ការ​ព្រមាន​ទេ។ ក្រែង​គាត់​ធ្វើ​ខុស​ទៅ​ ចោទ​ថា​ គាត់​ប្រើ​អំពើ​ហិង្សា​អីចឹង​ គឺ​ថា​ប្រកាស​ឲ្យ​ដឹងទៅ​កុំ​ឲ្យ​ធ្វើ​ តែ​ធ្វើ​គឺ​ យើង​ត្រូវ​កម្ទេច​ហើយ​អា​ហ្នឹង»។

នាយ​ឧត្តមសេនីយ៍ ​ឈុំ​ សុជាតិ​ ​បាន​ថ្លែង​បន្ថែម​ថា៖

«កម្លាំង​យើង​មាន​ត្រៀម​អស់​ហើយ​ កម្លាំង​ប៉ុណ្ណា​ក៏ដោយ​ ​គឺ​យើង​ត្រៀម​អស់​ហើយ​ កម្លាំង​យើង​មាន​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ការ​កម្ទេច​ ពួកបះបោរ​ ពួក​បដិវត្តន៍​ពណ៌»។​

ក្រុម​អ្នកវិភាគ​បាន​លើក​ឡើង​កាល​ពី​ពេល​កន្លងមក​ថា មិន​មាន​តម្រុយ​នៃ​ក្រុម​ណា​ ដែល​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​នៅ​កម្ពុជា​នោះ​ទេ​ ដោយហេតុ​ថា​ ក្រុម​គណបក្ស​ប្រឆាំង​គ្មាន​អាវុធ​ គឺ​មាន​តែ​គណបក្ស​កាន់​អំណាច​ ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ របស់​លោក​ ហ៊ុន​ សែន​ ​តែ​ប៉ុណ្ណោះ។​ ​ពួក​គេ​ថា​ ​ការ​ប្រើ​ប្រាស់​ពាក្យ​សម្តី​គំរាមកំហែង​ ជា​ការ​មិន​អាច​ទទួលយក​បាន​ទេ​ សម្រាប់​មន្ត្រី​សាធារណៈ​គ្រប់​រូប​ដែល​កំពុង​ធ្វើ​ការ​បម្រើ​ប្រយោជន៍​ពលរដ្ឋ​ខ្លួន។​

អ្នកស្រី​ រ៉ូណា ស្មីត​ ​(Rhona Smith)​ ​បេសកជន​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​សម្តែង​ក្តី​បារម្ភ​ ចំពោះ​ការ​ប្រើប្រាស់​វោហាសាស្ត្រ​ហិង្សា​នានា​របស់​មន្ត្រី យោធា​កម្ពុជា​ និង​រដ្ឋាភិបាល។​ អ្នកស្រី​ ​បាន​ថ្លែង​ក្នុង​ពេល​បិទ​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​លើក​ទី​បួន​របស់​អ្នកស្រី​នៅ​កម្ពុជា​ ​កាលពី​ខែ​សីហា​ តាម​អត្ថន័យ​ដើម​ថា៖​

«ទោះបី​ជា​មាន​ភាព​ជោគជ័យ​នៃ​ការ​បោះឆ្នោត​ឃុំ/សង្កាត់​ក៏​ដោយ​ ក៏​ខ្ញុំ​នៅ​តែ​មាន​កង្វល់​អំពី​វោហារសាស្ត្រ​បែប​ហិង្សា​ ដែល​សម្តែង​ឡើង​ដោយ​សមាជិក​រដ្ឋាភិបាល​និង​យោធា។ មតិ​យោបល់​បែប​នេះ​ មិន​គួរ​ត្រូវ​បាន​ធ្វើ​ឡើង​ ​ដោយ​រដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ឡើយ សូម្បី​តែ​នៅ​ក្នុង​ភាព​ជា​ឯកជន​ក៏ដោយ។​ មតិ​យោបល់​បែប​នេះ មិន​ត្រូវ​ឲ្យ​មាន​ នៅ​ក្នុង​សង្គម​ដែល​មាន​សន្តិភាព​មួយ​ ដូចជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដែល​នៅ​ដិត​ដាម​ ​ដោយ​ស្លាកស្នាម​នៃ​ប្រវត្តិសាស្ត្រ​ដ៏​ចលាចល​របស់​ខ្លួន»។​

អ្នកស្រី​បាន​បញ្ជាក់​បន្ថែម​ថា៖​

«ប្រទេស​កម្ពុជា​នឹង​ខិត​ចេញពី​ស្ថានភាព​គ្រោះថ្នាក់​ ដោយ​មិន​ឲ្យ​មាន​ទៀត​នូវ​ការ​គំរាមកំហែង​នៃ​អំពើ​ហិង្សា​ ការ​បង្ក្រាប​ការ​បះបោរ​ដោយ​ប្រើ​កម្លាំង​ ឬ​សង្គ្រាម​ ឬ​សេចក្តី​ថ្លែង​មាន​លក្ខណៈ​អុចអាល​ពូជសាសន៍»។​

ការ​ថ្លែង​ព្រមាន​វាយ​បង្ក្រាប​ក្រុម​ជ្រុលនិយម​ដែល​ធ្វើ​សកម្មភាព​បង្ក​ភាព​ច្របូកច្របល់​ មិន​ត្រូវ​បាន​ធ្វើ​ឡើង​តែ​ដោយ​លោក​នាយ​ឧត្តមសេនីយ៍​ ប៉ុល​ សារឿន ​នោះ​ទេ​ តែ​លោក​ ទៀ បាញ់​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ ធ្លាប់​គំរាម​វាយ​បំបែក​ធ្មេញ​ជន​ណា​ដែល​ចេញ​មុខ​តវ៉ា​លទ្ធផល​នៃ​ការ​បោះឆ្នោត។​ លោក​ វង​ សូត្រ​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ បាន​បន្ទរ​តាម​លោក​ ទៀ បាញ់​ ដោយ​ព្រមាន​វាយ​អ្នក​តវ៉ា​លទ្ធផល​បោះឆ្នោត​ ដោយ​គល់​ឫស្សី។​

ក្រុម​មន្ត្រី​ជាន់​ខ្ពស់​យោធា​ រួម​មាន​លោក​ ទៀ បាញ់​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ​ក៏​បាន​ប្រកាស​ព្រមគ្នា​ថា​ កង​ទ័ពបាន​រួមគ្នា​ប្រឆាំង​រាល់​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល។​ នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​អង្គភាព​ ​Fresh News​ ​ដែល​គេ​ដឹង​ថា ​ជា​អង្គភាព​ព័ត៌មាន​ដែល​ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។​ លោក​ ​ទៀ បាញ់​ ​បាន​ប្រកាស​ច្បាស់ៗ​ផង​ដែរថា​ គណបក្ស​ប្រឆាំង​នឹង​ត្រូវ​រំលាយ​ ​ហើយ​កងទ័ព​ត្រៀម​ជា​ស្រេច​ ប្រឆាំង​បុគ្គល​ទាំងឡាយ​ណា​ដែល​ចង់​បង្ក​ភាព​វឹកវរ​ដល់​សង្គម​ខ្មែរ។ លោក​បាន​ប្រាប់​អង្គភាព​នេះ​ថា​ បក្ស​ប្រឆាំង​ជាប់​ឆ្នោត​ ៥៥​កៅអី​ មិន​ដែល​បាន​ធ្វើ​អ្វី​នោះ​ទេ​ ក្រៅ​ពី​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​ក្នុង​រដ្ឋសភា។​ លោក​ថា​ រាជរដ្ឋាភិបាល​ហ៊ាន​ចាប់​ប្រធាន​បក្ស​ប្រឆាំង​ ហើយ​អ្វី​ផ្សេងទៀត​ គឺ​មិន​បង្អែបង្អង់​នោះ​ឡើយ។​

កម្ពុជា​នឹង​ធ្វើការ​រៀបចំ​ការ​បោះឆ្នោត​ជាតិនៅ​ឆ្នាំ​ ២០១៨​ ដែល​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​កម្ពុជា​ យល់​ថា ​ជា​ពេល​ដែល​គណបក្ស​ប្រឆាំង​សង្គ្រោះ​ជាតិ​អាច​នឹង​ទទួល​ការ​គាំទ្រ​ជា​ច្រើនពី​ពល​រដ្ឋ​កម្ពុជា។​ ភ្ជាប់​នឹង​ការ​បោះឆ្នោត​នេះ​ ​លោក​ ប៉ុល​ សារឿន អគ្គ​មេបញ្ជាការ​កងទ័ព​កម្ពុជា​ បាន​បញ្ជា​ឲ្យ​កង​ទ័ព​ត្រៀម​កម្លាំង​មធ្យោបាយ​ និង​សម្ភារៈ​ ​ដើម្បី​ ​«ចូលរួម​សហការ​ការពារ​សន្តិសុខ​ ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ ​និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នា​ឆ្នាំ​២០១៨។​ ត្រូវ​យក​ចិត្ត​ទុកដាក់​ខ្ពស់ ក្នុង​កិច្ច​សហការ​ថែរក្សា​ការពារ​ឱ្យ​បាន​ដាច់ខាត​នូវ​សុខ​សន្តិភាព រក្សា​ស្ថិរភាព សណ្តាប់​ធ្នាប់​សង្គម​ ​និង​ការពារ​ភាព​សុខសាន្ត​ជូន​ប្រជាពលរដ្ឋ»៕

Source link

x

Check Also

លោក គឹម សុខ បន្ត​ចាញ់​ក្ដី​បន្ត​ទៀត​នៅ​សាលា​ឧទ្ធរណ៍​ជាមួយ​នឹង​លោក ហ៊ុន សែន

អ្នក​ឃ្លាំ​មើល​សង្គម និង​នយោបាយ លោក គឹម សុខ ...

Shame on you, Hun Sen!

Source link