មានការ​វាយតម្លៃ​ជាមុន​ថា មេ​ឈ្មួញ សឹង សំអុល ដែល​ល្បី​ខាង​បំផ្លាញ​ព្រៃឈើ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​យ៉ាង​ស្រួល​

​មានការ​វាយតម្លៃ​ទុកជាមុន​ថា មេ​ឈ្មួញ សឹង សំអុល ដែល​ល្បី​ខាង​ដឹកឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន នឹង​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​បាន​យ៉ាង​ស្រួល​ព្រោះ​ឈ្មួញ​រូបនេះ មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។ ការវាយតម្លៃ​បែបនេះ​បាន​កើតមាន​បន្ទាប់ពី​មន្ត្រី​តុលាការ​ខេត្តមណ្ឌលគិរី បាន​បង្ហើប​ឲ្យ​ដឹងថា​មេ​ឈ្មួញ សឹង សំអុល (​ឧកញ៉ា សឹង សំអុល​) ដែល​ល្បីល្បាញ​ខាង​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​អាច​ត្រូវ​ប្រឈម​នឹង​ការផ្ដន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​៥​ឆ្នាំទៅ​១០​ឆ្នាំ តាម​មាត្រា​៩៧ ច្បាប់​ស្ដីពី​ព្រៃឈើ​ពាក់ព័ន្ធ​នឹង​ការកាប់បំផ្លាញ ប្រមូល កែច្នៃ​ឈើ​ប្រណីត​គ្រប់​ប្រភេទ​នៅ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។ បទល្មើស​នោះ​កើតឡើង​ក្នុង​ទីតាំង​ក្រុមហ៊ុន​ដាយ​ថា​ន់ កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៧ ហើយ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ និង​កម្លាំង​អាវុធហត្ថ​ខេត្តមណ្ឌលគិរី បង្ក្រាប​នៅ​ទីតាំង​នោះ​តែម្តង​។ ហេតុនេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​ដើម្បី​ចង់ដឹងថា​មេ​ឈ្មួញ សឹង សំអុល ត្រូវ​ទទួលទោស​តាមច្បាប់​ដែរឬទេ​? ព្រោះ​ឈ្មួញ​ម្នាក់នេះ​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​ដែលជា​មន្ត្រីជាន់ខ្ពស់​ស្និទ្ធ​មេដឹកនាំ​កំពូល​។​

គួររំលឹកថា​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៧ លោក ស៊ុយ សុភា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តមណ្ឌលគិរី បានចេញ​ដីការ​កោះហៅ​ឲ្យ​ឈ្មោះ សឹង សំអុល ចូលខ្លួន​មក​បំភ្លឺ​ពី​ដំណើររឿង​ការកាប់បំផ្លាញ​ប្រមូល​កែច្នៃ​ឈើ​ប្រណីត​គ្រប់​ប្រភេទ​នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៧ តាម​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​១៣៧ ចុះ​ថ្ងៃទី​១៥ ខែ​មិនា ឆ្នាំ​២០១៦​។ ប៉ុន្តែ​ជនជាប់ចោទ​ឈ្មោះ សឹង សំអុល មិនបាន​ចូលខ្លួន​តាម​ការកំណត់​នោះទេ ហើយ​មេធាវី​បាន​អះអាងថា​ជនជាប់ចោទ​ឈ្មោះ សឹង សំអុល មាន​ជំងឺ​ត្រូ​វះកាត់​របួស​ជើង​។ ក្នុងខណៈដែល​មេ​ឈ្មួញ សឹង សំអុល មិន​ចូល​បំភ្លឺ​ក្នុង​តុលាការ​តាម​ការកំណត់​របស់​ចៅក្រម គឺ​ឈ្មួញ​រូបនេះ​បន្ត​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី បាន​វាយតម្លៃ​ទុកជាមុន​ថា​មេ​ឈ្មួញ សឹង សំអុល នឹង​គេច​ផុតពី​សំណាញ់​ច្បាប់​ព្រោះ​ឈ្មួញ​រូបនេះ​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។​

កន្លងមក​មន្ត្រី​នៅ​ក្រសួងមហាផ្ទៃ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​អគ្គស្នងការ​នគរបាល​ជាតិ ក៏បាន​កោះហៅ​មេ​ឈ្មួញ សឹង សំអុល ឲ្យ​ចូល​បំភ្លឺ​ផងដែរ​ទាក់ទង​ទៅនឹង​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ហើយ​ឈ្មួញ​រូបនេះ​មានឈ្មោះ ក្នុង​បញ្ជីខ្មៅ​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​មេ​ឈ្មួញ សឹង សំអុល នៅតែ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់ ហើយ​បន្ត​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ទៅ​ស្រុក​យួន​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។ មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជាង​៧០០០​ហិកតា​របស់​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​ខេ​សាន់ ពុំមាន​សល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​តទៅទៀត​ឡើយ​។ មានន័យថា​ឈើ​ដែល​មេ​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​សព្វថ្ងៃនេះ គឺជា​ឈើ​កាប់​ចេញពី​ព្រៃ​សហគមន៍ ព្រៃ​ការពារ និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ហើយ​មានការ​ឃុបឃិត​ពី​សំណាក់​មន្ត្រី​បរិស្ថាន​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ផងដែរ​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​មេ​ឈ្មួញ សឹង សំអុល នៅតែ​បន្ត​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ និង​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ យ៉ាង​ពេញបន្ទុក​។ ប្រសិនបើ​មេ​ឈ្មួញ សឹង សំអុល គេច​ផុតពី​សំណាញ់​ច្បាប់​មែន​មានន័យថា ចំណាត់ការ​របស់​សម​ត្ថ​កិច្ច​និង​តុលាការ​នាពេល​កន្លងមក គឺជា​រឿង​ឥតន័យ​ព្រោះ​ឈ្មួញ​ដែល​ល្បី​ខាង​បំផ្លាញ​ព្រៃឈើ​នៅតែ​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​៕

23666357_1756803521281889_1138722407_n 23601899_1756803537948554_1841066068_n 23635468_1756803531281888_1245357850_n 23584630_1756803541281887_1155339063_n

Source link

x

Check Also

ឡើង​ថ្នាក់​ក្របខ័ណ្ឌ​មន្ត្រី ! ជំទាវ កុយ ពិសី មន្ត្រី​ធំ​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន ទទួលបាន​ការដំឡើង​ថ្នាក់​ជា​វរមន្ត្រី​ថ្នាក់​លេខ​១

​អនុប្រធាន និង​ជា​លេខាធិការ​នៃ​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី គឺ​លោកជំទាវ កុយ ...

អ្នកស្រី ង្វៀង ធី​ម៉ា​យ ហៅ យាយ ម៉ា​យ ឈ្មួញ​ឈើ​គ្រញូង ល្បីឈ្មោះ​ខេត្តឧត្ដរមានជ័យ ជាប់​ខ្នោះ​ទៀតហើយ !!!

អ្នកស្រី ង្វៀង ធី​ម៉ា​យ ហៅ យាយ ...