Don't Miss

មន្ត្រី​បរិស្ថាន ជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់​យ៉ាង​មហន្តរាយ​

​ថ្មីៗ​នេះ​សមត្ថកិច្ច​ចម្រុះ​បាន​បើក​ប្រតិបត្តិ​ការរកឃើញ​ប្រភេទ​ឈើ​សុ​ក្រំ​អារច្រៀក​រួច​ចំនួន​១១៣​កំណាត់​ដែលមាន​មុខកាត់​ពី​០,៣០​ម៉ែត្រ​ទៅ​០,៦០​ម៉ែត្រ ប្រវែង​បណ្ដោយ​៣​ទៅ​៤​ម៉ែត្រ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ស្រុក​លំផាត់ ខេត្តរតនគិរី​។ ទាក់ទង​នឹង​បញ្ហា​នេះ​ប្រភពពី​សមត្ថកិច្ច​ចម្រុះ​បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់​ទេនោះ គឺ​គ្មាន​ជនល្មើស​ណា​អាច​ចូល​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​បានឡើយ​។ បញ្ហា​នេះ​គឺ​រឿង​ដែល​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ហើយ​ត្រូវ​ចាត់វិធានការ​ជាបន្ទាន់​ទៅលើ​អំពើពុករលួយ​របស់​ម​ន្ត្រី​បរិស្ថាន​ក្នុង​ខេត្តរតនគិរី ជាបន្ទាន់​។

សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​លំផាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​២​ខែ​កន្លងទៅនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ និង​ច្រករបៀង​ក្បែរៗ​នោះ​យ៉ាង​ពេញបន្ទុក​តែម្តង​។ ការដែល​ឈ្មួញ​អាច​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ យ៉ាង​រលូន​គឺមាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ជាមួយ​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ដែល​កំពុង​កាប់​ឈើ​និង​សម្រុក​ដឹកឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់​សព្វថ្ងៃនេះ គឺឈ្មួញ​ឈ្មោះ ស្រេង ម៉េង ហៅ​ម៉េង​៣​ពូថៅ។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុងស្រុក​លំផាត់ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ក្នុង​មួយ​យប់ៗ​មាន​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ យ៉ាងតិច​៥​រថយន្ត​ប្រភេទ​វ៉េ​អង ដែលមាន​ចំណុះ​រាប់សិប​ម៉ែត្រគូប​ឬ​រាប់សិប​តោន​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​តាម​ដងផ្លូវ​ពី​ស្រុក​លំផាត់ រហូតដល់​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ធំៗ​ដែល​សម្រុក​ដឹកឈើ​ចេញទៅ​ស្រុក​យួន​នោះទេ ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​និង​ខ្លាច​ឥទ្ធិពល​ខ្នងបង្អែក​របស់​មន្ត្រី​ទាំងនោះ​។ ហេតុនេះហើយ​ទើប​ពួកគេ​បណ្ដោយ​ឲ្យ​ឈ្មួញ​ធំៗ​កាប់​ឈើ​ដឹក​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ យកទៅលក់​ឲ្យ​ឈ្មួញ​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ​យ៉ាង​គគ្រឹកគគ្រេង ហើយ​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស​រត់ពន្ធ​ឈើ​ចេញ​ក្រៅប្រទេស​កំពុង​ក្លាយទៅជា​ឥតន័យ​។ ជាក់ស្ដែង​បច្ចុប្បន្ន​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ ហើយ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនទាន់​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ឲ្យ​ស្របតាម​បទបញ្ជា​លេខ​០០២​របស់​រាជរដ្ឋាភិបាល​នៅឡើយ​ទេ​៕

138 139 137

Source link

x

Check Also

ល្បែងស៊ីសង​រាលដាល​ក្នុង​ទឹកដី​ខណ្ឌទួលគោក ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក បាន​លើកឡើងថា នៅក្នុង​មូលដ្ឋាន​ពួកគាត់​ល្បែង​កន្ទុយលេខ​(​ឆ្នោត​យួន​) កំពុង​កើតឡើង​យ៉ាង​រាលដាល​ហើយ​មន្ត្រី​អាជ្ញាធរ​សង្កាត់​ផ្សារ​ដេប៉ូ​៣ ...

អំពើពុករលួយ​របស់​សមត្ថកិច្ច​លើផ្លូវ​ជាតិ​លេខ​៧៨ ខេត្តរតនគិរី កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​របរ​រកស៊ី​របស់​ប្រជាពលរដ្ឋ​

ប្រជាពលរដ្ឋ​និង​ក្រុមអាជីវករ​ដែល​រកស៊ី​ដឹក​កសិផល​ដូចជា ដំឡូង​មី ពោត សណ្ដែក ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧៨ ...