មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ស្នើ​សហរដ្ឋអាមេរិក​​អនុគ្រោះ​ដល់​កម្ពុជា

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ RFA

ដោយ មួង ណារ៉េត RFA 2017-12-07

គណបក្ស​ប្រជាជន​កម្ពុជា អំពាវនាវ​សូម​ឲ្យ​សហរដ្ឋអាមេរិក​ពិចារណា​ឡើង​វិញ ពី​ផែនការ​ដាក់​សម្ពាធ​មក​លើ​មន្ត្រី​រដ្ឋាភិបាល តាមរយៈ​ការ​បិទ​ទិដ្ឋាការ ឬ​វីសា​ចូល​ទឹកដី​អាមេរិក​នេះ។ អ្នក​វិភាគ​នយោបាយ យល់​ឃើញ​ថា ទណ្ឌកម្ម​ដែល​ប្រទេស​មហាអំណាច​ផ្នែក​សព្វាវុធ កំពុង​ផ្ដួចផ្ដើម​នេះ គឺ​ជា​សញ្ញា​ល្អ សម្រាប់​សង្គ្រោះ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច ក្នុង​នាម​ផ្ទាល់​ខ្លួន​យល់​ឃើញ​ថា ការ​សម្រេច​ចិត្ត​បិទ​ទ្វារ និង​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​សាច់ញាតិ​នេះ គឺ​ហាក់​ដូច​ជា​កំពុង​ដើរ​ផ្ទុយ​ពី​គោល​នយោបាយ​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ទៅ​វិញ​ទេ។

លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់​ទុក​ថា ការ​សម្រេច​ចិត្ត​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​នៅ​ពេល​នេះ គឺ​ហាក់​មាន​ស្តង់ដារ​ពីរ ផ្ទុយ​ពី​គោលនយោបាយ របស់​លោក ដូណាល ត្រាំ (Donald Trump)។ លើស​ពី​នេះ​ទៀត ការ​ព្យាយាម​ពង្រីក​បញ្ហា​ពី​រឿង​ជនភៀសខ្លួន រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក រហូត​សម្រេច​ចិត្ត​បិទ​ទិដ្ឋាការ​នេះ គឺ​ជា​សញ្ញា​បង្ហាញ​ថា នេះ​ជា​ការ​ដាក់​សម្ពាធ ប្រឆាំង​នឹង​កម្ពុជា​ហើយ។

លោក សុខ ឥសាន យល់​ឃើញ​ថា សហរដ្ឋអាមេរិក គួរ​ទម្លាក់​អម្រែក​ដ៏​ធ្ងន់​របស់​ខ្លួន​នេះ ចំពោះ​ប្រទេស​កម្ពុជា​វិញ៖ «យ៉ាង​ណា​វា​ប៉ះពាល់​សតិ​អារម្មណ៍​ដែរ សូម​សហរដ្ឋអាមេរិក​មេត្តា​ពិចារណា​ផង ព្រោះ​ថា​ប្រទេស​តូច​កុំ​ថា​ឡើយ​កម្ពុជា​ដល់​ទៅ​អាវុធ​នុយក្លេអ៊ែរ សូម្បី​អាវុធ​ប៉ុន​កូន​ដៃ​ក៏​គ្មាន​ដែរ។ សូម​ឲ្យ​លោក​ជា​មហាយក្ស​សូម​ឲ្យ​ជួយ​ពិនិត្យ​មើល និង​សូម​ឲ្យ​ប្រទេស​កម្ពុជា​ដែល​ជា​ប្រទេស​តូច​មួយ​ហ្នឹង​រស់​បាន​ដោយ​សុខ​សន្តិភាព​ផង»។

ប្រតិកម្ម​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក នៅ​ពេល​នេះ ស្រប​ពេល​រដ្ឋាភិបាល​កម្ពុជា ហាក់​មិន​ខ្វាយខ្វល់​ទៅ​នឹង​ការ​អំពាវនាវ​របស់​សហគមន៍​អន្តរជាតិ។ លោក ហ៊ុន សែន បាន​ព្យាយាម​ម្ដង​ហើយ​ម្ដង​ទៀត ធ្វើ​យ៉ាង​ណា​កម្ចាត់​សំឡេង​ប្រឆាំង បិទ​ទ្វារ​អង្គការ​មិនមែន​រដ្ឋាភិបាល និង​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន។ បើ​ទោះ​ជា​បែប​ណា មន្ត្រី​គណបក្ស​កាន់អំណាច អះអាង​ថា ខ្លួន​នៅ​តែ​រក្សា​ជំហរ នៃ​សេចក្ដី​សម្រេច​ចិត្ត​ដែល​បាន​ធ្វើ​រួច​ហើយ​ទៅ​លើ​បក្ស​ប្រឆាំង និង​ការ​អនុវត្ត​ច្បាប់​​ដទៃ​ទៀត។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ កាល​ពី​ថ្ងៃ​ទី៦ ខែ ធ្នូ របស់​អ្នក​នាំពាក្យក្រសួង​ការបរទេស សហរដ្ឋអាមេរិក អ្នក​ស្រី ហឹតឌើ ណៅអឹត (Heather Nauert) អោយ​ដឹង​ថា ចំណាត់​ការ​ជាក់ស្ដែង និង​ដ៏​ម៉ឺងម៉ាត់​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ដោយ​ផ្ទាល់​ទៅ​នឹង​អំពើ​របស់​រដ្ឋាភិបាល​កម្ពុជា​ផ្ទុយ​​ពី​គោលការណ៍​ប្រជាធិបតេយ្យ និង​គោលការណ៍​សិទ្ធិមនុស្ស។

សេចក្ដី​សម្រេច​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ដែល​ប្រកាស​បិទ​ទិដ្ឋាការ ឬ វីសា​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​នេះ ព្រោះ​តែ​អ្នក​ទាំង​នោះ បាន​រួម​ចំណែក​ក្នុង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

បើ​ទោះ​ជា​បែប​ណា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា ស្មារតី​របស់​ក្រសួង​ការបរទេស សហរដ្ឋអាមេរិក​នេះ បង្ហាញ​យ៉ាង​ច្បាស់​ថា កំពុង​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន ដាក់​សម្ពាធ​មក​លើ​កម្ពុជា ព្រោះ​តែ​ហេតុផល​បក្ស​ប្រឆាំង​ប៉ុណ្ណោះ។ លោក​បន្ត​ថា ការ​ចាប់​ខ្លួន​លោក កឹម សុខា ក្ដី និង​ហេតុផល​នីតិវិធី​ដទៃ​ទៀត នោះ​គឺ​ជា​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា​ប៉ុណ្ណោះ។ រដ្ឋាភិបាល បាន​ប្រឹងប្រែង​សម្បើម​ណាស់ ដើម្បី​កសាង​កម្ពុជា ឲ្យ​ក្លាយ​ជា​ប្រទេស​ដែល​គោរព​គោលការណ៍​ប្រជាធិបតេយ្យ។

ចំណែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី៦ ខែ​ធ្នូ ថា រដ្ឋាភិបាល​របស់​លោក​នឹង​ពិគ្រោះ​យោបល់​ជា​មួយ​នឹង​សហរដ្ឋអាមេរិក ក្នុង​ការ​ទទួល​យក​ជន​ភៀសខ្លួន ដូច​ដែល​បាន​ព្រមព្រៀង​គ្នា​រួច​ហើយ។ ការ​បន្ទន់​ឥរិយាបថ​នេះ លោក ហ៊ុន សែន ស្នើ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ត្រូវ​មាន​កាតព្វកិច្ច​ផ្គត់ផ្គង់​ប្រាក់​ខែ និង​ការ​តាំង​ទី​លំនៅ​ថ្មី ក្នុង​រយៈពេល​ណា​មួយ សម្រាប់​ជនភៀសខ្លួន ដែល​ត្រូវ​ចាប់​បញ្ជូន​ពី​សហរដ្ឋអាមេរិក ត្រឡប់​មក​កម្ពុជា​វិញ​ផង។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ យល់​ឃើញ​ថា ការ​សម្រេច​ចិត្ត​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា របស់​អាមេរិក​នេះ ហាក់​មិន​មាន​អ្វី​ដែល​ចម្លែក​ឡើយ។ លោក​បន្ត​ថា ទណ្ឌកម្ម​ដែល​អាមេរិក​បិទ​ទ្វារ​ដល់​មន្ត្រី​រដ្ឋាភិបាល និង​សាច់ញាតិ មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក​នេះ គឺ​សហរដ្ឋអាមេរិក​បាន​ព្រមាន​ឲ្យ​លោក ហ៊ុន សែន កសាង​ដំបូល​ប្រជាធិបតេយ្យ ឲ្យ​បាន​ល្អ​ឡើង​វិញ អស់​ពេល​ជា​ច្រើន​ខែ​ណាស់​មក​ហើយ​ដែរ។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ចាត់​ទុក​ថា ដាវ​អាជ្ញាសឹក របស់​ប្រទេស​មហា​អំណាច​លើក​នេះ អាច​ជួយ​ឲ្យ​កម្ពុជា ដើរ​លើ​ផ្លូវ​ត្រូវ​ឡើង​វិញ៖ «នេះ​ជា​វិធានការ​វិជ្ជមាន​មួយ ដែល​អាច​ជំរុញ​ឲ្យ​ថ្នាក់​ដឹកនាំ​យើង​គិតគូរ​ឡើង​វិញ ដែល​បាន​ចាត់​នាំ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ប្រទេស​ជា​សម្ព័ន្ធមិត្ត របស់​សហរដ្ឋអាមេរិក​ដទៃ​ទៀត អាច​នឹង​ប្រតិកម្ម​បន្ត​បន្ទាប់ ក្រោយ​ពី​មហាអំណាច​ផ្នែក​សព្វាវុធ ចាប់​បញ្ចេញ​សាច់ដុំ​របស់​ខ្លួន ប្រឆាំង​នឹង​វិធានការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា។ ជំហាន​បន្ទាប់ ក្រោយ​សេចក្ដី​សម្រេច​បិទ​ទិដ្ឋាការ ឬ​វីសា​នេះ​ហើយ អាច​ឈាន​ទៅ​បង្កក​ទ្រព្យសម្បត្តិ របស់​សាច់ញាតិ ឬ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​នៅ​បរទេស៕

Source link

x

Check Also

ជាតិខ្មែរតែមួយ

Source link

សង្គម​ក្រៅរដ្ឋាភិបាលថា​វិធានការ​បិទ​សិប្បកម្ម​ស្ករ​ត្នោត​ក្លែងក្លាយ​យឺតយ៉ាវ

មន្ត្រី​កាំកុងត្រូល​សាខា​ខេត្ត​ព្រះសីហនុ ចុះ​ពិសោធ​ស្ករ​ត្នោត​រក​សារធាតុ​គីមី​ឈ្មោះ សូដ្យូម អ៊ីដ្រូសូលហ្វីត (sodium ...