មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធបទល្មើសព្រៃឈើក្នុងខេត្តស្ទឹងត្រែង ទើបការបង្ក្រាបគ្មានប្រសិទ្ធភាព

សេចក្តីរាយការណ៍ពីពលរដ្ឋនៅក្នុងស្រុកថាឡាបរិវ៉ាត់ ស្រុកសេសាន និងស្រុកសៀមប៉ាង ខេត្ត ស្ទឹងត្រែងបានឲ្យដឹងថា បទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើចេញពីមូលដ្ឋានរបស់ពួកគាត់ នៅតែបន្តកើតមានយ៉ាងពេញបន្ទុកហើយការបង្ក្រាបរបស់មន្ត្រីជំនាញនិងសមត្ថកិច្ចពុំមានប្រសិទ្ធភាពឡើយ។ ឈ្មួញមួយចំនួនបានបំពានកាប់ឈើនៅក្នុងតំបន់ព្រៃការពារ ព្រៃសហគមន៍ និងព្រៃដែនជម្រកសត្វ ដោយគ្មានញញើតអ្វីទាំងអស់ហើយឈ្មួញដឹកជញ្ជូនឈើទាំងនោះ យកទៅស្តុកទុកក្នុងក្រុងស្ទឹងត្រែង បន្ទាប់មកគេដឹកចូលទៅខេត្តក្រចេះនិងខេត្តរតនគិរី ទាំងយប់ទាំងថ្ងៃជាពិសេសនៅពេលយប់។ យូរៗម្តងទើបឃើញមន្ត្រីជំនាញ មន្ត្រីតុលាការនិង សមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបទីតាំងស្តុកឈើឬបង្ក្រាបរថយន្តដឹកឈើយកស្នាដៃ ប៉ុន្តែឈ្មួញម្ចាស់ ឈើតែងតែគេចខ្លួនដោយសុវត្ថិភាពទោះបីសមត្ថកិច្ចស្គាល់អត្តសញ្ញាណពួកគេក៏ដោយ។

កាលពីម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង លោក ច្រឹង ខ្មៅបានដឹកនាំកម្លាំងសមត្ថកិច្ចព័ទ្ធឆែកឆេរឃ្លាំងស្តុកឈើរបស់ឧកញ៉ា ថៃ ដែលមានទីតាំងនៅក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ នៅក្នុងការបង្ក្រាបនោះសមត្ថកិច្ចបានរកឃើញឈើប្រណីតប្រភេទធ្នង់ជាច្រើនរយដុំនិងរាប់រយសន្លឹកហើយរឹបអូសឈើទាំងនោះដើម្បីចាត់ការតាមនីតិវិធី។ ក៏ប៉ុន្តែឧកញ៉ា ថៃ ដែលជាម្ចាស់ឃ្លាំងស្តុកឈើនិងជាឈ្មួញល្បីខាងដឹកជញ្ជូនឈើប្រណីតចេញទៅប្រទេសយួនច្រើនឆ្នាំមកហើយនោះ គឺព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែងលោក ច្រឹង ខ្មៅ ព្រមទាំងមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានប៉ះពាល់ទេ។

ជុំវិញបញ្ហានេះប្រជាពលរដ្ឋក្នុងក្រុងស្ទឹងត្រែង គ្មានជំនឿលើមន្ត្រីតុលាការនិងសមត្ថកិច្ចពាក់ព័ន្ធក្នុង ការបង្ក្រាបបទល្មើសព្រៃឈើដែលកំពុងតែកើតឡើងយ៉ាងគគ្រឹកគគ្រេងនោះទេ ព្រោះសព្វថ្ងៃនេះឈ្មួញជាច្រើននាក់នៅតែបន្តសកម្មភាពដឹកឈើចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តរតនគិរី ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ ចូលទៅប្រទេសយួនយ៉ាងពេញបន្ទុក។ ជាងនេះទៅទៀតការបង្ក្រាបឃ្លាំងស្តុកឈើរបស់ឧកញ៉ា ថៃ ក្នុងក្រុងស្ទឹងត្រែងកាលពីព្រឹកថ្ងៃទី១៦ ខែឧសភា មើលទៅដូចជាមានភាពមិនប្រក្រតីព្រោះគេបង្ក្រាបតែឈើធ្នង់ច្រើនរយដុំនិងរាប់រយសន្លឹក ចំណែកឧកញ៉ា ថៃ ជាម្ចាស់ឈើមិនទាន់ត្រូវបានសមត្ថកិច្ចចាត់ការទៅតាមច្បាប់នៅឡើយ។ មិនតែប៉ុណ្ណោះបច្ចុប្បន្នព្រៃឈើដែលនៅសេសសល់ក្នុងស្រុកថាឡាបរិវ៉ាត់ ស្រុកសៀមប៉ាងនិងស្រុកសេសាន ខេត្តស្ទឹងត្រែង កំពុងរងការបំផ្លាញយ៉ាងមហន្តរាយ។

ប្រជាសហគមន៍ការពារព្រៃនិងសកម្មជនព្រៃឈើក្នុងខេត្តស្ទឹងត្រែង បានលើកឡើងថា ករណីបង្ក្រាបឃ្លាំងស្តុកឈើរបស់ឧកញ៉ា ថៃ កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ប្រហែលមកពីឧកញ៉ា ថៃ អាងមានខ្នងបង្អែករឹងមាំហើយភ្លេចសែនព្រេនឲ្យមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត។ ប្រសិនបើមន្ត្រីតុលាការនិងសមត្ថកិច្ចពាក់ព័ន្ធមានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើពិតមែននោះគឺឧកញ៉ា ថៃ ប្រហែលគេចមិនផុតពីសំណាញ់ច្បាប់ឡើយ។ ទន្ទឹមនឹងនេះក៏មានការអំពាវនាវឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើក្នុងខេត្តស្ទឹងត្រែង ផងដែរព្រោះឈ្មួញមួយចំនួននៅតែអាចកាប់ឈើនិងដឹកជញ្ជូនឈើពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តក្រចេះ ខេត្តត្បូងឃ្មុំ និងខេត្តរតនគិរី ចេញទៅប្រទេសយួនយ៉ាងរលូន។

ថ្មីៗនេះក៏មានសេចក្តីរាយការណ៍ផងដែរ ទាក់ទងទៅនឹងករណីឈ្មួញមួយចំនួនបំពាន កាប់ឈើក្រៅបរិវេណបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ យ៉ាងអនាធិបតេយ្យដោយពុំ មានមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ។ រីឯឈ្មួញខ្លះទៀត បានដឹកជញ្ជូនឈើពីខេត្តស្ទឹងត្រែង ចេញទៅប្រទេសយួនតាមច្រករបៀងក្នុងខេត្ត ស្វាយរៀង និងខេត្តព្រៃវែង យ៉ាងពេញបន្ទុកហើយកន្លងមកការបង្ក្រាបទីតាំងស្តុកឈើក្នុងស្រុករំដួលនិងស្រុករមាសហែក ខេត្តស្វាយរៀងគឺសមត្ថកិច្ចបង្ក្រាបតែឈើដោយមិនហ៊ាន ប៉ះពាល់ក្រុមឈ្មួញទាំងនោះឡើយ។ ហេតុនេះហើយទើបបទល្មើសកាប់ឈើខុសច្បាប់ក្នុង ខេត្តស្ទឹងត្រែងនិងសកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែងនៅតែបន្តកើតមានឥតឈប់ឈរព្រោះការបង្ក្រាបរបស់មន្ត្រីជំនាញ មន្ត្រីតុលាការនិងសមត្ថកិច្ចពាក់ព័ន្ធពុំមានប្រសិទ្ធភាពឡើយ ហើយប្រជាពលរដ្ឋគ្មានជំនឿលើការបង្ក្រាបនោះទាល់តែសោះ៕

18555083_313702699050697_283124572_n 18578680_313702679050699_491272688_n 18578832_313702659050701_1522135620_n 18623125_313702552384045_1051742568_n

Source link

x

Check Also

សមត្ថកិច្ចខេត្តរតនគិរី ឃុបឃិតជាមួយឈ្មួញឈ្មោះ ហូវ ជីវ៉ៃ នាំឈើទៅលក់នៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ

សមត្ថកិច្ចខេត្តរតនគិរី ពិសេសមន្រ្តីនគរបាលអន្តោប្រវេសន៍ឈ្មោះ អ៊ី ចំរើន និងសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ...

Real ឈ្នះ​ពាន​លើក​ទី​៣៣ បន្ទាប់ពីលុត Malaga ២​ទល់នឹង​០

​អធិរាជ​ស Real Madrid បាន​គ្រង​តំណែង​ជើងឯក La ...