Don't Miss

មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​មើលឃើញ​យ៉ាងច្បាស់​ពី​គ្រោះថ្នាក់​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា​លោកស្រី រ៉ូ​ណា ស្មី​ត បាន​ព្រមាន​អំពី​គ្រោះថ្នាក់​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា បន្ទាប់ពី​គណបក្សកាន់អំណាច​ប៉ុនប៉ង​រំលាយ​គណបក្សប្រឆាំង​ដ៏​ធំជាងគេ​តែមួយគត់​ដែលមាន​អ​សនៈ​នៅក្នុង​រដ្ឋសភា​។ លោកស្រី រ៉ូ​ណា ស្មី​ត បានកត់សម្គាល់​ឃើញថា ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​រង​ការគំរាមកំហែង​ដោយសារ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាត់ការ​កម្ចាត់​គណបក្ស​ប្រឆាំង​ចេញពី​ឆាកនយោបាយ​។

​នៅក្នុង​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧ ពី​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស លោកស្រី រ៉ូ​ណា ស្មី​ត ( Rhona Smith) បាន​លើកឡើងថា សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​កំពុង​រង​ការរំលោភបំពាន​យ៉ាងគំហុក​ដែល​ធ្វើ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ដំណើរការ​បោះឆ្នោតជាតិ​ខាងមុខ និង​ប៉ះពាល់​ដល់​អនាគត​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​។ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការ​ប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បាន​លើកឡើងថា «​ប្រជាធិបតេយ្យ​មានន័យថា ផ្ដល់​សេរីភាព​ឲ្យ​ពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ និង​សិទ្ធិសេរីភាព​ក្នុងការ​សម្រេចចិត្ត​ជ្រើសរើស​មេដឹកនាំ​ណា​ម្នាក់ ឬ​គណបក្សនយោបាយ​ណាមួយ​ទៅតាម​តួនាទី​របស់ខ្លួន​»​។

លោកស្រី រ៉ូ​ណា ស្មី​ត បាន​កត់សម្គាល់ថា «​ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​អនុវត្តន៍​សិទ្ធិសេរីភាព​ទាំងនេះ​បាន គឺ​ទាល់តែ​មានការ​បើកទូលាយ​ឲ្យ​មានមតិ​ជំទាស់ និង​អនុញ្ញាត​ឲ្យ​គណបក្សប្រឆាំង​ចូលរួម​ក្នុង​ដំណើរការ​នេះ​បាន​ដោយ​គ្មាន​ការភ័យខ្លាច ឬ​ការគំរាមកំហែង​។ ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល​មកលើ​គណបក្សប្រឆាំង​បែប​សព្វថ្ងៃនេះ គឺ​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាត់បង់​សិទ្ធិសេរីភាព​ទាំងអស់នោះ​ហើយ​។ មន្ត្រី​គណបក្សកាន់អំណាច​កំពុង​យក​លេស​ដោយ​ប្រើ​យន្តការ​ច្បាប់ និង​ប្រព័ន្ធតុលាការ​ដែល​មជ្ឈដ្ឋាន​ទូទៅ​យល់ថា ស្ថិតនៅក្រោម​ការបង្គាប់​បញ្ជា​ពី​រដ្ឋាភិបាល​ដើម្បី​ព​ន្លឿ​ន​ការរំលាយ​គណបក្សប្រឆាំង​»​។

ជាងនេះទៅទៀត​លោកស្រី រ៉ូ​ណា ស្មី​ត សម្ដែង​សេចក្ដី​ព្រួយបារម្ភ​ដោយសារតែ​រដ្ឋាភិបាល​ក​ម្ពុ​ជា​កំពុង​យក​នីតិរដ្ឋ​មក​ធ្វើជា​ឡប់ឡែ​ដើម្បី​ជា​លេស​បិទបាំង​បន្លំ​ទៅលើ​ការបង្ក្រាប​នេះ​។ លោកស្រី រ៉ូ​ណា ស្មី​ត បាន​សង្កត់ធ្ងន់ថា​«​ពាក្យ​ថា​នីតិរដ្ឋ​គឺ​មិនមែន​ត្រឹមតែ​យក​ច្បាប់​មក​អនុវត្តន៍​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវគោរព​សិទ្ធិមនុស្ស​និង​បង្ហាញ​ឲ្យ​ឃើញ​ពី​គោលការណ៍​នៃ​ភាពត្រឹមត្រូវ យុត្តិធម៌ និង​ការចូលរួម​ពីសារ​ធា​រណ​ជន​ទូទៅ​ផងដែរ បើ​មិន​ដូច្នេះ​ទេវា​លែង​ជា​នីតិរដ្ឋ​ហើយ ហើយ​គឺ​វា​ទៅជា​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​អំណាច​ទៅវិញ​»​។ លោកស្រី រ៉ូ​ណា ស្មី​ត បាន​រំលឹក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​ស្មារតី​នៃ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា ដោយ​លោកស្រី​អះអាងថា រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​តាក់តែងឡើង​ដើម្បី​ការពារ​កុំ​ឲ្យ​ប្រទេស​នេះ​ធ្លាក់​ក្នុង​របប​គ្រប់គ្រង​ដោយ​ឯក​បក្ស ឬ​គ្រប់គ្រង​ដោយ​គណបក្ស​តែមួយ​៕

rhona-smithលោកស្រី រ៉ូ​ណា ស្មី​ត ( Rhona Smith) 93a9e35fb18c71a8f522ad93cc1e2879_1464060972

Source link

x

Check Also

​បញ្ជូន​យោធា​ម្នាក់​ប្រើប្រាស់​រថយន្ត​ព័ណ៌​ត្រីអ៊ី និង​ក្លែង​ស្លាក​លេខ​ទៅ​តុលាការ​

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨​នេះ​សមត្ថកិច្ច​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ ...

បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​កំពុង​បំផ្លាញ​សន្តិសុខ​សង្គម​គួរ​ឲ្យ​ភ័យខ្លាច​

ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​កំពុង​មាន​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម​ដែល​កើតចេញពី​បទល្មើស​គ្រឿងញៀន បើទោះបី​សមត្ថកិច្ច​នៅ​ទូទាំងប្រទេស​កំពុង​អនុវត្តន៍​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​យ៉ាងណាក៏ដោយ​។ រយៈពេល​ជាង​មួយឆ្នាំ​កន្លងទៅនេះ​សមត្ថកិច្ច​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​នានា​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​បាន​រាប់ពាន់​ករណី​ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​រាប់ម៉ឺន​នាក់​និង​រឹបអូស​វត្ថុតាង​គ្រឿងញៀន​បាន​យ៉ាងច្រើន​ផងដែរ​។ ទោះជា​យ៉ាងណា​មកដល់​បច្ចុប្បន្ន​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន​ហាក់ដូចជា​មិនទាន់មាន​ការថយចុះ​នៅឡើយ​ទេ ...