Don't Miss

ពលរដ្ឋ​សង្ស័យ​ថា​ការ​បោះ​បង្គោល​ព្រំដែន​លេខ​១៦៩​នៅ​ជិត​ក្រុង​បាវិត​ចូល​ដី​ខ្មែរ

បង្គោល​ព្រំដែន​លេខ​១៦៩​ថ្មី​ដែល​ទើប​បោះ​នៅ​ជាប់​ផ្លូវ​កំពង់​ស្ពាន ស្ថិត​នៅ​ភូមិ​តាបឹប សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ រូបថត​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Tha Kitya

ដោយ ថា កិត្យា RFA 2017-03-20

ប្រជាពលរដ្ឋ​ខ្មែរ​សង្ស័យ​ថា ការ​បោះ​បង្គោល​ព្រំដែន​លេខ​១៦៩ ដែល​នៅ​ជិត​ក្រុង​បាវិត ខេត្ត​ស្វាយរៀង អាច​ចូល​ទឹក​ដី​ខ្មែរ​មួយ​ចំនួន។ ប៉ុន្តែ​ករណី​នេះ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ស្វាយរៀង និង​គណៈកម្មការ​ព្រំដែន ឆ្លើយ​បដិសេធ​ដោយ​ចាត់​ទុក​ថា ការ​បោះ​បង្គោល​នោះ​ត្រឹមត្រូវ​ដោយ​មាន​ការ​ឯកភាព​គ្នា​រវាង​ប្រទេស​ទាំង​ពីរ។

បើ​ទោះ​បី​ជា​បញ្ហា​ព្រំដែន​មាន​ភាព​ចម្រូងចម្រាស​យ៉ាង​ណា​ក្តី ក៏​ភាគី​រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម នៅ​តែ​ពន្លឿន​ការ​បោះ​បង្គោល​ព្រំដែន​ដែរ។

បង្គោល​ព្រំដែន​លេខ​១៦៩​ថ្មី​ដែល​ទើប​បោះ​នៅ​ជាប់​ផ្លូវ​កំពង់​ស្ពាន ស្ថិត​នៅ​ភូមិ​តាបឹប សង្កាត់​បាវិត ក្រុង​បាវិត នោះ ក៏​បាន​ក្លាយ​ជា​បញ្ហា​ចោទ​មួយ ដែល​ពលរដ្ឋ​សង្ស័យ​ថា បង្គោល​នោះ​អាច​រំកិល​ចូល​ទឹក​ដី​ខ្មែរ ព្រោះ​ពួក​គាត់​ធ្លាប់​ដឹង​ថា បង្គោល​ចាស់​នៅ​ឆ្ងាយ​ជាង​បច្ចុប្បន្ន។

បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​រស់នៅ​ជិត​ខ្សែ​បន្ទាត់​ព្រំដែន លើក​ឡើង​ថា ការ​បោះ​បង្គោល​ព្រំដែន​ពុះ​ចែក​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា ហាក់​ដូចជា​ចាញ់​ប្រៀប​វៀតណាម រហូត៖ «ចូល​តាម​កន្លែង​ជិត​កន្លែង​ឆ្ងាយ កន្លែង​ខ្លះ ៤ ទៅ ៥០០​ម៉ែត្រ​ក៏​មាន កន្លែង​ខ្លះ ១​គីឡូ​ដី​ក៏​មាន កន្លែង​ខ្លះ ២ ទៅ ៣០០​ម៉ែត្រ​ក៏​មាន នៅ​ក្នុង​ទឹក​ដី​កម្ពុជា យើង​ទាំងអស់»។
អ្នក​ភូមិ​ផ្សេង​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង បាន​លើក​ឡើង​ស្រដៀង​គ្នា​ដែរ​ថា បង្គោល​ថ្មី​នេះ​ហាក់​ដូចជា​បោះ​លយ​ចូល​ទឹក​ដី​ខ្មែរ ខណៈ​ដី​តំបន់​ស​ភាគច្រើន​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ត្រូវ​បាន​ជនជាតិ​វៀតណាម កាន់​កាប់​ធ្វើ​ស្រែ​ចម្ការ​ធម្មតា។ នៅ​ចំណុច​ខ្លះ ជនជាតិ​វៀតណាម ធ្វើ​ដំណាំ​កសិកម្ម​ចូល​ហួស​បង្គោល​ព្រំដែន​ក្នុង​ដី​ខ្មែរ​ទៀត​ផង ដោយ​បច្ចុប្បន្ន​កំពុង​ដាំ​ម្ទេស និង​ឪឡឹក ខណៈ​ដី​នៅ​ខាង​ខ្មែរ​ទុក​ដី​ទំនេរ​ចោល ហើយ​កំពុង​ក្រៀម​បែក​ប្រះ​ក្រហែង។

ទាក់ទិន​បញ្ហា​នេះ អភិបាល​រង​ខេត្ត​ស្វាយរៀង លោក ពេជ្រ សុវណ្ណ អះអាង​ថា ការ​ចោទ​ប្រកាន់​នោះ គឺ​មិន​ពិត​ប្រាកដ​ឡើយ។ លោក​ពន្យល់​ថា ការ​បោះ​បង្គោល​ព្រំដែន​ថ្មី​នេះ គឺ​មាន​ការ​ឯកភាព​គ្នា​រវាង​ប្រទេស​ទាំង​ពីរ៖ «បង្គោល​នេះ វា​ជា​ផ្លូវ​ការ​ហើយ ចង់​ច្បាស់លាស់ លោក​សួរ​ទៅ​គណៈកម្មការ​វាស់វែង​ព្រំដែន ខាង​ឯកឧត្តម​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ទៅ គាត់​អាច​បញ្ជាក់​កាន់​តែ​ច្បាស់​ថែម​ទៀត»។

លោក​បន្ត​ពន្យល់​ថា ដី​ដែល​ពលរដ្ឋ​វៀតណាម កំពុង​អាស្រ័យ​ផល​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នោះ គឺ​ដោយសារ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​បែងចែក​គ្នា​នោះ​ទេ ហើយ​ម្យ៉ាង​ទៀត​ដី​ដែល​នៅ​ទំនេរ​ចោល​នោះ គឺ​ភាគច្រើន​ជា​ដី​របស់​ក្រុមហ៊ុន​ដែល​មិន​ទាន់​ធ្វើ​ការ​អភិវឌ្ឍ។

រីឯ​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា ការ​បោះ​បង្គោល​ព្រំដែន​លេខ​១៦៩ នោះ គឺ​មិន​មាន​កំហុស​ឆ្គង​នោះ​ទេ ហើយ​ភាគី​ទាំង​ពីរ​ក៏​បាន​ជជែក​គ្នា​រួច​រាល់​ហើយ​ដែរ ទម្រាំ​ឯកភាព​គ្នា​ឲ្យ​បោះ​បង្គោល​ចេញ​ជា​រូបរាង៖ «អត់​មាន​អី​ខុស​ឆ្គង​ទេ គេ​បោះ​ត្រឹមត្រូវ​បំផុត។ វា​គ្រាន់​តែ​ប្រជាពលរដ្ឋ​យើង​ភ្ញាក់​ផ្អើល​ខុស​រឿង។ ការ​បោះ​បង្គោល គឺ​ខាង​វៀតណាម ក៏​មិន​ចូល ខាង​យើង​ក៏​មិន​ចូល ហើយ​កន្លែង​ទីតាំង​ដែល​ត្រឹមត្រូវ​លើ​ខ្សែ​ព្រំដែន​ដែល​ភាគី​ទាំង​ពីរ​ឯកភាព​គ្នា។ យើង​ផ្អាក​ទុក​យូរ​ហើយ មិន​នឹង​បោះ​បង្គោល​នេះ ប៉ុន្តែ​ឥឡូវ​យើង​បាន​ឯកភាព​គ្នា​ហើយ បាន​យើង​បើក​ជំហរ​ឲ្យ​បោះ។ ដូច្នេះ​វា​អត់​មាន​អី​ត្រូវ​ភ័យ​ព្រួយ​បារម្ភ​ទេ»។

បើ​ទោះ​ជា​បង្គោល​ព្រំដែន​លេខ​១៦៩ មាន​សរសេរ​ឆ្នាំ​២០០៨ ពី​លើ​ក្តី ពលរដ្ឋ​អះអាង​ថា បង្គោល​នេះ​បាន​ចាប់​ផ្ដើម​បោះ​កាល​ពី​ខែ​មករា ដើម​ឆ្នាំ​២០១៧។

កិច្ច​ប្រជុំ​លើក​ទី​៩ ស្ដីពី​កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​រវាង​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា បាន​វាយ​តម្លៃ​ថា ការ​កំណត់​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ពីរ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ សម្រេច​បាន​ប្រមាណ ៨៤%។ ភាគី​ទាំង​ពីរ​ក៏​ប្រកាស​ថា នឹង​ត្រូវ​ខិតខំ​បន្ត​រក្សា​ការ​គ្រប់គ្រង​ព្រំដែន​ត្រឹមត្រូវ​តាម​សន្ធិសញ្ញា និង​ការ​ព្រមព្រៀង​ស្ដីពី​ព្រំដែន​ដែល​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា។ ក្នុង​ករណី​មាន​ហេតុការណ៍ និង​បាតុភាព​អ្វី​មួយ​កើត​ឡើង​នៅ​តំបន់​ព្រំដែន បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ត្រូវ​ពិភាក្សា​គ្នា និង​សហការ​គ្នា​ដោះស្រាយ​ភ្លាម ដោយ​មិន​ទុក​ឲ្យ​បញ្ហា​រីក​រាលដាល​បង្ក​ផល​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជា​ប្រពៃណី​ល្អ​រវាង​ប្រទេស​ទាំង​ពីរ និង​បង្ក​ការ​រាំង​ស្ទះ​ដល់​ការងារ​ខណ្ឌ​សីមា និង​បោះ​បង្គោល​ព្រំដែន​ឡើយ ដោយ​ឈរ​លើ​ស្មារតី​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក និង​សន្តិវិធី។

យ៉ាង​ណា​ក៏ដោយ​ចុះ អ្នក​វិភាគ​ស្នើ​ឲ្យ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​រស់នៅ​តាម​ព្រំដែន​ជា​មុន​សិន មុន​នឹង​បន្ត​បោះ​បង្គោល និង​បោះ​តម្រុយ​បង្គោល​ព្រំដែន។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​ទស្សនៈ​ថា ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា កំពុង​នៅ​មាន​ភាព​ចម្រូងចម្រាស​ច្រើន ដោយសារ​ពុំ​ទាន់​មាន​ឯកភាព​ជាតិ​ផ្ទៃ​ក្នុង ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បន្ត​ទទួល​រង​នូវ​ការ​រិះគន់ និង​មាន​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ ដោយសារ​ការ​បាត់បង់​ដី បង្គោល​ខិត​ចូល ជាដើម ប៉ុន្តែ​មិន​ដែល​ឃើញ​ពលរដ្ឋ​វៀតណាម តវ៉ា​នោះ​ទេ។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​មាន​ចម្ងល់​ថា តើ​មាន​អ្វី​ចំណេញ អ្វី​ខាត ដែល​ជំរុញ​ឲ្យ​មាន​ការ​បោះ​បង្គោល​ឲ្យ​ឆាប់​ចប់​នេះ? បញ្ហា​នេះ រដ្ឋាភិបាល​គួរ​តែ​ដោះស្រាយ និង​អប់រំ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​បាន​យល់៕

Source link

x

Check Also

What’s Behind the New Cambodia-Laos Border Crisis?

A closer look at an ...

Radio tax flip flops

Minister of Information Khieu Kanharith. ...