បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុងស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​

​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ បាន​ឲ្យ​ដឹងថា​ក្នុង​មូលដ្ឋាន​ពួកគាត់​បទល្មើស​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ប្រភេទ​បណ​រ៉ាវ ដែលមាន​ប្រវែង​បណ្ដោយ​រាប់ពាន់​ម៉ែត្រ​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ប្រជា​នេសាទ​នៅក្នុង​ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ បាន​ឲ្យ​ដឹងថា​កន្លងមក​លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង ចុះមក​ពិនិត្យមើល​បទល្មើស​នេសាទ ប៉ុន្តែ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដែល​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នោះឡើយ​។ ផ្ទុយទៅវិញ​លោក ជួង សុភា បាន​ពង្រាយ​មន្ត្រីក្រោមឱវាទ​ឲ្យ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដើម្បី​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។

​លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា​ជា​មេខ្លោង​ធំ​បំផុត​នៅ​ពីក្រោយ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ស្រុក​ឯក​ភ្នំ និង​ស្រុក​សង្កែ ខេត្តបាត់ដំបង​។ មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​ឯក​ភ្នំ និង​ស្រុក​សង្កែ ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​ប្រសិនបើ​គ្មាន​ការ​បើកដៃ​ពី​សំណាក់​លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង​ទេនោះ គឺ​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​ឯក​ភ្នំ និង​ស្រុក​សង្កែ មិន​ហ៊ាន​បណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​រាលដាល​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃ​នេះឡើយ​។ ដូច្នេះ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក ជួង សុភា និង​មន្ត្រីក្រោមឱវាទ​ខ្លះ​ផង​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​បទល្មើស​នេសាទ​រាលដាល​កាន់តែខ្លាំង​ថែមទៀត​។

​ប្រជា​នេសាទ​រស់នៅ​ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ បាន​ឲ្យ​ដឹងថា​លោក ឡុង សុ​ភិន អភិបាលស្រុក​ឯក​ភ្នំ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រភេទ​បណ​រ៉ាវ ដែលមាន​ប្រវែង​បណ្ដោយ​រាប់ពាន់​ម៉ែត្រ​នោះទេ គឺមាន​តែ​ជួយ​បិទបាំង​បទល្មើស​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ដូច្នេះហើយ​ទើប​ថ្មីៗ​កន្លងទៅនេះ​ប្រជា​នេសាទ​៤​សហគមន៍​បាន​យក​លិខិត​មាន​ស្នាម​មេដៃ​ពលរដ្ឋ​ជាង​៤០០​គ្រួសារ ទៅសុំ​អន្តរាគមន៍​ឲ្យ​មន្ត្រី​ជំនាញ និង​មន្ត្រី​អាជ្ញាធរខេត្ត​បាត់ដំបង ចាត់វិធានការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុងស្រុក​ឯក​ភ្នំ​ជាបន្ទាន់​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​បាន​លើកឡើងថា បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដែល​កើតឡើង​យ៉ាង​ពេញបន្ទុក​ក្នុងស្រុក​ឯក​ភ្នំ ដូច​សព្វថ្ងៃនេះ​គឺមាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ពី​សំណាក់​លោក ជួង សុភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តបាត់ដំបង និង​មន្ត្រីក្រោមឱវាទ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​៕

22447566_373113496442950_156726408_n 22447636_373113366442963_1782768177_n 22472613_373113286442971_1817707530_n 22447566_373113496442950_156726408_n - Copy

Source link

x

Check Also

សមត្ថកិច្ច​ច្រក​អូ​រយ៉ា​ដាវ បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ប្រណីត​ចូលទៅ​ស្រុក​យួន​យ៉ាង​រលូន​

​ប្រភពពី​មន្ត្រី​និង​សមត្ថកិច្ច​មួយចំនួន​នៅ​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ ស្រុក​អូរ​យ៉ា​ដាវ ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​កាលពី​យប់​ថ្ងៃទី​១៨ ខែតុលា ...

មេ​ខ្មូត​ឈើ​ណុង ណាក់​បន្តសកម្មភាព​បំផ្លាញ​ព្រៃឈើ​ទៀតហើយ​នៅ​តំបន់​ក្តុល​និង​បំ​ណ​ក់​! | មាតុភូមិ

មេ​ខ្មូត​ឈើ​ណុង ណាក់​បន្តសកម្មភាព​បំផ្លាញ​ព្រៃឈើ​ទៀតហើយ​នៅ​តំបន់​ក្តុល​និង​បំ​ណ​ក់​! ​កំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង​បាន​សម្តែង​នូវ​ការខកចិត្ត​យ៉ាងខ្លាំង ចំពោះ​ចំណាត់ការ​របស់​គ្រប​សមត្ថកិច្ច​ពាក់ព័ន្ធ​ទៅលើ​ឈ្មោះ​ណុង ...