នគរបាលអន្តោប្រវេសន៍ មន្ត្រីគយ និងមន្ត្រីកាំកុងត្រូល នៅច្រកទ្វារអន្តរជាតិបាវិត កំពុងតែល្បីល្បាញរឿងពុករលួយ

បើទោះបីកន្លងមករឿងអាស្រូវពុករលួយរបស់នគរបាលអន្តោប្រវេសន៍ មន្ត្រីគយ មន្ត្រីកាំកុងត្រូល ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធផ្សេងៗទៀតនៅច្រកទ្វារអន្តរជាតិបាវិត ក្រុងបាវិត ខេត្តស្វាយរៀង ត្រូវបានមន្ត្រីតូចតាចប្រចាំច្រកនេះបើកកកាយជាបន្តបន្ទាប់យ៉ាងណាក៏ ដោយក៏ក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនទាន់ចាត់វិធានការទប់ស្កាត់នៅឡើយទេ។ ផ្ទុយទៅវិញរហូតមកដល់ពេលនេះក្រសួងនិងស្ថាប័នពាក់ព័ន្ធនៅតែធ្វើមិនដឹងមិនឮចំពោះអំពើពុករលួយរបស់ក្រុមសមត្ថកិច្ចឈរជើងនៅច្រកទ្វារអន្តរជាតិបាវិត ហើយទុកឲ្យពួកគេប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងថែមទៀត។ ក្នុងចំណោមសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិបាវិត ដែលកំពុងល្បីខាងប្រព្រឹត្តអំពើពុករលួយខ្លាំងបំផុតគឺ នគរបាលអន្តោប្រវេសន៍ , មន្ត្រីគយ, មន្ត្រីកាំកុងត្រូល, នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងក្រុមមន្ត្រីស្នាក់ការច្រកទ្វារ។ បញ្ហានេះជារឿងដែលក្រសួងនិងស្ថាប័ន ពាក់ព័ន្ធមិនគួរមើលរំលងតទៅទៀតទេ ហើយត្រូវយកចិត្តទុកដាក់ចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។

ឥឡូវនេះអំពើពុករលួយរបស់សមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិបាវិត កំពុងត្រូវបានក្រុម អ្នករត់ការឯកសារនាំចូលទំនិញតាមច្រកនេះលាតត្រដាងជាសាធារណៈផងដែរព្រោះពីមួយ ឆ្នាំទៅមួយឆ្នាំ សមត្ថកិច្ចពុករលួយទាំងនោះគាបយកលុយពីឈ្មួញនិងអាជីវករនាំចូលទំនិញ កាន់តែច្រើនឡើងៗ។ សូម្បីតែឈ្មួញនាំចូលទំនិញវិយោគតាមច្រកទ្វារអន្តរជាតិបាវិត ក៏អត់ទ្រាំតទៅទៀតលែងបានដែរព្រោះនគរបាលអន្តោប្រវេសន៍ មន្ត្រីគយ មន្ត្រីកាំកុងត្រូល និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតតម្រូវឲ្យបង់លុយលើតុ លុយក្រោមតុ កាន់តែច្រើនឡើងៗ។ ជាងនេះទៅទៀតក្រុមសមត្ថកិច្ចពុករលួយបានឃុបឃិតឲ្យឈ្មួញមួយចំនួននាំចូល ទំនិញគេចពន្ធតាមអំពើចិត្ត ហើយសូម្បីតែតាមរថយន្តក្រុងដឹកជញ្ចូនអ្នកទេសចរក៏មានបង្កប់ទំនិញគេចពន្ធ ទំនិញខុសច្បាប់ពីប្រទេសយួនយ៉ាងពេញបន្ទុកដែរ។ ក្រុមសមត្ថកិច្ចកិច្ចទាំងនោះបានអះអាងដូចៗគ្នាថា ពួកគេខំប្រឹងរកចំណូលជូនថ្នាក់លើឲ្យបានទៀងទាត់ដើម្បីអាចឈរជើងនៅច្រកនេះបានយូរនិងរលចំណូលបានច្រើន។

ប្រភពពីក្រុមអ្នករត់ការឯកសារក្រុមហ៊ុននាំចូលទំនិញមួយចំនួន បានឲ្យដឹងថានគរបាលអន្តោប្រវេសន៍ក្រោមការគ្រប់គ្រងរបស់លោក ខាត់ សារ៉ាត់ កំពុងតែប្រព្រឹត្តអំពើពុករលួយខ្លាំងជាងគេ ដែលបញ្ហានេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ មិនគួរ បណ្តែតបណ្តោយតទៅទៀតឡើយ។ ប្រភពបានឲ្យដឹងថា បើទោះបីពួកគេនាំចូលទំនិញស្របច្បាប់មានឯកសារបង់ពន្ធជូនរដ្ឋត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏ក្នុងទំនិញ១កុងតឺន័រឬមួយរថយន្តធុនធំត្រូវតែចំណាយលុយពី១២០ដុល្លារ ទៅ១៣០ដុល្លារឬ១៥០ដុល្លារថែមទៀតទើប អាចនាំទំនិញពីទឹកដីយួនចូលទឹកដីខ្មែរបាន។ ប្រសិនបើមិនបង់លុយលើតុ លុយក្រោមតុ ទៅតាមការកំណត់របស់ក្រុមនគរបាលអន្តោប្រវេសន៍ ក្រុមមន្ត្រីគយនិងសមត្ថកិច្ចពាក់ព័ន្ធទាំងនោះទេគឺមិនអាចដឹកទំនិញឆ្លងកាត់ច្រកព្រំដែនបានឡើយ។ ប្រការនេះធ្វើឲ្យក្រុមឈ្មួញនាំចូលទំនិញស្របច្បាប់និងទំនិញវិនិយោគតាមច្រកទ្វារអន្តរជាតិបាវិតត្រូវប្រឈមនឹងការលំបាកយ៉ាងខ្លាំងព្រោះត្រូវក្រុមសមត្ថកិច្ចពុករលួយគាបយកលុយតាមអំពើចិត្ត។

ក្រុមអ្នករត់ការឯកសារនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិបាវិត បានឲ្យដឹងថា សម្រាប់ទំនិញជាច្រើនប្រភេទដែលនាំចូលដោយបង់ពន្ធត្រឹមត្រូវគឺត្រូវចំណាយបន្ថែមសម្រាប់ សមត្ថកិច្ចពុករលួយក្នុង១កុងតឺន័រឬរថយន្តធុនធំ១គ្រឿង សម្រាប់នគរបាលអន្តោប្រវេសន៍ចំនួន១០ ដុល្លារ,ស្នាក់ការច្រកទ្វាររបស់អាជ្ញាធរខេត្ត២ទៅ៣ដុល្លារ,នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ៣ដុល្លារ។ ក្រៅពីនេះត្រូវបង់ឲ្យទៅខាងកាំកុងត្រូល និងសមត្ថកិច្ចឈរ ជើងលើផ្លូវជាតិលេខ១ ចាប់ពីច្រកបាវិតរហូតដល់រាជធានីភ្នំពេញសរុបអស់ពី១២០ទៅ១៣០ ឬ១៥០ដុល្លារ ទើបទំនិញអាចចូលដល់ក្នុងឃ្លាំង។ ដោយសារតែឈ្មួញនាំទំនិញពីស្រុកយួន ចូលស្រុកខ្មែរត្រូវបង់ពន្ធជូនរដ្ឋផង និងបង់លុយលើតុក្រោមតុឲ្យក្រុមមន្ត្រីពុករលួយជាច្រើនស្ថាប័នផង ទើបទំនិញលើទីផ្សារមានតម្លៃខ្ពស់ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះអង្គភាពប្រឆាំងអំពើពុករលួយគួរតែពិនិត្យឡើងវិញជាបន្ទាន់ព្រោះអំពើពុករលួយ តាមដងផ្លូវកំពុងរាលដាលយ៉ាងពេញបន្ទុក គឺពុំមានការថយចុះឡើយ។

ចំណែកមន្ត្រីកាំកុងត្រូលនៅច្រកបាវិតកំពុងរងការរិះគន់ថា គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅចែកគ្នាធ្វើមានធ្វើបានហើយមិនយកចិត្តទុកដាក់ពិនិត្យលើគុណភាពទំនិញជាពិសេសគ្រឿងឧបភោគបរិភោគមុនពេលអនុញ្ញាតឲ្យឈ្មួញនាំចូលមកលក់ចែកចាយក្នុងទីផ្សារស្រុកខ្មែរនោះទេ។ ហេតុ នេះហើយទើបកន្លងមកមានឈ្មួញខិលខូចបាននាំចូលទំនិញខូចគុណ ភាព ទំនិញហួសកាលកំណត់ប្រើប្រាស់និងបន្លែបង្ការមានផ្ទុកសាធាតុគីមី មកលក់ពេញទីផ្សារស្រុកខ្មែរ ព្រោះក្រុមមន្ត្រីពុករលួយគិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួន។ ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនគួរទុកឲ្យក្រុមសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិបាវិត ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកតទៅទៀតឡើយ។ ជាពិសេសករណីសមត្ថកិច្ចពុករលួយជាច្រើនស្ថាប័នឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកទ្វារអន្តរជាតិបាវិត កំពុងធ្វើឲ្យរដ្ឋបាត់បង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ៕

IMG_2290 IMG_2289 IMG_2292

Source link

x

Check Also

បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់​

កាលពី​យប់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧ កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ បាន​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​មួយ​ករណី ...

សហភាព​អន្តរ​សភា​ព្រមាន​បក្ស​កាន់អំណាច​កុំ​ឱ្យ​រំលាយ​បក្ស​សង្គ្រោះជាតិ

គណៈកម្មាធិការ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៃ​ក្រុម​អ្នក​តំណាងរាស្ត្រ​របស់ ​IPU ​ក៏​បាន​បង្ហាញ​នូវ​ក្ដី​បារម្ភ​អំពី​ស្ថាន​ការណ៍​អ្នក​តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ក្នុង សេចក្ដី​ថ្លែង​ហេតុ​ប្រាប់​សម័យ​ប្រជុំ​ពេញ​អង្គ​របស់ IPU ...