ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ហូរ​ចូល​តាម​ច្រកព្រំដែន​ក្នុង​ខេត្តតាកែវ កាន់តែច្រើន​

ប្រភពពី​ភ្នាក់ងារ​គយ​ក្នុង​ខេត្តតាកែវ មួយចំនួន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​កំពុង​សម្រុក​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន ច្រក​ត្រពាំង​ក្រសាំង និង​ច្រក​បាក់ដៃ​កាន់តែ​ច្រើនឡើងៗ​។ ការដែល​ប្រធានការិយាល័យ​គយ​តាម​បណ្ដា​ច្រក​ទាំងនោះ​ហ៊ាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ គឺមាន​ការឃុបឃិត​ពី​សំណាក់​លោក កែវ វ​ណ្ណី ប្រធាន​សាខាគយ​ខេត្តតាកែវ ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​លោក កែវ វ​ណ្ណី ប្រធាន​សាខាគយ​ខេត្តតាកែវ អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ទើប​មិន​ញញើត​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន ហើយ​មួយផ្នែក​យកទៅជួយ​គណបក្ស​។

ប្រភពពី​ឈ្មួញ​និង​អាជីវករ​តូចតាច​បាន​ឲ្យ​ដឹងថា នៅពេល​ពួកគាត់​នាំចូល​ទំនិញ​ស្របច្បាប់​មាន​បង់ពន្ធ​ជូន​រដ្ឋ​ត្រឹមត្រូវ​យ៉ាងណាក៏ដោយ​ក៏​ចៀស​មិន​ផុតពី​បង់លុយ​លើ​តុ​ក្រោម​តុ​ឲ្យ​មន្ត្រី​គយ​នៅ​ច្រកព្រំដែន និង​គយ​ចល័ត​ខេត្តតាកែវ ក្រោម​ការគ្រប់គ្រង​រប​ស់លោក លាង ម៉ុង នោះទេ​។ ផ្ទុយទៅវិញ​មន្ត្រី​គយ​នៅ​ច្រកព្រំដែន​និង​គយ​ចល័ត​បាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដូចជា គ្រឿងសំណង់ ទំនិញ​ចាប់ហួយ និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច យ៉ាង​ពេញបន្ទុក​ដើម្បី​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។ តាម​ការអះអាង​របស់​ភ្នាក់ងារ​គយ​មួយចំនួន​នៅក្នុង​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា​ទំនិញ​ដែល​ឈ្មួញ​ធំៗ​នាំចូល​តាម​ច្រក​ភ្នំ​ដិ​ន ច្រក​ត្រពាំង​ក្រសាំង និង​ច្រក​បាក់ដៃ បង់ពន្ធ​ត្រឹមតែ​២០​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។

មន្ត្រី​គយ​ក្នុង​ខេត្តតាកែវ មួយចំនួន​បានលើកឡើង​ថា​លោក កែវ វ​ណ្ណី ប្រធាន​សាខាគយ​ខេត្តតាកែវ និង​មេ​គយ​ចល័ត​ឈ្មោះ លាង ម៉ុង ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ឡើងៗ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ លោក គុណ ញឹម ដែល​អគ្គនាយក​គយ បណ្ដោយ​ឲ្យ​លោក កែវ វ​ណ្ណី និង​លោក លាង ម៉ុង ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ហេតុនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គួរ​ពិនិត្យឡើងវិញ​ខ្លះ​ផង​ចំពោះ​អំពើពុករលួយ​របស់​មេ​គយ​ខេត្តតាកែវ​។ ទន្ទឹមនឹងនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក កែវ វ​ណ្ណី និង​បក្ខពួក​ផងដែរ​ព្រោះ​អំពើពុករលួយ​របស់​ពួកគេ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​កំណែទម្រង់​ស៊ីជម្រៅ​នៅក្នុង​ស្ថាប័នគយ​។ ជាងនេះទៅទៀត​ប៉ុស្ដិ៍​ជជុះ​២​កន្លែង​របស់​គយ​ចល័ត​ខេត្តតាកែវ គឺជា​ការបំពាន​ទៅលើ​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​តម្រូវ​ឲ្យ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​តាម​បណ្ដា​ខេត្ត​នានា លុបបំបាត់​កុងត្រូលជជុះ​ផងដែរ​៕

hqdefaultលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
23635265_1756793637949544_1666812236_nលោក កែវ វណ្ណី​ ប្រធានសាខាគយខេត្តតាកែវ ​

Source link

x

Check Also

អ្នកស្រី ង្វៀង ធី​ម៉ា​យ ហៅ យាយ ម៉ា​យ ឈ្មួញ​ឈើ​គ្រញូង ល្បីឈ្មោះ​ខេត្តឧត្ដរមានជ័យ ជាប់​ខ្នោះ​ទៀតហើយ !!!

អ្នកស្រី ង្វៀង ធី​ម៉ា​យ ហៅ យាយ ...

ឃាត់ខ្លួន​យុវជន​ពីរ​នាក់ ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា គ្រាន់តែ​ទាស់សម្តី​គ្នា​ពេល​ផឹកស្រា​

បាត់ដំបង ៖ កាលពី​នៅ​ថ្ងៃទី 15 វិច្ឆិកា ...