ទស្សនៈក្នុងប្រស្នាខ្លះនៃបុណ្យចូលឆ្នាំថ្មី

១. ទេពធីតា ៧ អង្គគឺជានិមិត្តរូបនៃ ទេវធម៌ ៧ ប្រការ គឺ សទ្ធា ការជឿកម្មល្អ-អាក្រក់ និងផលល្អ-អាក្រក់ជាដើម ១ , សីល ការរក្សាក្រមសីលធម៌មានសីល ៥ ជាដើម ១, សុតៈ ការសិក្សាសូត្រ និងស្តាប់យោបល់ច្រើន ១, ចាគៈ ការលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីផលប្រយោជន៍ជាអាទិភាពច្រើនជាងការលះបង់ផលប្រយោជន៍រួមដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ១, បញ្ញា ការចេះដឹងខ្ពង់ខ្ពស់ ប្រាជ្ញាវាងវៃ ១, ហិរិ ការខ្មាសបាបជាងខ្មាសអ្នកដទៃ ១, ឱត្តប្បៈ ការខ្លាចបាបលើសខ្លាចរឿងអាស្រូវ ១ ។ កាលបើបុគ្គលណាមួយរក្សាទេវធម៌គឺធម៌ដែលទេវតាតែងរក្សាខ្ជាប់ទាំង ៧ ប្រការនេះ ទោះបីអ្នកមិនបានអុជធូបបួងសួងឲ្យទេវតាជួយថែរក្សាក៏ដោយ ក៏ទេវធម៌ទាំងនោះរក្សាបុគ្គលនោះឲ្យឋិតក្នុងឋានៈជាមនុស្សទេវោ គឺមនុស្សទេព ដែលមានសភាពរុងរឿងប្រសើរដោយគុណធម៌ដូចទេវតានាឋានមនុស្សលោកពិត ៗ ពោលគឺមនុស្សរាល់គ្នាសុទ្ធតែមានសមត្ថភាពរក្សាធម៌ទេវតា ឲ្យក្លាយជាមនុស្សទេវតាទាំងភ្នែកស្រស់ដ៏គំរូក្នុងសង្គមមនុស្ស ដោយមិនបាច់អង្វរករហៅរកទេវតាដែលមិនដឹងនៅទិសតំបន់ណាឲ្យមកជួយរក្សាខ្លួនជំនួសខ្លួន ។

ន័យមួយទៀតទេពធីតាទាំង ៧ អង្គគឺសំដៅថ្ងៃទាំង ៧ ក្នុង ១ សប្តាហ៍ន័យនេះបង្កប់ការអប់រំឲ្យជនទាំងឡាយរស់នៅក្នុងលោកនេះ ត្រូវរក្សាព្រហ្មវិរធម៌ទាំង ៤ ឲ្យខ្ជាប់ខ្ជួនជារៀងរាល់ថ្ងៃក្នុងសប្ហាហ៍ ប្រចាំជីវិត ដើម្បីសុខសន្តិភាព ប្រែថា បើមនុស្សរក្សាព្រហ្មវិហារធម៌ទាំង ៤ ពេញលេញក្នុង ១ សប្តាហ៍ ៧ ថ្ងៃហើយ តើនៅមានថ្ងៃណាអាក្រក់អពមង្គលទៀតនោះ ។ ថ្ងៃអពមង្គលមានតែថ្ងៃណាដែលមនុស្សបោះបង់ព្រហ្មវិហារធម៌ចោលតែប៉ុណ្ណោះ ព្រោះវានាំឲ្យមានគ្រោះថ្នាក់ដល់ខ្លួនឯងនិងសង្គម ទើបមានពាក្យថា បើបោះព្រះសីសៈព្រហ្មនៅទីណាផ្លើងឆេះនៅទីនោះ គឺបានដល់ភ្លើងជម្លោះ ភ្លើងសង្គា្រម ភ្លើងច្រណែន ភ្លើងប្រចណ្ឌជាដើម ។
២. កបិលមហាព្រហ្ម គឺនិមិត្តរូបនៃព្រហ្មវិហារធម៌ ។ ពាក្យថាកុំឲ្យបោះបង់សិរសារព្រហ្មចោល នាំឲ្យមានភ្លើងឆេះទឹក ឆេះផែនដី ឆេះអាកាសនោះ អ្នកប្រជ្ញាគប្បីយល់ថា ជាការដាស់តឿនក្រើនរំឭកកុំគប្បីបោះបង់ព្រហ្មវិហារធម៌ទាំង ៤ ចោល នាំឲ្យមានភ្លើងសង្គ្រាមលោកដ៏ធំកើតឡើងប្រល័យលោកទាំងមូលឲ្យអន្តរធាន ។ អត្ថថាបើមនុស្សជាតិទូទាំងសកលមិនមានព្រហ្មវិហារធម៌ គឺមេត្តា ករុណា មុទិតា ឧបេក្ខា នឹងកាប់សម្លាប់បាញ់ប្រហារគ្នាទាល់តែវិនាសរៀង ៗ ខ្លួន ។

៣. សិរី ៣ ប្រការគឺ ទី ១ ពេលព្រឹកសិរីឋិតនៅត្រង់មុខ ។ គប្បីយល់ពាក្យថាមុខៈ ប្រែថាមាត់, មាត់ជាឧបករណ៍សម្រាប់ពោលបញ្ចេញនូវវាចា, ឯវាចាដែលនាំឲ្យអ្នកពោលមានសិរី បានដល់វចីសុចរិត ៤ ប្រការ គឺការពាលដោយវៀរចាកការនិយាយកុហក បោកប្រាស់ មួលបង្កាច់ បំផ្លើសបំភ្លៃបង្ខុសការពិតដោយបំណងអាក្រក់ ១, វៀរចាកការនិយាយញុះញង់បំបែកបំបាក់សាមគ្គីសង្គមគ្រួសារ សង្គមជាតិ សង្គមលោក ១, វៀរចាកការនិយាយអាក្រក់ជេរប្រមាថ បរិហារកេរ្តិ៍បន្តុះបង្អាប់បង្ខូចកេរ្តិ៍ឈ្មោះអ្នកដទៃ ១, វៀរចាកការនិយាយឡេះឡោះរោយរាយឥតប្រយោជន៍ និយាយដើមដង្ហើមឫសគ្នីគ្នាឯង (តាមការកត់សម្គាល់ឃើញថា អ្នកមានជំងឺចរិតនិយាយដើមគេ ភាគច្រើនតែងតែនិយាយដើមគ្នាឯង) នាំឲ្យមានការប្រេះឆាសៅហ្មងអសោចជួជាតិជាប់ជាទម្លាប់អាក្រក់គួរឲ្យខ្ពើមក្នុងសង្គម ១ ។

ទី ២ ពេលថ្ងៃត្រង់សិរីឋិតនៅត្រង់ដើមទ្រូង គឺសំដៅដល់បេះដូងដែលនៅត្រង់ទ្រូង, គប្បីយល់ថា បេះដូងគឺហទយវត្ថុ, ហទយវត្ថុជាគុហានៃចិត្ត ប្រែថាបេះដូងជាទីអាស្រ័យនៃចិត្ត ឬចិត្តអាស្រ័យនៅបេះដូង ឬក៏ចិត្តឋិតក្នុងប្រអប់បេះដូង មួយទៀតថាបេះជាលំនៅឋាននៃចិត្ត (វិសុទ្ធិមគ្គ, ព្រះពុទ្ធឃោសាចារ្យ) ។ សេចក្តីត្រង់នេះដៅដល់មនោសុចរិត ៣ គឺវៀរចាកចិត្តដែលគំនុំគុំគួនចងអាឃាតព្យាបាទ ប៉ុនប៉ងសម្លាប់ជីវិតដទៃ ១, វៀរចាកការរំពៃចង់បាន ចង់លួចប្លន់របស់ទ្រព្យជាកម្មសិទ្ធិរបស់អ្នកដទៃ ១, វៀរចាកមិច្ឆាទិដ្ឋិ ការយល់ខុសអំពីការពិតដូចយ៉ាង ម៉ែឪគ្មានគុណ ការធ្វើបាបមិនមានផលបាប ការធ្វើបុណ្យមិនមានផលបុណ្យជាដើម ១ ។

ទី ៣ ពេលយប់សិរីសួស្តីនៅត្រង់ជើង, គប្បីយល់ថាជើងជាអវយៈខាងក្រោមនៃ ក្នុងការឈរ និងដើរគឺដៅដល់ការសង្រួមជើងមិនដើរលេងយប់ព្រលប់ខុសកាលវេលាចោលផ្ទះសម្បែងកូនប្រពន្ធឬប្តីតាមការសេពគប់មិត្តអាក្រក់ ស្វែងរកការសប្បាយ ច្រៀងរាំខារ៉ាអូខេ មហោស្រព ប្រមូលប្តុំគ្នីគ្នាហិតកាវ ជក់ជួញគ្រឿងញៀន លេងបៀរ អាប៉ោង ល្បែងភ្នាល់ផ្សេង ៗ ឬដើរលួចប្លន់ឆក់កណ្តៀត បង្ហោះបង្ហើរយានយន្តម៉ូតូហុងដា ស្រីញីស៊ីចាយ បង្កហេតុការណ៍អន្តរាយសន្តិសុខសណ្តាប់ធ្នាប់ភូមិ ឃុំ ស្រុក ទេស ដែលជាហេតុនាំឲ្យវិនាសហិនហោចទ្រព្យសម្បត្តិ សុខភាព ជីវិត និងសុភមង្គល និងនាំបណ្តាលឲ្យមានជាទុក្ខទោសទណ្ឌកម្មផ្សេង ៗ ដល់ខ្លួន និងឪពុកម្តាយ បងប្អូន ប្តីប្រពន្ធកូនចៅផៅសន្តាន សង្គមភូមិដ្ឋានអាប់ឱនចលាចលជាដើម ។ សមដូចពាក្យចាស់ដាស់តឿនកូនចៅថា ហៃកូនចៅកុំចចើងចូលចិត្តចង់ដើរលេងយប់ពេក ប្រយ័ត្ន “ដើរយប់ជាន់ជើងចោរ” ។ ពាក្យនេះចង់រំឭកស្មារតីអ្នកដើរយប់ថា ការដើរយប់នេះមានទោសច្រើនណាស់ ជួនកាលយើងដើរដោយស្មោះត្រង់ទេ តែជួនទទួលត្រង់ពេលចោរលួចប្លន់របស់ទ្រព្យគេ កំពុងរត់គេចខ្លួន ម្ចាស់ទ្រព្យឬនគរបាលសន្តិសុខកំពុងដេញតាមចាប់ ឬដេញតាមបាញ់ក៏ប៉ះពារមកលើយើងក៏មាន ។ មិនតែប៉ុណ្ណោះ ក្នុងសិង្គាលកសូត្រ គម្ពីរទីឃនិកាយ (ត្រៃបិ. ១៩, ទំ. ៧១) ព្រះសម្ពុទ្ធទ្រង់ត្រាស់សំដែងថាអបាយមុខគឺប្រធាន ប្រភពនៃការការវិនាសអន្តរាយទ្រព្យសម្បត្តិមាន ៦ យ៉ាង គឺ ១. ដើរផឹកស្រា ២. ដើរលេងយប់ ៣. ដើរមើលមហោស្រព ៤. ដើរលេងល្បែងភ្នាល់ ៥. ដើរសេពគប់មិត្តអាក្រក់ ៦. ខ្ជិល (ដើរយប់ឆ្អែត ថ្ងៃដេកខ្ជិលធ្វើការ) ។ បណ្តាអបាយមុខទាំង ៦ ប្រការនោះ ត្រង់ប្រការទី ២ គឺការដើរលែងយប់ដែលព្រះពុទ្ធទ្រង់ហៅថា “ការត្រាច់ទៅតាមច្រកល្ហកខុសកាល ប្រជាធាននៃសេចក្តីវិនាសភោគៈ វិកាលវិសិខាចរិយានុយោគោ ភាគានំ អបាយមុខំ” មានទោស ៦ យ៉ាងគឺ

១. មិនគ្រប់គ្រង មិនថែរក្សាខ្លួន គឺញៀនញ៉ាមនឹងដើរលេងយប់ឈប់លែងបានដូចពាក្យចាស់ថា “ដើរយប់យូរ ៗ ស្មៅតោងជើង” ។ ទោសយ៉ាងស្រាលបំផុតក៏នាំឲ្យខូចសុខភាព, ទោសយ៉ាងធ្ងន់គឺបណ្តោយខ្លួនឲ្យមានជំងឺរោគកាចសាហាវស្លាប់បង់ជីវិតនិងឆ្លងដល់កូនប្រពន្ធ ។ ស្តាប់បង្គាប់ជឿងប់ងុលតែមិត្តភក្តិអាក្រក់រើលែងរួច ជាហេតុបណ្តាលឲ្យធ្លាក់ខ្លួនក្នុងផ្លូវងងឹតលែងធ្វើម្ចាស់ការលើខ្លួនឯងបាន ។

២. មិនគ្រប់គ្រង មិនថែរក្សាប្រពន្ធកូន គឺបណ្តោយឲ្យប្រពន្ធកូនរងទុក្ខទឹកភ្នែកជូតក្បាលជង្គង់ បាត់ភាពកក់ក្តៅ មានតែភាពត្រជាក់រងារកំព្រាឯកាកម្សត់តោកយ៉ាកលំបាកលំបិនគ្មានទីពឹងពាក់ពំនាក់អាស្រ័យ ក្លាយទៅជាប្តី ជាឪពុកស៊ីដោយសារប្រពន្ធកូនទៅវិញ និងក្លាយទៅជាអ្នករោចពន្លត់ពន្លឺរស្មីសុភមង្គលនិងអនាគតរបស់ប្រពន្ធកូន ។

៣. មិនគ្រប់គ្រងរក្សាទ្រព្យសម្បត្តិ គឺមិនត្រឹមតែខ្ជិលមិនចេះធ្វើការរកស៊ីបង្កបង្កើនផលរកចំណេញចំណូលទ្រព្យសម្បត្តិថ្មីទេ សូម្បីតែទ្រព្យសម្បត្តិចាស់មានស្រាប់ដែលជាកេរអាករខាងឪពុកម្តាយបង្កើត និងឪពុកម្តាយក្មេកចែកឲ្យក៏លក់បំផ្លាញចាយវាយហិនហោចអស់រលីងដែរ ។

៤. សេចក្តីរង្កៀសតែងកើតមានក្នុងកន្លែង (ដែលខ្លួនទៅដល់) នោះ ៗ គឺការង្កៀសរកាំរកូស ឈ្លោះទាស់ទែងខ្វែងគំនិតគ្នា រហូតឈានដល់ការកាប់សម្លាប់បាញ់ប្រហារគ្នាតែងកើតឡើងរឿយ ៗ កម្រចៀសផុតក្នុងជំនុំជនពាល ។

៥. ពាក្យមិនពិតតែងធ្លាក់មកលើខ្លួន គឺសេចក្តីនេះស៊ីសេចក្តីនឹងពាក្យថា “ដើរយប់ជាន់ជើងចោរ” ដូចដែលបាននិយាយរួចហើយ ។

៦. បំពេញនូវជាទុក្ខច្រើន គឺបង្កឲ្យមានជារឿងរ៉ាវទុក្ខទោសទណ្ឌច្រើនដល់ខ្លួន ដល់សង្គមគ្រួសារ សង្គមភូមិស្រុក សង្គមជាតិ និងសង្គមលោកទាំងមូល ។

ហេតុដូច្នេះដើម្បីសិរីសួស្តីឆ្នាំថ្មី កើតមានដល់ខ្លួន ដល់សង្គមគ្រួសារ សង្គមភូមិស្រុក សង្គមជាតិ និងសង្គមលោកទាំងមូល ទាល់តែយើងគ្រប់ ៗ គ្នានាំគ្នាសមាទានរក្សាសីល ៥ វៀរចាកអបាយមុខទាំង ៦ លះបង់អកុសលកម្មបថទាំង ១០ ទើបសិរីសួស្តីកើតមានដល់យើងបាន ។ លើសជាងនេះទៅទៀត យើងមិនមែនចង់បានសិរីសួស្តីតែ ៣ ថ្ងៃចូលឆ្នាំថ្មីទេ គឺយើងគ្រប់គ្នាសុទ្ធតែចង់បានសិរីសួស្តីជានិច្ចកាលប្រចាំជីវិត ព្រោះហេតុនោះយើងគប្បីរក្សាសីលខ្ជាប់ខ្ជួនមួនមាំជានិច្ចកាល តមវៀរបង់អកុសលធម៌ បាបលាមក និងអបាយមុខឲ្យបានរាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំ ដើម្បីរក្សាសិរីសួស្តីជយមង្គលវិបុលសុខសុភមង្គលឲ្យឋិតនៅជាមួយខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងសង្គមលោកដែលយើងកំពុងរស់នៅ ។
(សូមរង់ចាំអានជាបន្ត)

ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់យុង
អតីតសាស្ត្រាចារ្យ នៃវិជ្ជាស្ថានពុទ្ធសាសនាខ្មែរ នៅទីក្រុងព្រែកឫស្សី  និងជា
អ្នកនាំពាក្យសហព័ន្ធខ្មែរកម្ពុជាក្រោម
អ៊ីមែល៖ tranthachdung9@gmail.com

Source link

x

Check Also

​បែកធ្លាយ​រឿង​ដល់ក ! ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​មានការ​តែងតាំង​នាយ​អាវុធហត្ថ​នៃ​កងយោធពល​ខេមរភូមិន្ទ​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ ដោយ​គ្មាន​អត្តលេខ​

​ជា​រឿង​ហួសចិត្ត​ឥតឧបមា​នៅពេល​ដឹងថា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ...

ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិថ្វាយលិខិតជូនព្រះមហាក្សត្រពាក់ព័ន្ធនឹងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ

Source link