តុលាការ​មិន​ឲ្យ​លោក សម រង្ស៊ី ផ្ទេរ​សិទ្ធិ​ទៅ​មេធាវី​ដើម្បី​ចូល​ឆ្លើយ​បំភ្លឺ​បណ្ដឹង​របស់​មេដឹកនាំ​កង​ទ័ព

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៥។ RFA

ដោយ អាស៊ីសេរី RFA 2018-01-11

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មករា មិន​បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ទេ ​ក្នុង​បណ្ដឹង​របស់​ប្រមុខ​កងទ័ព​កម្ពុជា។

មេធាវី​ការពារ​ក្ដី​របស់​លោក សម រង្ស៊ី គឺ​លោក សំ សុខគង់ មាន​ប្រសាសន៍​ថា ដោយសារ​លោក សម រង្ស៊ី កំពុង​មាន​បេសកកម្ម​នៅ​ប្រទេស​បារាំង ដូច្នេះ​កូនក្ដី​របស់​លោក​បាន​ផ្ទេរ​សិទ្ធិ​ឲ្យ​លោក​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ជំនួស ប៉ុន្តែ​តុលាការ​មិន​ទទួល​យក​ការ​សុំ​ផ្ទេរ​សិទ្ធិ​ឲ្យ​មេធាវី​នេះ​ទេ ព្រោះ​ថា ជា​រឿង​ព្រហ្មទណ្ឌ។

លោក​បន្ត​ថា មេធាវី​ដើម​បណ្ដឹង​មាន​តែ​វីដេអូ​ឃ្លីប (Video clip) ដែល​យក​ចេញ​ពី​ការ​ថ្លែង​របស់​លោក សម រង្ស៊ី ​តាម​បណ្ដាញ​សង្គម និង​គ្មាន​ភស្តុតាង​អ្វី​ជា​ដុំ​កំភួន​ក្នុង​ការ​ដាក់​បន្ទុក​មក​លើ​កូន​ក្ដី​របស់​លោក​នោះ​ទេ។ លោក សំ សុគង់ ថ្លែង​ថា ​តុលាការ​គួរ​ពិចារណា​លើ​បណ្ដឹង​បែប​នេះ៖ «ក្រុម​មេធាវី​ការពារ​ឲ្យ​ឯកឧត្ដម សម រង្ស៊ី នេះ ក៏​ស្នើ​សុំ​ទៅ​តុលាការ​ថត (Copy) សំណុំ​រឿង​ដើម្បី​សិក្សា និង​រក​ភស្តុតាង​ដោះ​បន្ទុក​វិញ​នៅ​ពេល​អនាគត»។

ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៧ បាន​ចេញ​ដីកាកោះ​អញ្ជើញ​លោក សម រង្ស៊ី ក្នុង​ឋានៈ​ជា​ជនសង្ស័យ​ឲ្យ​ចូល​បំភ្លឺ​នៅ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨ ដើម្បី​សាកសួរ​តាម​បណ្ដឹង​របស់​មេធាវី​ឈ្មោះ វង្ស ភក្ដី ជា​មេធាវី​តំណាង​របស់​អគ្គបញ្ជាការដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ ដែល​ប្ដឹង​លោក​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ ពាក់ព័ន្ធ​រឿង​កុំ​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ស្ដាប់​បង្គាប់​មេ​កើយ​ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​​ធ្វើ​ឲ្យ​ខូច​ទឹក​ចិត្ត​កងទ័ព និង​ប្រមាថ​កងទ័ព។ បទ​ចោទ​នេះ គឺ​ផ្អែក​លើ​សេចក្ដី​ថ្លែងការណ៍​របស់​​លោក សម រង្ស៊ី កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៧។

បន្ទាប់ពី​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ហៅ​លោក សម រង្ស៊ី ឲ្យ​ចូល​បំភ្លឺ លោក​បាន​បន្ត​អំពាវនាវ​ដល់​កងកម្លាំង​ប្រដាប់​អាវុធ កុំ​ឲ្យ​ស្ដាប់​តាម​បញ្ជា​របស់​ជន​ផ្ដាច់ការ ប្រសិនបើ​ជន​នោះ​បញ្ជា​ឲ្យ​បាញ់​ប្រហារ​ពលរដ្ឋ​ស្លូត​ត្រង់​ ដែល​ក្រោក​ទាមទារ​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ។

ឆ្លើយ​តប​នឹង​ដីកា​កោះ​របស់​លោក សៀង សុខ ​ព្រះរាជអាជ្ញា​រង​ក្រុង​ភ្នំពេញ លោក សម រង្ស៊ី បាន​សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក (Facebook) របស់​លោក​ថា លោក​នៅ​តែ​យល់​ឃើញ​ថា កងកម្លាំង​ប្រដាប់​អាវុធ​របស់​ជាតិ មាន​តួនាទី និង​ភារកិច្ច​គ្រាន់​តែ​ការពារ​ទឹកដី​ប្រទេស​កម្ពុជា ក្នុង​ករណី​មាន​បរទេស​ឈ្លាន​ពាន​តែប៉ុណ្ណោះ៕

Source link

x

Check Also

Dy Vichea promoted to deputy police chief

លោក​ឧត្តមសេនីយ៍ឯក ឌី វីជ្ជា ដែល​ទើប​ក្លាយ​ជា​អគ្គស្នងការរង​នគរបាល​ជាតិ​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ...

សង្គម​ក្រៅរដ្ឋាភិបាលអាមេរិក​​ លើក​ទឹកចិត្ត​សង្គមក្រៅរដ្ឋាភិបាល​ខ្មែរ​ឲ្យ​ជម្នះ​ការ​គាប​សង្កត់ ​ដើម្បី​សេរីភាព

រូបឯកសារ៖ ប៉ូលិសត្រូវបានដាក់ពង្រាយ ខណៈមានការតវ៉ានៅមុខព្រឹទ្ធសភាប្រឆាំងនឹងការអនុម័ត លើសេចក្តីព្រាងច្បាប់ស្តីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី២៤ ...