ឈ្មួញ​៣​នាក់​កំពុង​បន្ត​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ យ៉ាង​ពេញបន្ទុក​

លោក អ៊ឹម សា​វរិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ត្រូវបាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុងស្រុក​ត្រពាំង​ប្រាសាទ រិះគន់ថា​ជា​អ្នក​បណ្ដោយ​ឲ្យ​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​កើតឡើង​យ៉ាង​អនាធិបតេយ្យ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ អំពើពុករលួយ​របស់​លោក អ៊ឹម សា​វរិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ និង​មន្ត្រីក្រោមឱវាទ​កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏ដូចជា​លោក អ៊ុង សំអាត ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម មិនគួរ​មើលរំលង​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​ម​ន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តឧត្ដរមានជ័យ តទៅទៀត​ទេ​។

ប្រភពពី​សមត្ថកិច្ច​មូល​ដ្ឋា​ន​ក្នុងស្រុក​ត្រពាំង​ប្រាសាទ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នៅ​ចំណុច​ភូមិ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ ដោយសារតែ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ដែល​ឈរជើង​ចាំ​ទិញ​ឈើ​នៅ​ចំណុច​ភូមិ​ត្រាំ​ប៉ោង មានឈ្មោះ តា​ប៉ាវ ហើយ​ឈ្មួញ​ម្នាក់នេះ​លក់​ឈើ​ទៅ​ឲ្យ​ឈ្មួញ​២​នាក់​ទៀត​ឈ្មោះ រិ​ទ្ធ និង​ឈ្មោះ ឆាយ ដែល​ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​ស្រុក​ត្រពាំង​ប្រាសាទ ចូលទៅ​ក្រុង​សំរោង និង​ចូលទៅ​ខេត្តបន្ទាយមានជ័យ ច្រើន​ឆ្នាំ​មកហើយ​។ ឈ្មួញ​ទាំង​៣​នាក់​ខាងលើនេះ​នៅតែ​អាច​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ត្រពាំង​ប្រាសាទ យ៉ាង​រលូន​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។

​តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា​ក្រៅពី​ដឹកជញ្ជូន​ឈើ​ចូលទៅ​ក្រុង​សំរោង និង​ចូលទៅ​ខេត្តបន្ទាយមានជ័យ គឺ​ឈ្មួញ​ឈ្មោះ តា​ប៉ាវ ឈ្មោះ រិ​ទ្ធ និង​ឈ្មោះ ឆាយ កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទៅ​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​ស្រុក​វ៉ារិន ខេត្តសៀមរាប ផងដែរ​។ ការដែល​ឈ្មួញ​ទាំង​៣​នាក់​នេះ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អ៊ឹម សា​វរិ​ទ្ធ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ និង​មន្ត្រីក្រោមឱវាទ ព្រមទាំង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅក្នុង​ស្រុក​វ៉ារិន ខេត្តសៀមរាប​ផងដែរ​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ បាន​លើកឡើងថា នៅពេល​ពួកគាត់​ដឹកឈើ​ដឹកអុស​បន្តិចបន្តួច​តែងតែ​ត្រូវ​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​ដោយ​គ្មាន​ការយោគយល់​ឡើយ​។ ប៉ុន្តែ​នៅពេលដែល​ឈ្មួញ​៣​នាក់​ខាងលើ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុប​ចំណុះ​រាប់សិប​ម៉ែត្រគូប​ឬ​រាប់សិប​តោន មិនឃើញ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងនោះ​ចាត់វិធានការ​បង្ក្រាប​ពួកគេ​ឡើយ ហើយ​បណ្ដោយ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​៕

154 155 156 26756755_2006714539552238_311188060030973058_o 26239869_2006714472885578_4915661167899810105_n

Source link

x

Check Also

ឥទ្ធិពល​ឪពុកក្មេក ធ្វើ​ឲ្យ​លោក ជូ កុល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​

​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ មួយចំនួន​បាន​ឲ្យ​ដឹងថា ដោយសារ​អាង​ឥទ្ធិពល​ឪពុកក្មេក​របស់ខ្លួន​ឈ្មោះ ឈុំ សុជាតិ ...

​បញ្ជូន​ក្រុម​ចាប់ជំរិត​តាម Internet ទាំង​៣៣​នាក់​ទៅ​តុលាការ​

​រាជធានី​ភ្នំពេញ ៖ ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ Internet ដែល​ជា​ជនជាតិ​ចិនតៃវ៉ាន់ ...