ឈើ​​ក្រុមហ៊ុន​​​​លោក​​​ គិត ម៉េង ត្រូវបាន​​​ចាប់​​​នៅជិត​​​ព្រំដែន​​​វៀត​​​ណាម

អាជ្ញាធរពិនិត្យរថយន្តដឹកឈើដែលសង្ស័យថាបានដឹកឈើដោយគ្មានអាជ្ញាប័ណ្ណ ក្នុងខេត្តត្បូងឃ្មុំក្បែរព្រំដែនវៀតណាម កាលពីថ្ងៃសុក្រ។ Fresh News

ដោយ អូន ភាព | ថ្ងៃច័ន្ទ ទី 3 ខែមេសា ឆ្នាំ 2017, ខេមបូឌា ដេលី

អាជ្ញាធរខេត្តត្បូងឃ្មុំបានចាប់រថយន្តពីរគ្រឿងបម្រុងនឹងបំពានបម្រាមរបស់រដ្ឋាភិបាល មិនឱ្យនាំឈើចេញទៅប្រទេសវៀតណាមដោយដឹកឈើឆ្លងព្រំដែនឱ្យក្រុមហ៊ុនមួយដែលគ្រប់គ្រងដោយអ្នកឧកញ៉ា គិត ម៉េង។

លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍កាលពីម្សិលមិញថា មន្ត្រីគយ និងមន្ត្រីកងរាជអាវុធហត្ថខេត្តបានឃាត់រថយន្តដឹកឈើពេញទាំងពីរគ្រឿងនេះចម្ងាយប្រហែលពីរទៅបីគីឡូម៉ែត្រពីច្រកព្រំដែនទន្លេចាម កាលពីថ្ងៃសុក្រ ដោយសង្ស័យថា រថយន្តទាំងពីរគ្រឿងនេះដឹកឈើដោយគ្មានអាជ្ញាប័ណ្ណ។

ឧត្ដមសេនីយ៍ទោ អេង ហ៊ី មានប្រសាសន៍ថា ក្រុមហ៊ុន Ang and Associates Lawyers ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុបរបស់លោក គិត ម៉េង បានបង្ហាញលិខិតអនុញ្ញាតដែលចេញដោយរដ្ឋាភិបាលដល់មន្ត្រីគយនៅថ្ងៃបន្ទាប់អំពីសិទ្ធិដឹកឈើពីខេត្តស្ទឹងត្រែង កន្លែងដែលគេកាប់រានដើម្បីសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ជាគម្រោងរួមគ្នារវាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងក្រុមហ៊ុនហាយដ្រូឡានកាង អិុនធើណេសិនណល អ៊ែនណើជីរបស់ចិន។

លិខិតអនុញ្ញាតនេះអនុញ្ញាតឱ្យក្រុមហ៊ុន Ang and Associates ប្រើរថយន្តពីរគ្រឿងដឹកឈើចេញពីកន្លែងសាងសង់ទំនប់វារីអគ្គិសនីនេះ ដោយរថយន្តនីមួយៗដឹកឈើប្រភេទលេខ១ ចំណុះក្រោម១៨ម៉ែត្រគូប។ លិខិតនេះមិនបានអនុញ្ញាតឱ្យក្រុមហ៊ុននេះដឹកឈើទៅប្រទេសវៀតណាមទេ ដែលត្រូវបានហាមឃាត់ជាផ្លូវការមិនឱ្យនាំឈើចេញពីកម្ពុជាចាប់តាំងពីខែមករា ឆ្នាំ២០១៦មក។

ឧត្ដមសេនីយ៍ទោ អេង ហ៊ី បានមានប្រសាសន៍ថា ”កងរាជអាវុធហត្ថខេត្តបានរាយការណ៍ប្រាប់យើងថា រថយន្តទាំងពីរគ្រឿងនេះដឹកឈើទៅប្រទេសវៀតណាម។ ខ្ញុំមិនប្រាកដថាតើរថយន្តទាំងពីរគ្រឿងនេះដឹកឈើខុសច្បាប់ឬយ៉ាងណានោះឡើយ ពីព្រោះមន្ត្រីរបស់យើងកំពុងធ្វើការផ្ទៀងផ្ទាត់ឯកសារជាមួយនឹងឈើនៅលើរថយន្តទាំងពីរគ្រឿងនេះ”។

ទាំងអ្នកបើកបរ តំណាងក្រុមហ៊ុន ឬតំណាងផ្សេងៗទៀតដែលបានយកលិខិតអនុញ្ញាតបង្ហាញដល់ក្រុមមន្ត្រី មិនត្រូវបានឃាត់ខ្លួនឡើយ។

អាជ្ញាធរពិនិត្យរថយន្តដឹកឈើដែលសង្ស័យថាបានដឹកឈើដោយគ្មានអាជ្ញាប័ណ្ណ ក្នុងខេត្តត្បូងឃ្មុំក្បែរព្រំដែនវៀតណាម កាលពីថ្ងៃសុក្រ។ Fresh News

នៅពេលទាក់ទងតាមទូរស័ព្ទកាលពីម្សិលមិញ លោក គិត ម៉េង បានបដិសេធមិននិយាយជាមួយអ្នកយកព័ត៌មានទេ។ ក្រុមហ៊ុន Ang and Associates មិនអាចទាក់ទងបានឡើយ។

លោក ចាន់ តារា ជំនួយការលោក ហ៊ាង សុភក្ត្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា អ្នកបើកបររថយន្តទាំងពីរគ្រឿងបានប្រាប់មន្ត្រីទាំងនោះពីគោលដៅដែលដឹកឈើទៅនៅពេលរថយន្តរបស់ពួកគេត្រូវបានឃាត់។

លោកបានថ្លែងថា “ព្រះរាជអាជ្ញាបានបញ្ជាឱ្យកងរាជអាវុធហត្ថខេត្តឃាត់រថយន្តទាំងពីរគ្រឿងនេះ ពីព្រោះរថយន្តទាំងនេះកំពុងត្រៀមបើកឆ្លងព្រំដែន។អ្នកបើកបរបានប្រាប់មន្ត្រីគយថា ពួកគេបានដឹកឈើនេះឱ្យក្រុមហ៊ុនAng abd Associatesហើយថា ឈើនេះនឹងដឹកទៅប្រទេសវៀតណាម។

បើទោះជារដ្ឋាភិបាលបានសាទរអំពីបម្រាមមិនឱ្យនាំឈើចេញថាជាជោគជ័យក៏ដោយ ក៏ទិន្នន័យគយវៀតណាមទទួលបានពីអង្គការ Forestry Trends ជាអង្គការមិនមែនរដ្ឋាភិបាលរបស់អាមេរិកបង្ហាញថា ឈើនិងឈើអារមួយនៅតែបន្តឆ្លងកាត់ព្រំដែនក្នុងចំនួនដ៏ច្រើនដដែល។ បើតាមទិន្នន័យរបស់ពួកគេ កម្ពុជាបាននាំចេញឈើ និងឈើអាររួចជាង៣១០.០០០ម៉ែត្រគូបទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ២០១៦ ដោយគិតជាទឹកប្រាក់សរុប១៨១លានដុល្លារ។

ក្រុមហ៊ុនរបស់លោក គិត ម៉េង បានរងការចោទប្រកាន់ពីសំណាក់អង្គការមិនមែនរដ្ឋាភិបាល និងអ្នកភូមិក្នុងខេត្តស្ទឹងត្រែងថាបានប្រើប្រាស់ទំនប់វារីអគ្គិសនីដើម្បីចាប់ផ្ដើមការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់នៅក្រៅតំបន់អនុញ្ញាត។

គេជឿថាលោក គិត ម៉េង ជាមនុស្សម្នាក់ក្នុងចំណោមអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភក្នុងប្រទេសកម្ពុជា ហើយតែងតែបានអមដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅទស្សនកិច្ចក្រៅប្រទេសដើម្បីផ្សព្វផ្សាយពីឱកាសវិនិយោគដ៏ប្រសើរ៕ សារុន

Source link

x

Check Also

PM warns ‘talkative’ government spokespeople

Prime Minister Hun Sen speaks ...

National Assembly passes election law amendments to allow CNRP seat distribution

Prime Minister Hun Sen signs ...