Don't Miss

"ជម្លោះ​កម្ពុជា​មិន​អាច​ដោះស្រាយ​បានទេ​បើ​បក្ស​​ទាំង​ពីរ​ពឹង​​មហា​អំណាច​រៀងៗ​ខ្លួន"

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ (ឆ្វេង) លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ថ្លែង​ទៅ​កាន់​អ្នកកាសែត​នៅ​វិមាន​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី៩ ខែ​មេសា ឆ្នាំ​២០១៥។ RFA/Tin Zakariya

ដោយ ទីន ហ្សាការីយ៉ា RFA 2017-12-17

រដ្ឋាភិបាល​កម្ពុជា​កំពុង​ត្រូវ​បាន​ប្រទេស​លោក​សេរី​ខាងលិច និង​កុម្មុយនិស្ត​ចិន ប្រទាញប្រទង់​ដណ្ដើម​គ្នា ដើម្បី​ធ្វើជា​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន។ ខណៈ​អាមេរិក​ចង់​បាន​កម្ពុជា​ដើម្បី​ពង្រឹង​ឥទ្ធិពល​នៅ​អាស៊ីអាគ្នេយ៍ ហើយ​មេដឹកនាំ​កម្ពុជា​កំពុង​ងាក​ទៅ​រក​កុម្មុយនិស្ត​ចិន​ដោយសារតែ​ជំនួយ​គ្មាន​ចំណង។

អ្នក​ជំនាញ​កិច្ចការ​បរទេស​ព្រមាន​ថា បើសិនជា​រដ្ឋាភិបាល​សម្រេច​ងាក​ទៅ​ចាប់​មហា​យក្ស​ចិន​ទាំងស្រុង​នោះ កម្ពុជា​នឹង​មាន​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ ហើយ​ចលនា​បះបោរ​ប្រឆាំង​រដ្ឋាភិបាល ពី​ម្ចាស់​ឆ្នោត ក៏​នឹង​អាច​កើតមានឡើង​ជាមិនខាន។

អ្នក​ជំនាញ​ខាង​កិច្ចការ​បរទេស​លើក​ឡើង​ថា ជម្លោះ​នយោបាយ​នៅ​កម្ពុជា មិន​អាច​ដោះស្រាយ​បញ្ចប់​បានទេ បើសិនជា​មេដឹកនាំ​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង ពឹង​ផ្អែកលើ​ប្រទេស​មហាអំណាច​លោក​ខាង​លិច និង​មហាអំណាច​កុម្មុយនិស្ត​ចិន​នោះ លុះ​ណា​មេដឹកនាំ​ទាំង​ពីរ​ងាក​មក​រក​តុ​ចរចា​រវាង​ខ្មែរ នឹង​ខ្មែរ។

អ្នកស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​អាយស៊ីស ( ISEAS-Yusof Ishak Institute) លោក ឈាង វណ្ណារិទ្ធិ និង​ជា​អ្នក​ជំនាញ​ខាង​កិច្ចការ​បរទេស មានប្រសាសន៍ថា ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​មាន​ភូមា និង​ថៃ ក៏​ជា​ប្រទេស​ដែល​មិន​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​មិន​ច្បាស់លាស់​ដែរ​កន្លងមក ក៏​ប៉ុន្តែ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​មិន​មាន​ប្រតិកម្ម​នឹង​ការប្រកាស​ដាក់ទណ្ឌកម្ម​ខ្លាំងក្លា​ដូច​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ទេ។ លោក​បញ្ជាក់​ថា ការ​ប្រកាស​របស់​អាមេរិក និង​សហគមន៍​អាមេរិក ពី​ការ​ដាក់​ទណ្ឌកម្ម​បិទ​វីសា និង​ការប្រកាស​របស់​សភា​សហភាព​អឺរ៉ុប​បញ្ឈប់​អនុគ្រោះ​ពន្ធ​មក​កាន់​ទីផ្សារ​អឺរ៉ុប​ទាំង ២៧​ប្រទេស និង​អាមេរិក​នោះ ក៏​ព្រោះតែ​ប្រទេស​មហាអំណាច​លោក​ខាង​លិច​ទាំងនេះ មិន​ចង់​ឲ្យ​កម្ពុជា​ក្លាយ​ជា​កូន​នាគ​របស់​ចិន​ផ្ដាច់មុខ។ «»

សភា​អឺរ៉ុប​កាលពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ បាន​បោះឆ្នោត​ដោយ​ឯកច្ឆន្ទ​លើ​សេចក្ដី​សម្រេច​ចាត់វិធានការ​ទណ្ឌកម្ម​ធ្ងន់ៗ លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែល​រំលោភ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា។ ក្នុង​សេចក្ដី​សម្រេច​នេះ គឺ​សភា​អឺរ៉ុប ស្នើ​ឲ្យ​រដ្ឋាភិបាល​សហគមន៍​អឺរ៉ុប​ទាំងអស់ ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា រួម​ទាំង​ការនាំចេញ​ផលិតផល​ពី​វិស័យ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង និង​ទំនិញ​ដទៃ​ទៀត​ជា​បណ្ដោះអាសន្ន​សិន។ សេចក្ដី​សម្រេច​នេះ​សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ត្រូវ​ចងចាំ​ថា កិច្ចព្រមព្រៀង​នៃ​ការ​អនុគ្រោះ​ពន្ធ​នាំចេញ​ផលិតផល​ពី​កម្ពុជា ទៅកាន់​ទីផ្សារ​អឺរ៉ុប​នេះ អាច​បន្ត​ទៅ​ទៀត​បាន​តែ​ក្នុង​ករណី​ដែល​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​តែប៉ុណ្ណោះ។

លើស​ពី​នេះ​ទៅ​ទៀត ស្ថាប័ន​កិច្ចការ​បរទេស​សហភាព​អឺរ៉ុប​នៅ​ក្រៅ​ប្រទេស​ទាំងអស់ រួម​ទាំង​គណៈកម្មការ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​ផង ត្រូវ​រៀបចំ​បញ្ជី​ឈ្មោះ​ជន​ទាំងឡាយ​ដែល​ចូល​ដៃ​ក្នុង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ដើម្បី​បង្កក​ទ្រព្យសម្បត្តិ និង​ហាមឃាត់​មិន​ឲ្យ​ចូល​សហគមន៍​អឺរ៉ុប និង​បង្គាប់​ឲ្យ​ប្រធាន​សភា​អឺរ៉ុប បញ្ជូន​សេចក្ដី​សម្រេច​នេះ​ទៅ​គណៈកម្មការ ក្រុមប្រឹក្សា ស្ថាប័ន​កិច្ចការ​បរទេស​សហភាព​អឺរ៉ុប នៅ​ក្រៅ​ប្រទេស​ទាំងអស់ រដ្ឋ​ជា​សមាជិក​រដ្ឋាភិបាល និង​រដ្ឋសភា​កម្ពុជា និង​រដ្ឋាភិបាល​ប្រទេស​អាស៊ាន​ទាំងអស់​ដែរ។

ឆ្លើយតប​នឹង​ការសម្រេច​នេះ លោក ហ៊ុន សែន ថ្លែង​ហាក់​មិន​ខ្វល់​ពី​ការ​ដាក់​សម្រេច​ដាក់ទណ្ឌកម្ម​នេះ​ឡើយ។ លោក ហ៊ុន សែន អះអាង​ថា លោក មិន​មាន​ជំនឿ​ថា ការ​សម្រេច​របស់​សភា​អឺរ៉ុប​នេះ មិន​អាច​ចាប់​បង្ខំ​ឲ្យ​រដ្ឋាភិបាល​អឺរ៉ុប​អនុវត្ត​បាន​ដែរ។ «»

លោក ឈាង វណ្ណារិទ្ធិ បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន អាង​មហាអំណាច​កុម្មុយនិស្ត​ចិន​នៅ​ពី​ក្រោយខ្នង ដែល​ប្រកាស​ជំហរ​មិន​អើពើ​ទៅ​នឹង​ការប្រកាស​ដាក់ទណ្ឌកម្ម​ទាំងឡាយ​របស់​សហគមន៍​អឺរ៉ុប និង​អាមេរិក​នោះ។ លោក​បាន​ហៅ​ការ​ធ្វើ​នយោបាយ​របស់​មេដឹកនាំ​ខ្មែរ ជា​ការ​ធ្វើ​នយោបាយ​ប្រើ​អារម្មណ៍​ជាង​ប្រើ​យុទ្ធសាស្ត្រ។ «»

អ្នក​ជំនាញ​សេដ្ឋកិច្ច អះអាង​ថា រដ្ឋាភិបាល​អឺរ៉ុប នឹង​អាច​អនុវត្ត​តាម​ការ​ស្នើ​សុំ​របស់​សភា​សហភាព​អឺរ៉ុប ដរាបណា​លោក ហ៊ុន សែន មិន​ងាក​មក​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ទេ​នោះ។ ហើយ​បើសិន​ជា​សហភាព​អឺរ៉ុប ដាក់​សម្រេច​ដាក់ទណ្ឌកម្ម​មែន​នោះ រដ្ឋាភិបាល​កម្ពុជា​នឹង​ប្រឈម​បញ្ហា​ជាច្រើន ពិសេស​កម្មករ​រោងចក្រ​ជិត ១​លាន​នាក់ នឹង​បាត់បង់​ការងារ​ធ្វើ។ ក្រៅ​ពី​នេះ​ទៀត អឺរ៉ុប​ក្រៅពី​ទីផ្សារ​សំលៀកបំពាក់​នោះ ក៏​មាន​ទីផ្សារ​អង្ករ​របស់​កម្ពុជ​ដែរ។ ចំពោះ​ក្រុម​ឈ្មួញ​របស់​កម្ពុជា​ដែល​ជា​មនុស្ស​ជិត​ស្និត​របស់​រដ្ឋាភិបាល​ក៏​ធ្វើ​ជំនួញ​នៅ​អឺរ៉ុប ដែល​មាន​ទឹកប្រាក់​ប្រមាណ ៧​ពាន់​លាន​ដុល្លារ ក្នុង​មួយឆ្នាំៗ ជាដើម។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ នយោបាយ លោក ហេង ស្រ៊ាង មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន មើលស្រាល​សភា​សហភាព​អឺរ៉ុប​មិន​បានទេ ព្រោះ​សភា​សហភាព​អឺរ៉ុប​​មាន​ឥទ្ធិពល​ទៅលើ​រដ្ឋាភិបាល មិនមែន​ដូច​សភា​កម្ពុជា​ដែល​នៅ​ក្រោម​ឥទ្ធិពល​រដ្ឋាភិបាល​នោះ​ឡើយ។ «»

ក្រៅ​ពី​នេះ​ទៀត ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ខាងមុខនេះ នឹង​បើក​កិច្ចប្រជុំ​មួយ ស្ដីពី​បញ្ហា​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ នៅ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៅ​បុរី​ញ៉ូវយក ក្នុង​នោះ​ក៏​មាន​ការចូលរួម​ពី​ប្រទេស​ជប៉ុន និង​បណ្ដា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ដែរ។

គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​ដែល​លោក ហ៊ុន សែន រំលាយ​គណបក្សសង្គ្រោះជាតិ​នោះ គឺ​សហគមន៍​អន្តរជាតិ បាន​ដាក់​ទណ្ឌកម្ម លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​បន្តបន្ទាប់​ដែរ ដូចជា នៅមុន​ចេញ​សេចក្ដី​សម្រេច​ដាក់ទណ្ឌកម្ម​បន្ថែម​របស់​សភា​សហភាព​អឺរ៉ុប សហភាព​អឺរ៉ុប ទើបតែ​បាន​កាត់​ផ្ដាច់​ជំនួយ​ទាំងអស់​ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប)។ ចំណែក​ឯ​សហរដ្ឋអាមេរិក​វិញ ដែល​បាន​កាត់​ផ្ដាច់​ជំនួយ​ផ្នែក​បោះឆ្នោត​នេះ​ដែរ ក៏​ពន្លឿន​ចំណាត់​ការ​ដាក់ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​កម្ពុជា បន្ថែម​ទៀត​ដែរ។ ក្រោយ​កាត់​ផ្ដាច់​ជំនួយ​ផ្នែក​បោះឆ្នោត ជំហាន​បន្ទាប់​មក​ទៀត គឺ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​សម្រេច​បិទ​ទិដ្ឋាការ​ដល់​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​គ្រួសារ ដែល​មាន​ជាប់​ពាក់ព័ន្ធ​ការរំលោភ​សិទ្ធិមនុស្ស និង​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ មិន​អោយ​ជាន់​ដី​សហរដ្ឋអាមេរិក។ ឥឡូវនេះ សហរដ្ឋអាមេរិក កំពុង​ស្រង់​បញ្ជី​ឈ្មោះ​បុគ្គល មន្ត្រី​រដ្ឋាភិបាល និង​ក្រុមហ៊ុន​សាជីវកម្ម ដើម្បី​ឈាន​ទៅ​បង្កក និង​រឹបអូស​ទ្រព្យសម្បត្តិ និង​បញ្ឈប់​កិច្ចសន្យា​ពាណិជ្ជកម្ម ព្រមទាំង​ផ្អាក​ការ​អនុគ្រោះ​ពន្ធ​នាំចេញ​ផលិតផល​ពី​កម្ពុជា ទៅ​ទីផ្សារ​អាមេរិក​ដែរ។

ទាំង​អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ ទាំង​ជំនាញ​ខាង​កិច្ចការ​បរទេស លើកឡើង​ដូចគ្នា ទោះបីជា​រដ្ឋាភិបាល​អះអាង​ថា រដ្ឋាភិបាល​មិន​ខ្វល់​ពី​ប្រទេស​មហាអំណាច​ខាងលិច ដោយ​រដ្ឋាភិបាល​ធ្លាប់​បាន​ដឹកនាំ​ប្រទេស​ដែល​ត្រូវ​ហ៊ុំ​ព័ន្ធ​សេដ្ឋកិច្ច​នៅ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ក្ដី ប៉ុន្តែ​សម្រាប់​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​មានការ​យល់ដឹង ពិសេស​ក្រុម​យុវជន​ដែល​អាច​នឹង​មិន​គាំទ្រ​ការសម្រេចចិត្ត​របស់​រដ្ឋាភិបាល នៅ​ពេល​នោះ វិបត្តិ​សេដ្ឋកិច្ច និង​ភាព​ចលាចល​ក្នុង​សង្គម ផ្ទុះ​ការ​តវ៉ា​ង​ប្រឆាំង​និង​រដ្ឋាភិបាល​លោក ហ៊ុន សែន នឹង​កើតឡើង​ជាមិនខាន៕

Source link

x

Check Also

Reader: ថ្ងៃនេះតុលាការអាយ៉ងហៅឈឹម ផលវរុណឲ្យឆ្លើយដាក់លោក កឹមសុខា ស្អែកអ្នកដែលធ្លាប់ធ្វើការជាមួយគាត់ទាំងអស់

Source link

Did you get yours? It's deadly this year!

(by Chou Lenag Hak) Be ...