ក្រុម​ការងារ​កែ​រដ្ឋធម្មនុញ្ញ​នឹង​ជួប​ប្រជុំ​គ្នា​នៅ​សប្ដាហ៍​ក្រោយ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ប្រចាំ​ឆ្នាំ​២០១៦ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៧ នៅ​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០១៧។Photo: RFA

ដោយ តាំង សារ៉ាដា RFA 2018-01-04

ក្រុមការងារ​កែ​រដ្ឋធម្មនុញ្ញ​ដែល​ដឹកនាំ​ដោយ​លោក ស ខេង ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ជួប​ជជែក​គ្នា​នៅ​សប្ដាហ៍​ក្រោយនេះ។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​អាស៊ីសេរី​ថ្ងៃ​ទី​៤ ខែ​មករា​នេះ​ថា គម្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ជា​រឿង​ចាំបាច់​ត្រូវតែ​ធ្វើ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានការណ៍​នយោបាយ​សព្វថ្ងៃ។ ប៉ុន្តែ​អ្នកវិភាគ​នយោបាយ​ជើងចាស់​យល់​ថា រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ដែល​កំពុង​មាន​ស្រាប់​គឺ គ្រប់គ្រាន់​ហើយ​មិន​ចាំបាច់​កែប្រែ​បន្ថែម​ទេ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រាប់​ថា ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​គឺ​ធ្វើ​ច្រើន​ចំណុច​ក្នុង​ពេល​តែមួយ។ លោក​មិនទាន់​ប្រាប់​លំអិត​ថា ជំនួប​ក្រុមការងារ​របស់​គណបក្ស ប្រជាជន​កម្ពុជា​នៅ​សប្ដាហ៍​ក្រោយ​នឹង​លើក​យក​អ្វី​មក​ជជែក​ទេ លោក​គ្រាន់តែ​ប្រាប់​ថា ការ​កែ​ច្បាប់​កំពូល​របស់​កម្ពុជា​នេះ​មាន​ចំណុច សំខាន់ៗ​ពីរ គឺ​ដាក់ទោស​ជន​ណា​ដែល​ប្រមាថ​ព្រះមហាក្សត្រ និង​ចំណុច​សំខាន់​មួយទៀត​នោះ ដើម្បី​បង្ការ​មិន​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ស្រុក និង​បរទេស​ធ្វើ​សកម្មភាព​ទាំងឡាយ​ណា​ដែល​អាច​ប៉ះពាល់​ដល់​ផលប្រយោជន៍​កម្ពុជា។ «»

កាលពី​ចុង​ឆ្នាំ​២០១៧ លោក ហ៊ុន សែន ចាត់​លោក ស ខេង ដែល​ជា​អនុប្រធាន​របស់​លោក​ធ្វើ​មេក្រុម​របស់​ក្រុមការងារ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​មាន​សមាជិក​១២​រូប។ លោក ស ខេង បាន​ចាត់តាំង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា ជា​ប្រធាន​បច្ចេកទេស​ដើម្បី​រៀបចំ​តាក់តែង​សេចក្ដី​ព្រាង។

វិធានការ​ថ្មី​កែ​រដ្ឋធម្មនុញ្ញ​របស់​ក្រុម​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​នេះ គឺ​ក្រោយ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ចោល និង​ហាម​មិន​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​នេះ​ចំនួន ១១៨​នាក់ ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ។ ប៉ុន្តែ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ធំ រួម​ទាំង​កូនស្រី​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា នៅតែ​បន្ត​សកម្មភាព​នយោបាយ​នៅ​ក្រៅ​ប្រទេស និង​ស្នើ​ទៅ​អង្គការសហប្រជាជាតិ​ឲ្យ​ព្យួរ​អាសនៈ​របស់​រដ្ឋាភិបាល​កម្ពុជា​នៅ​អង្គការសហប្រជាជាតិ​ថែម​ទៀត​ផង។

លោក ស ខេង លើក​ឡើង​ថា គម្រោង​កែ​រដ្ឋធម្មនុញ្ញ​នេះ គឺ​សំដៅ​ដាក់​វិធានការ​ចំពោះ​កូនស្រី​ច្បង​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោវិទ្យា។ លោក​ថា កញ្ញា កឹម មនោ​វិទ្យា បាន​ប្រៀប​ធៀប​កម្ពុជា​ទៅ​នឹង​ប្រទេស​មួយ​ចំនួន​ដែល​ពលរដ្ឋ​ប្រទេស​ទាំងនោះ​បាន​ធ្វើ​បដិវត្តន៍​ពណ៌​ជោគជ័យ​ទម្លាក់​រដ្ឋាភិបាល​ផ្ដាច់ការ​ចេញពី​អំណាច។

យ៉ាង​ក៏ដោយ​ចុះ​កញ្ញា កឹម មនោវិទ្យា បាន​ឆ្លើយតប​តាមរយៈ​ការ​ផ្ដល់​បទ​សម្ភាសន៍​មក​អាស៊ីសេរី​ថា ការ​គំរាម​បន្ថែម​ពី​ក្រុម​លោក ហ៊ុន សែន នឹង​ធ្វើ​ឲ្យ​វិបត្តិ​នយោបាយ​កាន់តែ​ធ្លាក់​ចុះ​ថែមទៀត។ កញ្ញា​បន្ត​ថា ទោះ​មានការ​ព្រមាន​ជា​ថ្មី​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្ដី​ក៏​កញ្ញា​បន្ត​ស្នើសុំ​ទៅ​មជ្ឈដ្ឋាន​អន្តរជាតិ​ឲ្យ​បន្ត​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ជា​បន្ត​ទៀត។ «»

ចំណែក​អ្នកវិភាគ​យល់​ថា ការព្រមាន​ពី​ចំណាត់​ការ​ក្ដៅ​របស់​រដ្ឋាភិបាល​លើ​ក្រុម​គណបក្សប្រឆាំង​បែបនេះ​គឺ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​កាន់តែ​ផ្ដាច់ការ​ថែមទៀត។ អ្នកវិភាគ​នយោបាយ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា គម្រោង​កែ​រដ្ឋធម្មនុញ្ញ​នៅ​ពេល​នេះ គឺជា​ការ​លុបបំបាត់​និង​កាត់បន្ថយ​សិទ្ធិ​សេរី​របស់​ពលរដ្ឋ​កម្ពុជា។ លោក​បណ្ឌិត​បន្ត​ថា គម្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​កំពូល​កម្ពុជា​របស់​រដ្ឋាភិបាល គឺ​គ្រាន់តែ​ធ្វើ​ដើម្បី​ពង្រឹង អំណាច​របស់​ខ្លួន​ប៉ុណ្ណោះ។ «»

ទន្ទឹម​ដំណើរ​ការ​កែ​រដ្ឋធម្មនុញ្ញ​របស់​បក្ស​កាន់អំណាច កំពុង​ឆ្ពោះ​ទៅ​មុខ​មិន​ខ្វល់​ពី​មតិ​រិះគន់ មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ព្រមាន​ថា អាជ្ញាធរ​កម្ពុជា​នឹង​រង់ចាំ​ចាប់ខ្លួន​កញ្ញា កឹម មនោវិទ្យា កូនស្រី​លោក កឹម សុខា និង​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​ផ្សេងៗ​ទៀត ដែល​កំពុង​ធ្វើ​នយោបាយ​នៅ​ក្រៅ​ប្រទេស ប្រសិនបើ​ពួកគាត់​ហ៊ាន​ជិះ​យន្តហោះ​ត្រឡប់​មក​ជាន់​ទឹកដី​កម្ពុជា​វិញ​នៅ​ពេល​ណាមួយ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មិន​ទាន់​ហ៊ាន​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវការ​រយៈពេល​ប៉ុន្មាន​ទេ ដើម្បី​កែ​រដ្ឋធម្មនុញ្ញ​នេះ។ ប៉ុន្តែ​ការ​កែ​ច្បាប់​កន្លងមក​ឲ្យ​តែ​ជា​ការ​ចង់បាន​របស់​លោក ហ៊ុន សែន គឺ​ក្រុម​គណបក្ស​ប្រជាជន​កម្ពុជា​ប្រើ​ពេល​មិន​លើស​ពី​មួយ​ខែ​នោះ​ទេ​គឺ​អាច​កែ​ច្បាប់​បាន​ហើយ៕

Source link

x

Check Also

Dy Vichea promoted to deputy police chief

លោក​ឧត្តមសេនីយ៍ឯក ឌី វីជ្ជា ដែល​ទើប​ក្លាយ​ជា​អគ្គស្នងការរង​នគរបាល​ជាតិ​ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ...

សង្គម​ក្រៅរដ្ឋាភិបាលអាមេរិក​​ លើក​ទឹកចិត្ត​សង្គមក្រៅរដ្ឋាភិបាល​ខ្មែរ​ឲ្យ​ជម្នះ​ការ​គាប​សង្កត់ ​ដើម្បី​សេរីភាព

រូបឯកសារ៖ ប៉ូលិសត្រូវបានដាក់ពង្រាយ ខណៈមានការតវ៉ានៅមុខព្រឹទ្ធសភាប្រឆាំងនឹងការអនុម័ត លើសេចក្តីព្រាងច្បាប់ស្តីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃទី២៤ ...