ក្រុមហ៊ុន​វៀតណាម​ វិនិយោគ ​$២០០​ លាន​នៅ​បាវិត

អ្នក​ដំណើរ​កំពុង​ជិះ​ម៉ូតូ​កាត់​មុខ​កាស៊ីណូ​នៅ​ក្រុង​បាវិត ជាប់​ព្រំដែន​ជាមួយ​វៀត​ណាម​។ រូបថត ភ្នំពេញ ប៉ុស្តិ៍

Kali Kotoski  ភ្នំពេញ​ប៉ុស្តិ៍ Thu, 20 April 2017

ភ្នំពេញៈ ក្រុមហ៊ុន​វិនិយោគ​វៀតណាម ដែល​មិន​សូវ​ល្បី​ឈ្មោះ​គ្រោង​បង្កើត​ការ​អភិវឌ្ឍ​ចម្រុះ​ដ៏​ធំ​ក្នុង​តម្លៃ​ ២០០​ លាន​ដុល្លារ ដែល​រួម​មាន​សណ្ឋាគារ កាស៊ីណូ រមណីយដ្ឋាន និង​សួន​ទឹក​នៅ​ក្នុង​ក្រុង​បាវិត​ជាប់​ព្រំដែន​កម្ពុជា តាម​រយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ម៉ាឡេស៊ី​របស់​ខ្លួន​។ នេះ​បើ​តាម​មន្ដ្រី​រដ្ឋាភិបាល​បញ្ជាក់ ​កាលពី​ម្សិលមិញ​។

ដំណាក់​កាល​ដំបូង​នៃ​គម្រោង​នេះ មាន​ឈ្មោះ​ថា Empire World City នឹង​ត្រូវ​បាន​សាងសង់​លើ​ផ្ទៃ​ដី​ទំហំ​ប្រហែល​ ៥០​ ហិកតា ដឹក​នាំ​ដោយ​ក្រុមហ៊ុន Virtue Resources របស់​វៀតណាម ដែល​ប្រតិបត្តិការ​តាម​រយៈ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន VR Capital Holding Sdn. Bhd ជា​ក្រុមហ៊ុន​មួយ​ដែល​មាន​ចំណាប់​អារម្មណ៍​លើ​ការ​រុករក​រ៉ែ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី និង​ការ​អភិវឌ្ឍ​សណ្ឋាគារ​នៅ​កោះ​ត្រល់​។ នេះ​បើ​យោង​តាម​គេហទំព័រ​របស់​ក្រុមហ៊ុន​។

លោក រស់ ភីរុណ អនុ​ប្រធាន​នាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) បាន​បញ្ជាក់ ​កាលពី​ម្សិលមិញ​ថា គម្រោង​នេះ​ត្រូវ​បាន​ផ្ដល់​ការ​យល់​ព្រម​ដោយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ (MLMUPC) និង​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC)​រួច​ហើយ​។

លោក​ថ្លែង​ថា​៖ «​រដ្ឋាភិបាល​បាន​ផ្ដល់​ការ​យល់​ព្រម​ដល់​ពួក​គេ​ក្នុង​ការ​ចាប់​ផ្ដើម​ការ​សាងសង់​ពី​ការ​អភិវឌ្ឍ ហើយ​ក្រុមហ៊ុន​នឹង​ចាំបាច់​ត្រូវ​ទាក់ទង MEF នៅ​ពេល​ខ្លួន​ស្វែងរក​អាជ្ញាប័ណ្ណ​កាស៊ីណូ​»​។
លោក​បន្ថែម​ថា ក្រុមហ៊ុន​នេះ​មិន​ទាន់​ដាក់​ឯកសារ​អាជ្ញាប័ណ្ណ​កាស៊ីណូ​នៅ​ឡើយ​ទេ​។

ក្រុមហ៊ុន Virtue Resources និង​ក្រុមហ៊ុន VR Capital Holding Sdn. Bhd មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ​។

លោក ភីរុណ មិន​អាច​ផ្ដល់​ព័ត៌មាន​អំពី​ក្រុមហ៊ុន​នេះ ឬ​ប្រភព​មូលនិធិ​របស់​ខ្លួន​បាន​ទេ ដោយ​លើក​ឡើង​ថា វា​មិន​ស្ថិត​ក្រោម​យុត្តាធិការ MEF របស់​លោក​នោះ​ទេ​។

ប៉ុន្តែ ព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​ កាលពី​ថ្ងៃ​ម្សិលមិញ​ថា ក្រុមហ៊ុន​នេះ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​២​កាលពី​សប្ដាហ៍​មុន ដែល​កិច្ច​ព្រម​ព្រៀង​មួយ​មាន​តម្លៃ ​២០០​ លាន​ដុល្លារ ជាមួយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ពិភពលោក​ 3Ti Progetti Asia Ltd ហើយ​កិច្ច​ព្រម​ព្រៀង​ផ្សេង​ទៀត​មាន​តម្លៃ​ ៥០​ លាន​ដុល្លារ​ដើម្បី​ទិញ​ដី​ពី​ជនជាតិ​កម្ពុជា​ពីរ​រូប​គឺ​លោក ម៉ៅ វណ្ណី និង​លោក ឈុន បូនី​។

គម្រោង​នេះ​នឹង​ត្រូវ​បញ្ចប់​ពេញ​លេញ​ក្នុង​រយៈពេល​១០​ឆ្នាំ ហើយ​នឹង​ធ្វើ​ជា​មជ្ឈមណ្ឌល​កាស៊ីណូ​អន​ឡាញ​សម្រាប់​តំបន់​នេះ​។ នេះ​បើ​តាម​របាយការណ៍​។

ពេល​សួរ​ថា​ហេតុ​អ្វី​បាន​ជា​ក្រុមហ៊ុន​វៀតណាម​វិនិយោគ​ដ៏​ច្រើន​បែប​នេះ​ក្នុង​វិស័យ​កាស៊ីណូ​នៅ​កម្ពុជា​ខណៈ​ប្រទេស ​វៀតណាម​ កាលពី​ខែ​មករា ទើប​តែ​បាន​ដក​បម្រាម​ដែល​បាន​ហាម​ពលរដ្ឋ​ខ្លួន​ពី​ការ​លេង​ល្បែង​ក្នុង​ប្រទេស​នោះ លោក រស់ ភីរុណ ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​ ១០​ ឆ្នាំ​ នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​វាស់វែង​ពី​កំណើន​អនាគត​ក្នុង​ទីផ្សារ​នេះ​៕ LA

Source link

x

Check Also

CNRP official in Pursat in hit-and-run

CNRP President for Pursat province ...

លោកស្រី ពុង ឈីវកេក៖ សន្ដិភាព ​ត្រូវ​តែ​ផ្សារភ្ជាប់​ជាមួយ​នឹង​សិទ្ធិ​មនុស្ស

លោកស្រី ពុង ឈីវកេក (​កណ្ដាល​) សម្ដេចឪ ...