ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ បង្កើន​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​

ប្រភពពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា រយៈពេល​៣​ខែ​កន្លងទៅនេះ​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ សម្រុក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អ​ន្ទ្រ​ង តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ ឈ្មួញ​ឈ្មោះ ស្រេង ម៉េង ហៅ​ម៉េង​៣​ពូថៅ ត្រូវបាន​គេ​ដឹងថា ជា​មេការ​របស់​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ និង​ជា​អ្នក​កេណ្ឌ​ប្រជាពលរដ្ឋ​ឲ្យ​ចូល​ព្រៃ​កាប់​ឈើ ដឹកជញ្ជូន​មក​លក់​នៅក្នុង​ទីតាំង​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ យ៉ាង​រាលដាល​។ ចំណែក​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី និង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ឡើយ​។

ចំណែក​ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ថ្ងៃទី​០៧ ខែកុម្ភៈ រហូតមកដល់​ពេលនេះ​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ ប្រើប្រាស់​រថយន្ត​ធុន​ធំ​ប្រភេទ​វ៉េ​អង និង​ប្រភេទ​យី​ឌុប​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​អាជ្ញាប័ណ្ណ​គឺកំណត់​ឲ្យ​ក្នុង​រថយន្ត​១​គ្រឿង​អាច​ផ្ទុក​ឈើ​បាន​ត្រឹម​១៦​ទៅ​១៨​ម៉ែត្រគូប​ប៉ុណ្ណោះ ប៉ុន្តែ​ជាក់ស្ដែង​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ ផ្ទុក​ឈើ​ក្នុង​១​រថយន្ត​ពី​៥០​ទៅ​៦០​ម៉ែត្រគូប គឺ​ចំណុះ​រាប់សិប​តោន​។ លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ មិន​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​ស​កម្ម​ភាព​របស់​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ ដែល​កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន​នោះទេ​។

សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា មួយ​រយៈពេល​កន្លងទៅ​នេះ​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ប្រមាណ​រាប់រយ​រថយន្ត​ប្រភេទ​វ៉េ​អង និង​ប្រភេទ​យី​ឌុប​ចំណុះ​រាប់សិប​តោន​ដោយ​គ្មាន​ការរំខាន​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាល់តែសោះ​។ ជាងនេះទៅទៀត​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​កំពុង​បំពេញបេសកកម្ម​ក្នុង​ខេត្តក្រចេះ ក៏​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ដែរ ក្នុងខណៈដែល​ក្រុមហ៊ុន​លឹម​រ៉ូយ៉ាល់ កំពុង​បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ទាំងយប់​ទាំង​ថ្ងៃ​។ បញ្ហា​នេះ​អាចធ្វើ​ឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ចៀស​មិន​ផុតពី​សេចក្ដី​វិនាស​សាបសូន្យ​នាពេល​ឆាប់ៗ​ខាង​មុន​នោះឡើយ ព្រោះ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន ហើយ​មិន​ខ្វល់​ពី​រឿង​បង្ក្រាប​បទល្មើស​ព្រៃឈើ​តាម​តួនាទី​របស់ខ្លួន​នោះទេ​៕


Source link

x

Check Also

ឥទ្ធិពល​ឪពុកក្មេក ធ្វើ​ឲ្យ​លោក ជូ កុល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​

​ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ មួយចំនួន​បាន​ឲ្យ​ដឹងថា ដោយសារ​អាង​ឥទ្ធិពល​ឪពុកក្មេក​របស់ខ្លួន​ឈ្មោះ ឈុំ សុជាតិ ...

​បញ្ជូន​ក្រុម​ចាប់ជំរិត​តាម Internet ទាំង​៣៣​នាក់​ទៅ​តុលាការ​

​រាជធានី​ភ្នំពេញ ៖ ក្រុម​ចាប់ជំរិត​តាម​ប្រព័ន្ធ Internet ដែល​ជា​ជនជាតិ​ចិនតៃវ៉ាន់ ...