ការគាបសង្កត់​របស់​គណៈ​គ្រប់គ្រង​ផ្សារទំនើប​សូរិយា កំពុង​ធ្វើ​ឲ្យ​ក្រុមអាជីវករ​បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​

​ប្រភពពី​ក្រុមអាជីវករ​លក់ដូរ​ក្នុង​ផ្សារ​សូរិយា បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​គណៈ​គ្រប់គ្រង​ផ្សារ​សូរិយា បានដាក់​ចេញ​នូវ​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង​និង​នីតិវិធី​សម្រាប់​អ្នក​ជួល​ទីតាំង ដែលជា​កត្តា​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការប្រកប​អាជីវករ​ប្រចាំថ្ងៃ​។ នៅក្នុង​សេចក្ដីជូនដំណឹង​ស្ដី​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង​ចុះ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៧ ដែលមាន​ចុះហត្ថលេខា​ដោយ​លោក ថាប់ រិទ្ធី បាន​តម្រូវ​ឲ្យ​អាជីវក​របើក​អាជីវកម្ម​នៅ​ម៉ោង​៩-០០​នាទី​ព្រឹក និង​បិទ​អាជីវកម្ម​នៅក្រោម​ម៉ោង​៩-០០​នាទី​យប់​ជា​រៀងរាល់ថ្ងៃ​។ បទបញ្ជា​បែបនេះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដោយ​ក្រុមអាជីវករ ព្រោះ​ការលក់ដូរ​ទំនិញ​ក្នុង​ផ្សារ​សូរិយា​បច្ចុប្បន្ននេះ​ត្រូវ​ប្រឈម​នឹង​ការលំបាក ព្រោះ​ពុំ​សូវ​មាន​អតិថិជន​ទិញ​ទំនិញ​ច្រើន​ដូច​កាលពីមុន​នោះទេ​។

ទាក់ទង​នឹង​បញ្ហា​នេះ​ក្រុមអាជីវករ​លក់ដូរ​ទំនិញ​នៅ​ផ្សារ​សូរិយា បាន​លើក​ពី​ហេតុផល​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ពួកគាត់​កំពុង​ប្រឈម​នឹង​ការលំបាក​យ៉ាងខ្លាំង ព្រោះ​គណៈ​គ្រប់គ្រង​ផ្សារ​សូរិយា​បាន​បង្ក​ការលំបាក​យ៉ាងខ្លាំង​ដល់​ក្រុមអាជីវករ ជាពិសេស​នៅពេល​បើកទ្វារ​ផ្សារ​និង​ពេល​បិទទ្វារ​ផ្សារ​។ ដូច្នេះ​ហេតុ​ទើប​ក្រុមអាជីវករ​អំពាវនាវ​ឲ្យ​គណៈ​គ្រប់គ្រង​ផ្សារ​សូរិយា ពិនិត្យឡើងវិញ​ចំពោះ​បទបញ្ជា​របស់ខ្លួន​ដែល​គាបសង្កត់​ហួសហេតុ​ទៅលើ​អាជីវករ ក្នុងខណៈដែល​មិនសូវមាន​អតិថិជន​មក​ទិញ​ទំនិញ​ក្នុង​ផ្សារ​សូរិយា​ច្រើន​ដូច​កាលពីមុន​ទៀត​។ ជាពិសេស​អាជ្ញាធរ​ខណ្ឌ​ដូនពេញ និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ គួរពិនិត្យមើល​ភាពមិនប្រក្រតី​នៃ​ទង្វើ​របស់​គណៈ​គ្រប់គ្រង​ផ្សារ​សូរិយា​ផងដែរ ព្រោះ​ពួកគេ​កំពុង​ប្រើ​វិធី​ជំរិត​យកលុយ​ពី​អាជីវករ​យ៉ាង​គឃ្លើន​។ បើ​មិន​ដូច្នេះ​ទេ​គណៈ​គ្រប់គ្រង​ផ្សារ​សូរិយា​ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ប្រាកដជា​ប្រើ​អំណាច​គាបសង្កត់​លើ​អាជីវករ​ស្រេច​តែ​អំពើ​ចិត្ត​ជាមិនខាន​។

​ប្រភពពី​ក្រុមអាជីវករ​ជួល​តូប​លក់ដូរ​ក្នុង​ផ្សារ​សូរិយា បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០១៨ ពួកគាត់​បានធ្វើ​សំណើ​ទៅ​អគ្គនាយក​ផ្សារ​ទំនើប​សូរិយា ដោយ​សុំ​បើក​អាជីវកម្ម​នៅ​ម៉ោង​៩-០០​នាទី​ព្រឹក និង​បិទ​អាជីវកម្ម​នៅ​ម៉ោង​៨-០០​យប់​។ ក្រុមអាជីវករ​បានលើកឡើង​ថា កាលកំណត់​ឲ្យ​បើក​តូប​នៅ​ម៉ោង​៩-០០​នាទី​ព្រឹក គឺជា​ម៉ោង​សមរម្យ​ដែល​អាច​ទទួលយកបាន ប៉ុន្តែ​ចំពោះ​ការកំណត់​ឲ្យ​បិទតូប​យ៉ាងហោចណាស់​ត្រឹម​ម៉ោង​៩-០០​យប់ គឺ​មិនអាច​ទទួល​បានទេ​ដោយហេតុថា ម៉ោង​ដែល​បានកំណត់​នេះ មាន​លក្ខណៈ​យប់​ពេក​ហើយ​ម្យ៉ាងទៀត​បច្ចុប្បន្ន​ផ្សារ​ទំនើប​សូរិយា​ក៏​មិនមាន​អតិថិជន​ច្រើន​រហូតដល់​ម៉ោង​៩-០០​យប់នោះ​ឡើយ​។

សំណើ​របស់​ក្រុមអាជីវករ​ដូចខាងលើ​នេះ ត្រូវបាន​គណៈ​គ្រប់គ្រង​ផ្សារ​ទំនើប​សូរិយា​ច្រានចោល ហើយ​ចេញ​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៨ ដោយ​រក្សា​បទបញ្ជា​ចុះ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៧ ឲ្យ​នៅ​ដដែល​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​អាជីវករ​លក់ដូរ​នៅ​ផ្សារ​សូរិយា បញ្ចេញ​ប្រតិកម្ម​យ៉ាងខ្លាំង​ហើយ​រិះគន់​ចំៗ​ទៅលើ​សេចក្ដីជូនដំណឹង​របស់​គណៈ​គ្រប់គ្រង​ផ្សារ​សូរិយា​ដែល​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​មិន​គិតពី​ផលវិបាក​របស់​ក្រុមអាជីវករ​។ ក្រុមអាជីវករ​ខ្លះ​បាន​លើកឡើងថា ផ្សារ​ទំនើប​សូរិយា​ពិតជា​ទំនើប​មែន ព្រោះ​បើ​អាជីវករ​បិទតូប​មុនពេល​កំណត់​៤​នាទី និង​ក្រោយពេល​កំណត់​៤​នាទី​ត្រូវ​ផាក​១០​ដុល្លារ​។ ជាងនេះទៅទៀត​គេ​បិទទ្វារ​មុខ​ហើយ​អាជីវករ​បើកឡាន​ចេញ​ទំរាំ​ដល់​ក្រោម​ពេលខ្លះ​ត្រូវ​កកស្ទះ​រាប់​ម៉ោង​ក៏មានដែរ​។

អាជីវករ​មួយចំនួន​បាន​ត្អូញត្អែរថា ម៉ោង​៩​ព្រឹក​ទើប​គេ​បើកទ្វារ​ឲ្យ​អាជីវករ​ចូល​លក់ដូរ ធ្វើ​ឲ្យ​មានការ​ប្រជ្រៀត​គ្នា​យ៉ាង​លំបាក​ខ្លាច​ហួស​ម៉ោង​កំណត់ ហើយ​ពេល​បិទ​វិញ​ក៏​ដូចគ្នា​ព្រោះ​បើ​ហ៊ាន​បិទ​មុន​ត្រូវគេ​ផាក​ម្តង​១០​ដុល្លារ​យ៉ាង​គឃ្លើន​តែម្តង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ផ្សារ​សូរិយា​បច្ចុប្បន្ន​ត្រឹម​ម៉ោង​៧​យប់​ទៅ​ម៉ោង​៧-៥០​នាទី គឺ​គ្មាន​មនុស្ស​ដើរ​ទិញ​ទំនិញ​ដូច​ពីមុន​ទៀត​ទេ ហើយ​បើ​អាជីវក​រណា​ហ៊ាន​បិទតូប​មុន​ម៉ោង​៩​យប់​ត្រូវគេ​ពិន័យ​តាម​អំពើ​ចិត្ត​។ បញ្ហា​នេះ​លោក ឃួ​ង ស្រេង ដែលជា​អភិបាល​រាជធានី​ភ្នំពេញ គួរពិនិត្យមើល​ពី​បញ្ហាលំបាក​របស់​ក្រុមអាជីវករ​លក់ដូរ​នៅ​ផ្សារ​សូរិយា​ផងដែរ ព្រោះ​គណៈ​គ្រប់គ្រង​ផ្សារ​មួយ​នេះ​កំពុង​គាបសង្កត់​អាជីវករ​យ៉ាង​កំរោល​បំផុត​៕

26793399_1780272715601636_85141580_n 26914287_1780272712268303_342470168_n

26794087_1780272945601613_221257738_n 26803735_1780272948934946_298566075_n 26794036_1780272952268279_671372088_n

Source link

x

Check Also

ព្រឹទ្ធសភា​នឹង​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៅ​ដើម​សប្តាហ៍​ក្រោយ​

រាជធានី​ភ្នំពេញ ៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ...

រន្ធត់ ! សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល នៅ​សង្កាត់​ជើងឯក​

រាជធានី​ភ្នំពេញ ៖ សង្ស័យ​ករណី​ឃាតកម្ម​វាយ​សម្លាប់ ដោយ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់មាន​ស្នាមរបួស​បែកក្បាល បង្ក​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ ...